ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ស្ដារ​គម្រប​ព្រៃ​បៃតងឆ្នាំ​២០២៥ មេព្រៃ​ឈើ​ត្រៀម​កូន​ឈើ​រាប់​ពាន់​ដើម​ដាំ​ស្តារ​ព្រៃឈើ​ឡើង​វិញ

17 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ប្រភេទ​កូន​ឈើ កម្រ និង​ប្រណិត គ្រញូង​, ធ្នង់​, បេង ជាដើម​មាន​ចំនួន​រាប់​ម៉ឺន​កូន ត្រូវ​បាន​បណ្ដុះ​នៅ​ក្នុង​ថ្នាល​បរិវេណ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ ប្រភេទ​កូន​ឈើ កម្រ និង​ប្រណិត គ្រញូង​, ធ្នង់​, បេង ជាដើម​មាន​ចំនួន​រាប់​ម៉ឺន​កូន ត្រូវ​បាន​បណ្ដុះ​នៅ​ក្នុង​ថ្នាល​បរិវេណ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​ត្រៀម​ចែក​ជូន​ទៅ​តាម​តំបន់​សហគមន៍​ព្រៃឈើ​រិច​រិល និង​រង​ពី​ការ​កាប់​បំផ្លាញ​ខុសច្បាប់ ដើម្បី​ប្រែក្លាយ​តំបន់​ទាំងនោះ​ឱ្យទៅ​ជា​តំបន់​ពណ៌​បៃតង​ឡើង​វិញ ។

បើ​តាម​លោក ហ៊ុន សំ​អឿ​ន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​និយាយ​ថា កាល​ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ បាន​រៀបចំ​ថ្នាល​បណ្តុះ​កូន​ឈើ​មាន​ទទឹង​ប្រវែង ១០​ម៉ែត្រ និង​បណ្តោយ ២០​ម៉ែត្រ ដែល​អាច​បណ្តុះ​កូន​ឈើ​បាន​ចំនួន​១៧.០០០​កូន រួម​មានកូន​ឈើ​គ្រញូង​, បេង​, ធ្នង់​, ឈើទាល និង​កកោះ​។ ហើយ​បច្ចុប្បន្ន​កូន​ឈើ​ពូជ​ទាំងនោះ ត្រូវ​បាន​មើលថែ ដោយ​យកចិត្ត​ទុល​ដាក់​ពី​មន្ត្រី​ជំនាញ និង​កំពុង​មានការ​លូតលាស់​ល្អ​ផង​ដែរ ។

លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៥​នេះ កូន​ឈើ​៨​ពាន់​ដើម បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ហើយ ដើម្បី​ចែក​ជូន​នៅ​តាម​តំបន់​សហគមន៍​ព្រៃឈើ​រិច​រិល និង​តំបន់ ដែល​បាន​ដកហូត​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ។ ហើយ​សម្រាប់​ឆ្នាំ​២០២៥​នេះ​ជាដំបូង​មានព្រៃ​សហគមន៍ ចំនួន​២​កន្លែង ដែល​ជាប់​ជា​អតិ​ភាព ដើម្បី​ទទួលយក​ពូជ​កូន​ឈើ​ទៅ​ដាំ គឺ​សហគមន៍​ព្រៃឈើ​ព្រៃ​តា​ម៉ៅ​ស្ថិត​នៅ​ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​សហគមន៍​ព្រៃឈើ​ព្រៃ​តា​គង់ នៅ​ភូមិ​ច្រប់​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ស្ថិត​ក្នុង​គម្រោង​រេ​ដ​បូក​មេគង្គ ជំហាន​ទី​១​ខេត្តស្ទឹងត្រែង ដែល​មាន​ប្រភព​ថវិកា បាន​មក​ពី​អង្គការ AfoCo ប្រទេស​កូរ៉េ ដោយ​មានការ សម្របសម្រួល​ពី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល ។​ហើយ​ជាមួយ​នោះ ក៏​មានការ​គាំទ្រ​ដៃគូ​ជាមួយ​ខាង​អង្គការ​សេ​ប៉ា ប្រចាំ​ខេត្តស្ទឹងត្រែង ផង​ដែរ ។ គម្រោង​ទាំងនេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចំណុះ​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ផ្ដោត​សំខាន់​ក្នុង​ការ​ស្តារ​ព្រៃឈើ ដែល​បាត់បង់​ទៅ ឱ្យ​ប្រែ​ក្លាយទៅជា​គម្រប​ព្រៃ​ពណ៌​បៃតង​ឡើង​វិញ ។

លោក ហ៊ុន សំ​អឿ​ន មាន​ក្តី​រំពឹង​ថា ក្រោយ​ពី​ការ​បណ្ដុះ​កូន​ឈើ សម្រេច​ជា​លទ្ធផល​បាន​ជោគជ័យ​ល្អ ហើយ​ការ​ដាំ​ដុះ​ស្តារ​ព្រៃឈើ​ឡើង​វិញ នៅ​ក្នុង​គម្រោង​រេ​ដ​បូក​មេគង្គ ជំហាន​ទី​១ ខេត្តស្ទឹងត្រែង នឹង​ទទួល​បាន​លទ្ធផល​ល្អ និង​អាច​បន្ត​ខិតខំ​អនុវត្ត​ជំហាន​បន្តបន្ទាប់​ថែម​ទៀត ។

ពិត​ណាស់​ព្រៃឈើ បាន​ផ្តល់​ផលប្រយោជន៍​ជា​ច្រើន គឺ​ជួយ​ទប់ស្កាត់​ការ​បម្រែបម្រួល​អា​អាស​ធាតុ​នៅ​លើ​ផែនដី ការ​ទាញ​យក​កាបូន ស្រូប​យកជាតិ​ពុល​បញ្ចេញ​ឧ​ស៊ី​ហ្សែ​ន និង​ការ​ផ្តល់​ជា​ម្លប់​ដល់​មនុស្ស សត្វ ។ អាច​ជួយ​ទប់ស្កាត់​ការ​ហូរ​ច្រោះ​បាក់​ដី​ពី​គ្រោះ​ធម្មជាតិ និង​ជួយ​បង្កើត​ជីជាតិ លើ​ស្រទាប់ដី​យ៉ាង​ល្អ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា សម្រាប់​ឆ្នាំ​២០២៥ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ គ្រោង​ដាំ​កូន​ឈើ​ចំនួន​៨,០០០​កូន លើ​ផ្ទៃដី​២០​ហិ​កតា​និង​នៅ​ឆ្នាំ​២០២៦ គ្រោង​ដាំ​ចំនួន​២​ពាន់​កូន លើ​ផ្ទៃដី​១០​ហិ​កតា​បន្ថែម​ទៀត​។ ចំណែក​កូន​ឈើ ដែល​សេសសល់​ផ្សេង​ទៀត រដ្ឋបាល​ព្រៃឈើ​មាន​គម្រោង​ចែក​ជូន​ទៅ​ដល់​ស្ថាប័ន អង្គភាព មន្ត្រីរាជការ សាលារៀន វត្ត​អារាម និង​តាម​ដងផ្លូវ​ទីផ្សារ​ធារ​ណៈ ព្រមទាំង​ចែក​ជូន​ទៅ​ប្រជាពលរដ្ឋ​ដើម្បី​ដាំ​ដុះ​ជា​ម្លប់​ជា​ប្រយោជន៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ