
ខេត្តកំពង់ឆ្នាំង ៖ ជុំវិញការបាត់ខ្លួនរបស់ស្ត្រីម្នាក់ កាលពីពេលកន្លងទៅ រហូតមកដល់ពេលនេះ អាជ្ញាធរភូមិឃុំ ក្នុងស្រុកកំពង់លែង នៅតែបន្តការរុករកយ៉ាងក្តៅគគុកដោយមិនបណ្ដែតបណ្ដោយឡើយ ។ ជាក់ស្ដែង កាលពីរសៀលថ្ងៃទី០៩ មករា ២០២៥ នេះ បើតាមការបញ្ជាក់ពីលោកមេឃុំថា នៅម៉ោង០២ រសៀលនឹងបន្តរុករកជាថ្មីម្ដងទៀត តែបើប្រើកម្លាំងតិចតាមជំនឿដែលគ្រូទាយបានទស្សន៍ទាយឱ្យ ។ សូមរំលឹកថា៖ ស្ត្រីម្នាក់ធ្លាប់បាត់ខ្លួន២លើកតែរកឃើញវិញ លុះលើកទី៣បាត់ជាង៣០ថ្ងៃរកអត់ឃើញ

សូមរំលឹកថា ស្ត្រីឈ្មោះឯក ឡូត អាយុ៤៣ឆ្នាំ មានកូន៤នាក់ មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ស្រុកកំពង់លែងបានបាត់ខ្លួនតាំងពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ មានរយៈពេលជាងមួយខែហើយ បើទោះបីអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋបានដាក់កម្លាំងជាច្រើនទៀតអ្នករុករកនៅចំណុចដែលបានបាត់ខ្លួនគឺភ្នំសំរ៉ង ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ព្រមជាមួយការលេងភ្លេងពិណពាទ្យថ្វាយអ្នកតា ដើម្បីបានឃើញស្ត្រីរូបនោះយ៉ាងណាក្តី ក៏មិនទាន់បានឃើញនៅឡើយ ។

លោក ប៊ុត សប្បាយ មេឃុំពោធិ៍ ស្រុកកំពង់លែង បានបញ្ជាក់ថា ការរុករករបស់ស្ត្រីខាងលើ គឺបានប្រើប្រាស់កម្លាំងរហូតដល់ជាង៦០នាក់ក្នុងមួយលើកៗ ដែលរកនៅចំណុចដែលស្ត្រីរូបនោះធ្លាប់បាត់ខ្លួន មានទំហំប្រមាណ៥ហិកតាប៉ុណ្ណោះ ។ នៅរសៀលថ្ងៃទី០៩ ខែមករា ២០២៥ នឹងដាក់កម្លាំងរកបន្តទៀតប៉ុន្តែគឺដាក់តិចតាមជំនឿដែលគ្រប់ទាយបានទស្សន៍ទាយ ។

ដោយឡែក លោក ហម ប៊ុនឈឿន អាយុ៤១ឆ្នាំ ដែលត្រូវជាប្ដីស្ត្រីបាត់ខ្លួនបានប្រាប់តាមទូរសព្ទនៅរសៀលថ្ងៃទី០៩ ខែមករា ថា ប្រពន្ធគាត់មិនមែនទើបតែបាត់ខ្លួន៣លើកទាំងលើកនោះទេ គឺធ្លាប់បាត់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែរាល់ពេលបាត់ខ្លួនម្ដងៗមានរយៈពេល៧ថ្ងៃ ឃើញត្រឡប់មកវិញ ម្ល៉ោះហើយទៅជារឿងធម្មតា ទើបមិនរាយការណ៍ប្រាប់ទៅសមត្ថកិច្ចនិងអាជ្ញាធរអោយបានដឹង។

បុរសជាប្ដីបានរៀបរាប់ថា ប្រពន្ធរបស់គាត់បានស្នងរូបបន្តពីអ៊ំស្រីឈ្មោះ លក សេក ដែលមានលោកគ្រូម្ចាស់ស្រុកជាអ្នកកាន់រូប លុះពេលអ៊ំស្រីស្លាប់ទៅប្រពន្ធរបស់គាត់បានស្នងរូបគ្រូ ម្ចាស់ស្រុកនោះបន្តទៀត។

ជុំវិញការបាត់ខ្លួនរបស់ប្រពន្ធ គឺពេលបាត់ម្ដងៗភាគច្រើននៅរៀងរាល់ថ្ងៃសីល និងពេលខ្លះគឺរដូវខែទឹកស្រក និងខែទឹកឡើង ។ រាល់ពេលបាត់ខ្លួនពេលត្រឡប់មកវិញ គឺពុំមានឃើញរលាត់ស្នាមកន្ទួលស្បែកអ្វីទេ ពេលហូបបាយបានពីរបីថ្ងៃមានកម្លាំងធម្មតា ។ ប្រពន្ធគាត់មិនចេះដើរលេងនៅផ្ទះអ្នកជិតខាងនោះទេ គាត់ដាំដំណាំនៅក្រោយផ្ទះ មើលថែកូនចៅ មិនមែនជាអ្នកលេងសើច ឬចេះរាំរែក ពេលមានបុណ្យទាន ឬការនោះទេ ប៉ុន្តែពេលគ្រូចូល គឺចេះរាំហើយរាំបានតែ៣បទប៉ុណ្ណោះ។

បុរសជាប្ដីបានរំលឹករឿងមួយកាលពីអំឡុងឆ្នាំណាមួយ ដែលគាត់មិនចាំគាត់បានយកប្រពន្ធរបស់គាត់ទៅមើលគ្រូ ជាព្រះសង្ឃនៅភូមិស្ទឹងជ្រៅ ក្នុងស្រុកបរិបូណ៌ កាលណោះ ដោយភ័យខ្លាចបាត់ប្រពន្ធ របស់គាត់ រូបគាត់បានចាក់សោដាក់ច្រវ៉ាក់ជើងជាប់នឹងជើងរបស់គាត់ជាប់គ្នា ព្រោះជាទម្លាប់នៅផ្ទះក៏គាត់ធ្លាប់ចាក់ច្រវ៉ាក់ជើងប្រពន្ធគាត់ដែរ នៅពេលដែលសង្ស័យថា ដល់ពេលដែលប្រពន្ធគាត់ត្រូវបាត់ខ្លួន។

ថ្ងៃនោះម៉ោងប្រហែល១រំលងអធ្រាត្រ ស្រាប់តែបាត់ប្រពន្ធគាត់តែម្ដង សូម្បីតែសោក៏មិនរបើកដែរ ពិតជាឆ្ងល់ខ្លាំងណាស់ ។ យប់នោះ ទោះបីគាត់ខំរកយ៉ាងណា ក៏រកមិនឃើញហើយធ្វើឲ្យមានការព្រួយបារម្ភទៅទៀត ព្រោះសុវត្ថិភាពនៅទីនោះមិនល្អនោះទេ ដោយសារតែប្រជាពលរដ្ឋបានដាក់រាយខ្សែភ្លើងឆក់កណ្ដុរ ពេញដីស្រែ ដើម្បីការពារដំណាំស្រូវប្រាំង ។

អ្វីដែលស្មានមិនត្រូវនោះ ប្រពន្ធគាត់មិនត្រូវបានឆក់និងខ្សែភ្លើងខ្វែងខ្វាត់ក្នុងស្រែនោះទេ ថែមទាំងដើរឆ្លងទន្លេមិនទទឹកខោអាវទៀតផង ។ នៅរសៀលថ្ងៃបន្ទាប់មានភ្លៀងខ្លាំង ស្រាប់តែគេឃើញប្រពន្ធរបស់គាត់ចេញពីក្នុងព្រៃមកវិញ ដែលព្រៃមានទំហំប្រមាណតែ២សិនប៉ុណ្ណោះ ។

បុរសជាប្ដីដែលកំពុងតែព្រួយបារម្ភពីការបាត់ខ្លួនរបស់ស្ត្រីជាប្រពន្ធ សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកមេភូមិ លោកមេឃុំ ប្រជាពលរដ្ឋដែលបានខ្នះខ្នែងជួយរកប្រពន្ធគាត់ អស់អំពីកម្លាំងកាយចិត្តនិងនៅតែព្រួយបារម្ភនិងជួយរកបន្តទៀត។

អាចចាត់ទុកថា ជារឿងចម្លែកមួយដែរ ដែលស្ត្រីម្នាក់តែងតែបាត់ខ្លួនរាល់ថ្ងៃសីលរយៈពេលមួយសប្តាហ៍ ឬក៏ជាងកន្លះខែ លុះពេលត្រឡប់មកវិញពុំមានរបួសស្នាម ឬកន្ទួល ដោយមុសខាំសុខភាពនៅធម្មតា ពេលហូបបាយបានមួយថ្ងៃពីរថ្ងៃក៏វិលត្រឡប់ជាមានសុខភាពដូចដើម ហើយធ្វើការដាំដំណាំបានដូចមនុស្សធម្មតាវិញ ។

ប៉ុន្តែការបាត់ខ្លួនលើកចុងក្រោយនេះ គឺមានរយៈពេលជាងមួយខែ ទើបធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្ភក្រៃលែង៕




ចែករំលែកព័តមាននេះ