រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបាន អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចកម្ពុជានឹងបញ្ជូនជនសង្ស័យបាញ់សម្លា.ប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅឱ្យសមត្ថកិច្ចថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជា បញ្ចប់នីតិវិធី ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់អំពីករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរ៉ន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ ។
ប្រភពខាងលើបាន ឱ្យដឹងបន្ថែមថា បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃ បានធ្វើការស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា ។
ផ្អែកតាមសំណូមពរ ស្នើសុំកិច្ចសហការ និងព័ត៌មាន ដែលបានផ្ដល់ដោយនគរបាលភូមិន្ទថៃ សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣:៥០នាទី សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
បច្ចុប្បន្នជនសង្ស័យរូបនេះ បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី។ ជនសង្ស័យរូបនេះ នឹងត្រូវបញ្ចូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជា បញ្ចប់នីតិវិធី ៕
ចែករំលែកព័តមាននេះ