ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះប្រតិក.ម្មជុំវិញរដ្ឋាភិបាលឥណ្ឌូណេស៊ី ប្រកាសដំឡើងអាយុចូលនិវត្តន៍ដល់៥៩ឆ្នាំ

7 ម៉ោង មុន

ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចជាផ្លូវការ ដំឡើងអាយុចូលនិវត្តន៍សម្រាប់កម្មករនិយោជិតដល់ ៥៩ឆ្នាំ ដោយចាប់ផ្តើមពីដើមឆ្នាំ ២០២៥ តទៅ ដូចមានចែងក្នុងមាត្រា ១៥…

ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចជាផ្លូវការ ដំឡើងអាយុចូលនិវត្តន៍សម្រាប់កម្មករនិយោជិតដល់ ៥៩ឆ្នាំ ដោយចាប់ផ្តើមពីដើមឆ្នាំ ២០២៥ តទៅ ដូចមានចែងក្នុងមាត្រា ១៥ នៃបទប្បញ្ញត្តិរបស់រដ្ឋាភិបាលលេខ ៤៥/២០១៥ ស្តីអំពីការអនុវត្តកម្មវិធីសោធននិវត្តន៍។ គោលនយោបាយនេះមានបំណងដោះស្រាយបញ្ហាថ្លៃដើមនៃចំណាយលើការរស់នៅ និងរក្សាផលិតភាពកម្លាំងពលកម្ម។ នេះបើយោងតាមប្រភពពី Jakarta Globe ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

បទប្បញ្ញត្តិប្រទេសឥណ្ឌូណេស៊ី ដែលបានចេញក្នុងឆ្នាំ ២០១៥ កំណត់អាយុចូលនិវត្តន៍នៅអាយុ៥៦ឆ្នាំ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ អាយុចូលនិវត្តន៍ត្រូវបានដំឡើងដល់៥៧ឆ្នាំ ជាមួយនឹងផែនការដំឡើង១ឆ្នាំ រៀងរាល់៣ឆ្នាំម្តង រហូតដល់គោលដៅអតិបរមា ៦៥ឆ្នាំ។ ដូច្នេះបទប្បញ្ញត្តិថ្មីនេះ អាយុចូលនិវត្តន៍ដែលបានដំឡើងដល់៥៩ឆ្នាំ ចាប់ពីខែមករា ឆ្នាំ ២០២៥ នៅតែមានសុពលភាពដល់ឆ្នាំ ២០២៨។

អាយុចូលនិវត្តន៍បានធ្វើបច្ចុប្បន្នភាពក៏បម្រើជាឯកសារយោង សម្រាប់កម្មករនិយោជិតដែលបានចុះឈ្មោះជាមួយទីភ្នាក់ងាររដ្ឋបាលសន្តិសុខសង្គមការងារជាតិ ដើម្បីទាមទារអត្ថប្រយោជន៍សោធននិវត្តន៍របស់ពួកគេ។ ការដំឡើងអាយុចូលនិវត្តន៍បន្តិចម្តងៗ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការដោះស្រាយការផ្លាស់ប្តូរប្រជាសាស្រ្ត និងសេដ្ឋកិច្ច ដោយធានានូវនិរន្តរភាពប្រព័ន្ធសោធននិវត្តន៍ ស្របពេលលើកកម្ពស់សន្តិសុខហិរញ្ញវត្ថុនៃកម្លាំងពលកម្ម ដែលមានវ័យចំណាស់របស់ខ្លួន។

ទោះយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ បានបង្កឱ្យមានប្រតិកម្មជាច្រើនទាំងវិជ្ជមាន និងអវិជ្ជមាន ដោយអ្នកខ្លះទទួលយក និងខ្លះទៀតអំពាវនាវឱ្យមានការអនុវត្តវិធីសាស្រ្តដោយប្រុងប្រយ័ត្ន។ ជាក់ស្តែង បុគ្គលិកផ្នែកឯកជនម្នាក់ក្នុងចំណោមបុគ្គលិកជាច្រើនផ្សេងទៀត បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ ដោយបញ្ជាក់ថា អាយុ៥៩ឆ្នាំ នៅតែជាអាយុនៃផលិតភាពពលកម្មកម្មករនិយោជិតភាគច្រើន។ ការចំណាយលើការរស់នៅសព្វថ្ងៃនេះគឺថ្លៃណាស់ ដូច្នេះហើយការដំឡើងអាយុចូលនិវត្តន៍ជួយកម្មករនិយោជិតសម្រេចបានប្រាក់ចំណូលកាន់តែច្រើន។

ដោយឡែក លោក Achmad Nur Hidayat សេដ្ឋវិទូ និងអ្នកជំនាញគោលនយោបាយសាធារណៈមកពី UPN Veteran Jakarta បានលើកឡើងថា មិនមែនមានតែប្រទេសឥណ្ឌូណេស៊ីនោះទេ ដែលដំឡើងអាយុចូលនិវត្តន៍។ ជាក់ស្តែង ប្រទេសអាល្លឺម៉ង់ បារាំង ម៉ាឡេស៊ី និងសិង្ហបុរី ក៏បានដំឡើង និងកំណត់អាយុចូលនិវត្តន៍របស់ខ្លួនផងដែរ។

ទោះមានការប្រៀបធៀបទាំងនេះក៏ដោយ ក៏លោក Achmad បានព្រមានពីសារៈសំខាន់នៃការកែសម្រួលគោលនយោបាយទៅនឹងលក្ខខណ្ឌជាក់លាក់របស់ប្រទេសឥណ្ឌូណេស៊ី ពិសេសភាពខុសគ្នានៃអាយុសង្ឃឹមរស់ និងសុខុមាលភាពកម្លាំងពលកម្មបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។

លោកបានអះអាងថា «បើគ្មានវិធានការបន្ធូរបន្ថយត្រឹមត្រូវនោះទេ ការដំឡើងអាយុចូលនិវត្តន៍អាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានច្រើនជាងអត្ថប្រយោជន៍។ គោលនយោបាយគួរតែគិតគូរពីបញ្ហាប្រឈមដែលអាចកើតមានដោយផ្អែកលើវ័យចំណាស់ ដូចជាបញ្ហាសុខភាព និងផលិតភាព ក៏ដូចជាផលប៉ះពាល់អាចកើតមានលើមនុស្សជំនាន់ក្រោយ ដែលកំពុងតស៊ូដើម្បីចូលទៅក្នុងវិស័យការងារ ដោយសារតែការបង្កើតទីផ្សារការងារយឺតជាងមុន។

ដើម្បីធានាបាននូវភាពជោគជ័យនៃគោលនយោបាយនេះ លោក Achmad បានផ្តល់អនុសាសន៍ជាវិធានការដូចជា កម្មវិធីបណ្តុះបណ្តាល ការធ្វើឱ្យប្រសើរឡើងលទ្ធភាពទទួលបានការថែទាំសុខភាពកម្មករនិយោជិតវ័យចំណាស់ រួមទាំងការបង្កើតឱកាសការងារថ្មីសម្រាប់ក្មេងជំនាន់ក្រោយ។ គន្លឹះគឺការស្វែងរកតុល្យភាពដើម្បីបញ្ចៀសជម្លោះនៅក្នុងសង្គម ក៏ដូចជាធានាថា គោលនយោបាយផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ