ប្រភពព័ត៌មានបានអោយដឹងថា មកដល់ឆ្នាំ២០២៤កន្លងទៅ អាជ្ញាធរកម្ពុជាបានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូសរុបចំនួន១៩៥ ប៉ុន្តែអាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតមកវិញចំនួន១, ព្យួរចំនួន១ និងផុតសុពលភាពចំនួន១៥ ដូច្នេះនៅសល់ត្រឹម១៧៨ កន្លែង ជាមួយនឹងចំណូលពន្ធសរុបប្រមាណជា៦៣លានដុល្លារ កើនឡើងចំនួន៨៥ភាគរយធៀបនឹងឆ្នាំ២០២៣ ។
ប្រៀបនឹងបរិមាណកាស៊ីណូ និងចំណូលពន្ធកាតព្វកិច្ចពីវិស័យកាស៊ីណូដែលកម្ពុជាអាចទទួលទឹកប្រាក់ទំហំនេះបានតិចនៅឡើយ ដែលតម្រូវឲ្យកម្ពុជា គួរតែគិតពិចារណាឡើងវិញ អំពីអនាគតនៃការវិនិយោគលើឧស្សាកម្ម និងសេវាកម្មប្រភេទនេះ ស្របពេលដែលអនាគតការវិនិយោគលើកាស៊ីណូនេះកាន់តែមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីប្រទេសជិតខាង ។
ពីមុននៅវៀតណាម និងថៃ មិនមានកាស៊ីណូទេ ប៉ុន្តែនៅពេលនេះវៀតណាមកំពុងតែដំណើរការ ហើយថៃកំពុងតែដាក់ផែនការកសាងដែរ ។
តាមសេចក្តីរាយការណ៍របស់ VietnamNet បានឲ្យដឹងថា ប្រទេសសង្គមនិយមក្បែរខាងកម្ពុជាបច្ចុប្បន្ននេះមានកាស៊ីណូ៩កន្លែង នៅកោះភូគុក មិនឆ្ងាយពីកំពត និងកែប និង ស្រុក វាន់ឌុង (Van Don) នៅក្នុងខេត្តក្វាងនិញ (Quảng Ninh) ហើយកាស៊ីណូនៅទីនោះធំទំនើបហើយស្អាត មានភាពទាក់ទាញ ហើយសំខាន់ជនជាតិវៀតណាមក៏នៅពេលនេះអាចទៅលេងនៅកាស៊ីណូទាំងនោះបានដែរ ។
សម្រាប់ថៃវិញ ក៏កំពុងតែប្រែក្លាយកាស៊ីណូទៅជាការវិនិយោគស្របច្បាប់ដែរ ដោយមានគម្រោងកសាង កាស៊ីណូរហូតដល់៧កន្លែងនៅបាងកក ជាមួយនឹងក្តីរំពឹងថា នឹងអាចរកចំណូលចូលរដ្ឋាភិបាលសរុបដល់ទៅ៩ពាន់លានដុល្លារឯណោះសម្រាប់រដ្ឋាភិបាលថៃ ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃមួយចំនួន ។
សម្រាប់ហ្វីលីពីន ដែលកំពុងតែប្រតិបត្តិការកាស៊ីណូស្របច្បាប់ស្រាប់ដូចជា កម្ពុជាវិញ មានសេចក្តីរាយការណ៍ពី Reuter ថា ប្រទេសនេះគ្រោងនឹងបណ្តាក់ទុនរហូតដល់ទៅ៦ពាន់លានដុល្លារ នៅក្នុងវិស័យកាស៊ីណូនេះ នៅក្នុងរយៈពេល៥ ឆ្នាំ នៅក្នុងគោលបំណងដើម្បីទាញយកចំណូលពីវិស័យនេះ ប្រមាណជាពី៨ទៅ៩ ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៧ទៅ ៕
ចែករំលែកព័តមាននេះ