ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំព្រមានចាត់វិធានការក្ដៅដើម្បីគ្រប់គ្រងព្រែកជីកប៉ាណាម៉ា។ ក្នុងនោះរួមទាំងការត្រៀមប្រើកម្លាំងយោធាផងដែរបើប៉ាណាម៉ានៅតែធ្វើខ្លាំងដាក់អាមេរិក។ ចំណែកកោះហ្គ្រីនលែននៅដាណឺម៉ាកក៏ដូចគ្នាដែរ។ លោកត្រាំចង់បានទីតាំងភូមិសាស្ត្រទាំង២នេះដើម្បីពង្រីកឥទ្ធិពលរបស់អាមេរិកនៅក្នុងសករាជដែលលោកគ្រប់គ្រងប្រទេស។
នៅពេលអ្នកសារព័ត៌មានសាកសួរថាតើលោកមានអ្វីផ្ដាំផ្ញើទៅពិភពលោកថាលោកនឹងមិនប្រើវិធានការសេដ្ឋកិច្ច ឬយោធាដើម្បីកាន់កាប់ព្រែកជីកប៉ាណាម៉ា និងកោះហ្គ្រីនលែន? លោកត្រាំតបថា «អត់ទេ! លោកមិនអាចធានាថាមិនប្រើវិធានការទាំង២នេះទេ។ លោកសូមនិយាយដោយខ្លីថាអាមេរិកត្រូវការទីតាំងទាំង២នេះដើម្បីធានាការរីកចម្រើននៃសេដ្ឋកិច្ចជាតិ»។
ការប្រើប្រាស់វោហារសាស្ត្រធ្ងន់ៗនេះចំពេលលោកដាក់ចេញរបៀបវារៈបែបវាតទីនិយមជាបណ្ដើរៗមុនពេលស្បថចូលកាន់តំណែង។ លោកត្រាំមិនលាក់លៀមទេនូវមហិច្ឆតាចង់យកប្រទេសកាណាដាដាក់ជាទឹកដីរបស់អាមេរិក។ បើដូច្នេះមែន អាមេរិក និងកាណាដាសុរបចូលគ្នាប្រហាក់ប្រហែលនឹង២០លានគីឡូម៉ែត្រការ៉េ ឬ២០%នៃផ្ទៃដីសរុបនៅទូទាំងពិភពលោក។
លោកត្រាំធ្លាប់រិះគន់ការដែលអាមេរិកបន្តចំណាយលុយខ្ជះខ្ជាយទិញទំនិញរបស់កាណាដា និងគាំទ្រកាណាដាផ្នែកយោធាក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត។ លោកត្រាំព្រមានដំឡើងពន្ធគយទៅលើទំនិញរបស់ដាណឺម៉ាកឱ្យបានខ្ពស់បំផុតបើមិនលក់កោះហ្គ្រីនលេនមកឱ្យអាមេរិកទេ។ កោះនេះត្រូវលោកត្រាំចិញ្ចឹមចិត្តចង់ទិញយកតាំងពីអាណត្តិទី១មកម៉្លេះ។
លោកត្រាំយល់ថាហ្គ្រីនលេនជាដែនដីសំខាន់ក្នុងការពង្រឹងសន្តិសុខជាតិអាមេរិក។ ប៉ុន្តែមេដឹកនាំដាណឺម៉ាកធ្លាប់ប្រកាសរួចហើយនេះមិនមែនសម្រាប់លក់ទេ។ តបទៅនឹងគំរាមកំហែងនេះ រដ្ឋាភិបាលប៉ាណាម៉ាចាប់ផ្ដើមឆ្លើយតបជាបណ្ដើរៗហើយ។ រដ្ឋមន្ត្រីការបរទេសប្រទេសនេះ លោកសាវីយេ ម៉ាទីនេ អាឆា (Javier Martinez-Acha) បញ្ជាក់ជាថ្មីថារដ្ឋាភិបាលរបស់លោកប្ដេជ្ញាតស៊ូរហូតដល់ដំណាក់កាលចុងក្រោយត្រូវតែបន្តគ្រប់គ្រងព្រែកនេះឲ្យបានទោះនៅក្នុងតម្លៃណាក៏ដោយ។
សូមរំលឹកថាកាលពីអតីតកាលប្រទេសដទៃធ្លាប់មានប្រវត្តិលក់តំបន់ខ្លះទៅឱ្យអាមេរិករហូតដល់អាមេរិកពង្រីកទឹកដីរបស់ខ្លួនធំរហូតដល់សព្វថ្ងៃនេះដែលមានផ្ទៃក្រឡាជាង៩លានគីឡូម៉ែត្រការ៉េ។ ធ្លាប់ជាប្រទេសដែលមានរដ្ឋចំនួន១៣នៅតាមមហាសមុទ្រអាត្លង់ទិច អាមេរិកបានទិញ, វាយយក ឬត្រូវប្រទេសដទៃស្នើសុំចូលជាប្រទេសតែមួយជាមួយអាមេរិក។
ឆ្នាំ១៨៦៧ អាមេរិកទិញដែនដីអាឡាស់ស្កាពីរុស្ស៊ី, ឆ្នាំ១៨០៣ អាមេរិកទិញដែនដីលូស៊ីអាណា (Louisiana) ដែលមានទំហំជាង២លានគីឡូម៉ែត្រការ៉េពីអធិរាជណាប៉ូឡេអុងរបស់បារាំង, ឆ្នាំ១៨១៩ អាមេរិកទិញរដ្ឋផ្លរីដាពីអេស្ប៉ាញ, រដ្ឋតិចសាសន៍កាលពីមុនជាប្រទេសមួយ។ ប៉ុន្តែដោយសារកុងគ្នាខ្លាំងជាមួយម៉ិកស៊ីកូ តិចសាសន៍ក៏សម្រេចចូលគ្នាជាទឹកដីតែមួយជាមួយអាមេរិក។ កោះហាវ៉ៃក៏ដូចគ្នា។ ហាវ៉ៃកាលពីមុនជាព្រះរាជាណាចក្រហាវ៉ៃ ហើយក្រោយមកដាក់បញ្ចូលជាទឹកដីអាមេរិក៕
ចែករំលែកព័តមាននេះ