រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ មានការផ្ទុះការចាប់អារម្មណ៍ខ្លាំង និងវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីមានការចែករំលែកវីដេអូលើបណ្តាញសង្គមបង្ហាញថា មានស្ត្រីអ្នកជំនួញអនឡាញរូបនោះ និងស្វាមីជាឧកញ៉ា បានទៅចូលរួមពិធីមង្គលការមួយនៅខេត្ត ដោយមានរថយន្តស៊ីរ៉ែន បំពាក់ស្លាកលេខខ.ម បើកផ្លូវ នាំមុខជូន នៅលើផ្លូវជាតិលេខ៥ ។
ក្រោយផ្ទុះរឿងរ៉ាវនេះឡើង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាភ្លាមៗ ឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់យករថយន្តស៊ីរ៉ែននោះ ដោយលោកនាយឧត្តមសេនីយ៍មានប្រសាសន៍ថា ៖ «សូមឆែកមើល ជាមួយអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ លេខហ្នឹងបំពាក់ឱ្យរថយន្តរបស់អង្ភភាពណា ? ឬមួយលេខក្លែងក្លាយ ត្រូវតាមរកឡានហ្នឹងតែម្តង ! របស់អ្នកក៏ដោយ ចាប់យកមកទុកម្តុំ អត់ទាន់ដោះស្រាយ យកមកទុកសិន យកផ្លាកលេខកងទ័ពទៅប្រើខូចកងទ័ពអស់ហើយ វាទៅដើរអូសពួកផ្សព្វផ្សាយឡេអីចឹង ងាប់អស់ហើយ !» ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បន្តថា ៖ «កងទ័ពអស់តម្លៃរាល់ថ្ងៃ ពីណាក៏ដោយ ផ្កាយប៉ុន្មានក៏ដោយ យកមកទុកសិន ហើយប្រាប់ថា «ខ្ញុំអ្នកឱ្យចាប់» ធ្វើតាមច្បាប់ យកមកទុកសិន បើមានពីណាអន្តរាគមន៍ មកពីណា ប្រាប់ឱ្យមកនិយាយជាមួយខ្ញុំ ! ពីណាក៏ដោយ ចាត់ចែងភ្លាម! បើមិនចឹង កងទ័ពយើងខូចឈ្មោះអស់ហើយ ឡឺឡឺៗឱ្យតែគេឱ្យលុយ ស្អីក៏ធ្វើដែរ តិចទៀតវាកាត់ក្បាលយើង ពួកអាហ្នឹងឱ្យតែឃើញតែលុយ អត់ស្គាល់ងាប់!» ។
បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ស្លាកលេខ ខេមរភូមិន្ទលេខ ០៩ 2-1871 រួចមក អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអោយដឹងថា រថយន្តដែលជិះបើកផ្លូវឱ្យក្បូនឡានអ្នកលក់អនឡាញនោះ មិនមែនជារថយន្តរបស់អាវុធហត្ថទេ ដោយពេលនេះ កងកម្លាំង កំពុងសហការជាមួយក្រសួងការពារជាតិ ដើម្បីតាមស្វែងរកហើយ ។
អ្នកនាំពាក្យ បានឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះថា ៖ «រថយន្តនោះ មិនមែនជារបស់កងរាជអាវុធហត្ថទេ! ព្រោះវាជា ខ.ម ០២។ របស់អាវុធហត្ថ ខ.ម ០៩ នេះជាជំហានទី១ ដែលយើងឆែកក្នុងបញ្ជីអាវុធហត្ថគឺអត់មានទេ» ។
គួរឱ្យដឹងថា យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ អ្នកដែលមានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស និងសំឡេងស៊ីរ៉ែនហែរអមក្បួន គឺមានតែក្បូនព្រះទីនាំង ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៍ រថយន្តប្រធានព្រឹទ្ធសភា រថយន្តប្រធានរដ្ឋសភា និងរថយន្តនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ ៕










ចែករំលែកព័តមាននេះ