រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានក្រើនរំលឹកដល់មន្ត្រីក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ត្រូវចៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។
ការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ រួមជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ន ចំពោះក្នុងការលើកកម្ពស់ ការរស់នៅ ក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការចុះមកផ្ទាល់នៅម២ ជាមួយថ្នាក់ដឹកនាំក្រសួងទាំងពីរ គឺក្នុងគោលបំណងសំខាន់មួយទៀត គឺដើម្បីនាំយកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្តង ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ «មិនទុកនរណាម្នាក់ចោលឡើយ» ពោល ទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំងត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានសេវាសង្គមផ្សេងៗ។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំលឹកដល់មន្ត្រីនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗនៅក្នុងការបំពេញការងាររបស់ខ្លួន ដោយ ត្រូវចៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។
រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អដែលជាផ្នែកមួយនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។ ប្រធានគ.ស.ម.ក ក៏វាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំមានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យ សម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ និងមានសួនកម្សាន្តសម្រាប់កូនតាមម្តាយ ថែមទៀតផង៕
ចែករំលែកព័តមាននេះ