រាជធានីភ្នំពេញ ប្តីប្រពន្ធមួយគូជាសន្តិសុខដូចគ្នា បានឈ្លោះប្រកែកគ្នា ពេលប្តីផឹកស៊ីស្រវឹង ក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក និងហែកសម្លៀកបំពាក់ប្រពន្ធទាំងខោទាំងអាវ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុរកសម្លៀកបំពាក់មកប្តូរឱ្យស្ត្រីជាប្រពន្ធភ្លាមៗ ។
ហេតុការណ៍ខាងលើនេះ បានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី៨ខែមករាឆ្នាំ២០២៥ នៅចំណុចការាស់សាំងតូតាល់ ទល់មុខបន្ទាយទាហាន៩៩ ផ្លូវ២០០៤ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីជាប្រពន្ធ ជិះកង់មកម្តុំការាស់សាំងតូតាល់ បន្ទាប់មកគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស បានជួបគ្នានៅការាស់សាំងតូតាល់ខាងលើ ហើយបានជជែកគ្នាទៅវិញទៅមក នឹងឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក ។ ចំណែកបុរសរូបនោះបានហែកសម្លៀកបំពាក់ប្រពន្ធឲ្យរហែក តែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាយកសម្លៀកបំពាក់មកប្តូរឱ្យស្ត្រីជាប្រពន្ធវិញភ្លាមៗផងដែរ ។
តាមប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមក ដោយមានកំលាំងនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុសួរនាំភាគីទាំងសងខាងដឹងថាជាប្តីប្រពន្ធនឹងគ្នា ដោយសារប្តីប្រច័ណ្ឌប្រពន្ធ ហើយប្រពន្ធហាមប្តីមិនឲ្យផឹកស្រា បែរជាប្តីមកឈ្លោះប្រកែកជាមួយប្រពន្ធរហូតដល់ថ្នាក់ប្រើអំពើហិង្សាគំរាមស្ត្រីជាប្រពន្ធទៀតផង។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍បាននាំប្តីប្រពន្ធខាងលើយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល ដើម្បីណែនាំបុរសជាប្តីកុំអោយប្រើអំពើហិង្សាទៅលើប្រពន្ធទៀត រួចហើយអនុញ្ញាតឲ្យប្តីប្រពន្ធនេះត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ