ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​មួយ​ចំនួន​កំពុង​គិត​ខុស​ដោយ​យល់​ថា ការ​រៀប​ការ គឺ​គ្រាន់តែ​ដើម្បី​ជីវិត​ផ្លូវភេទ ។ ប៉ុន្តែ​តាម​ពិត​ការ​រៀប​ការ​វា គឺជា​ការ​ចាប់ដៃ​គ្នា​បង្កើត​គ្រួសារ​មួយ​ដោយ​រក្សា​ចំណង​ជីវិត​ជា​គូ រីឯ​គូ​ស្វាមីភរិយា​ក្រោយ​ការ​រៀប​ការ​ក្រៅ​តែ​ពី​រឿង​ផ្លូវភេទ​ចេញ គឺ​វា​ដូច​ជា ជីវិត​មិត្តភាព ដូច្នេះ​ហើយ​បានជា​មាន​ពាក្យ​ថា…

យុវវ័យ​មួយ​ចំនួន​កំពុង​គិត​ខុស​ដោយ​យល់​ថា ការ​រៀប​ការ គឺ​គ្រាន់តែ​ដើម្បី​ជីវិត​ផ្លូវភេទ ។ ប៉ុន្តែ​តាម​ពិត​ការ​រៀប​ការ​វា គឺជា​ការ​ចាប់ដៃ​គ្នា​បង្កើត​គ្រួសារ​មួយ​ដោយ​រក្សា​ចំណង​ជីវិត​ជា​គូ រីឯ​គូ​ស្វាមីភរិយា​ក្រោយ​ការ​រៀប​ការ​ក្រៅ​តែ​ពី​រឿង​ផ្លូវភេទ​ចេញ គឺ​វា​ដូច​ជា ជីវិត​មិត្តភាព ដូច្នេះ​ហើយ​បានជា​មាន​ពាក្យ​ថា មិត្ត​១០០​ឆ្នាំ​នោះ ។

កាល​នៅ​ជាស​ង្សា​ជីវិត​ជា​គូ​របស់​បុរស និង​ស្ត្រី គឺ​មួយ​បែប ប៉ុន្តែ​នៅ​ពេល​ដែល​ចាប់ផ្តើម​រៀប​ការ​បង្កើត គ្រួសារ នឹង​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ឆ្លងកាត់​នូវ​រលក​នៃ​ជីវិត​មួយ​បែប​ដ៏​ថ្មីស្រឡាង​សម្រាប់​អ្នក​ទាំង​ពីរ ។ នៅ​ក្នុង​ករណី​អ្នក​ទាំង​ពីរ​ខ្វះ​ក្តី​ស្រលាញ់ ខ្វះ​ទំនាក់ទំនង ខ្វះ​ការ​យល់ចិត្ត ខ្វះ​នេះ​ខ្វះ​នោះ ជីវិត​គូ​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​កាត់​ផ្តាច់​ទៅ​តាម​អារម្មណ៍ និង​អាយុកាល​នៃ​ការ​អត់ធ្មត់​របស់​អ្នក​ទាំង​ពីរ​នេះឯង ។

មក​ដល់​ពេល​នេះ​បើ​និយាយ​អំពី​ក្បួនតម្រា​ជាក់លាក់​នៅ​ក្នុង​ការ​រក្សា​ទំនាក់ទំនង និង​ស្នេហា​ពេញ​មួយ​ជីវិត​របស់​បុរស​និង​នារី​គឺ​ពិតជា​មិន​មាន​ឡើយ ហើយ​អ្វី​ដែល​មាន​គឺ​ត្រឹមតែ​ជា​បទ​ពិសោធន៍​ប៉ុណ្ណោះ ពីព្រោះ​ជីវិត​ជា​គូរ​ក្រោយ​ការ​រៀប​ការ គឺ​ពិតជា​មហា​ពិបាក និង​ស្មុគស្មាញ ។ បើ​គ្មាន​សេចក្តី​អំណត់ និង​អធ្យាស្រ័យ​ទេ​នោះ វា​មុខជា​ប្រឈម​ព្យុះ​ភ្លៀង​ខ្លាំង​រហូត​ដល់​ការ​បែកបាក់ ។
ក្រោយ​បុរស និង​ស្ត្រី សម្រេចចិត្ត​ថា នឹង​ចាប់ដៃ​គ្នា​ចូល​រោងការ អ្នក​ទាំង​ពីរ​ដាច់ខាត​សូម​ត្រៀមខ្លួន​ឲ្យ​ហើយ នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ភាព​ស្មុគស្មាញ​នៃ​អាពាហ៍ពិពាហ៍ ការ​ចិញ្ចឹម​កូន ការ​ខិតខំ​ប្រឹងប្រែង ការ​យល់​ដឹង និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ និយាយ​អោយ​ខ្លី ចិត្ត​ត្រូវ​ធ្ងន់​ដូច​ភ្នំ​សង្កត់ ហើយ​មិន​ត្រូវចិត្ត​ស្រាល​ដូច​សំឡី​ឡើយ ។

មក​ដល់​ពេល​នេះ មាន​បុរស និង​ស្ត្រី​មិន​តិច​នោះ​ទេ ដែល​ប្រែប្រួល​សឹងតែ​១០០​ភាគរយ​ដើម្បី​គ្រួសារ ។ ប្រសិនបើ​ការ​ប្រែប្រួល​នេះ​មិនកើត​ឡើង​ដោយ​ការ​លះបង់​ដោយ​សេចក្តី​ស្រលាញ់ ជា​ពិសេស គឺ​ដោយ​ការ​ស្ម័គ្រចិត្ត​ដោយ​សុទ្ធចិត្ត​ទេ​នោះ ជីវិត​គ្រួសារ ឬ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​ប្រហែលជា​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ឡើយ ។

រាល់​ការ​ប្រែប្រួល​នេះ​មិន​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​បត់​១០០​ភាគរយ​ខុស​ពី​ជីវិត​នៅ​លីវ​របស់​អ្នក​ទាំង​ពីរ​នោះ​ឡើយ គឺ​ត្រូវ​ប្រែប្រួល​ដោយ​សន្សឹម​ៗ​តាម​ពេលវេលា តាម​ការ​លះបង់ តាម​ការ​ស្ម័គ្រចិត្ត​ពោល គឺ​ម្តង​បន្តិច​ៗ ។

ត្រូវ​ចាំ​ថា ជីវិត​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ពីរ​នាក់ ដូច​ជា ការ​បើករថយន្ត​ដែរ ។ នៅ​ក្នុង​ករណី​អ្នក​ទាំង​ពីរ​ចង់​ដល់​គោលដៅ​លឿន​ជាន់​ល្បឿន​លឿន​ពេក​រថយន្ត អាច​មិន​ដល់​គោលដៅ ហើយ​បើ​លឿន​ហើយ​បត់​ទៀត គឺ​ក្រឡាប់​មិន​ខាន ។

រាល់​ការ​ប្រែប្រួល និង​ការ​កែប្រែ​នៃ​បែបបទ​ជីវិត គឺ​គួរតែ​ធ្វើ​សន្សឹម​ៗ ហើយ​កើតឡើង​ពី​ការ​និយាយ​គ្នា​រវាង​ស្វាមី និង​ភរិយា​ដោយ​ចំហរ​ដោយ​ស្មោះត្រង់ ។ អ្នក​ទាំង​ពីរ​គួរ​ឧស្សាហ៍​ចែករំលែក​គំនិត សុ​បិ​ន្ត និង​ការ​ភ័យ​ខ្លាច​ជាមួយ​គ្នា​អោយ​បាន​ញឹកញាប់ ។
ជីវិត​ជា​គូ​បែប​នេះ ដាច់ខាត​មិន​អាច​ជៀសវាង​បាន​ទេ​រឿង​ការ​ឈ្លោះ​គ្នា ។ ប៉ុន្តែ​ជម្លោះ​នោះ​គួរ​បញ្ចប់​ដោយ ការ​គោរព និង​ការ​យល់ចិត្ត ហើយ​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្តី​ប្រពន្ធ​ត្រូវ​ព្យាយាម​និយាយ​គ្នា​ដោយ​ស្រទន់ និង​ផ្អែមល្ហែម ជា​ពិសេស គឺ​ក្រោយ​ពេល​ដែល​មាន​ភេទ​សម្ព័ន្ធ​នឹង​គ្នា​ហើយ ។

ទោះបីជា​រៀប​ការ​នឹង​គ្នា​មក​យូរ​ប៉ុណ្ណា ចាស់​ប៉ុណ្ណា​ក៏​ដោយ​ក៏​ដាច់ខាត​កុំ​រក្សា​ជីវិត​អោយ​សោះអង្គើយ​នឹង​គ្នា ឬ​ភាព​សោះកក្រោះ ។ បញ្ហា​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​គូ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ថា ឯក​កោរ ។ ដូច្នេះ​សូម​ព្យាយាម​បង្ហាញ​នូវ​ក្តី​ស្រលាញ់ និង​ស្និទ្ធស្នាល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ កាយវិការ​នៃ​ការ​បញ្ជាក់​ពី​ភាព​មិន​ថមថយ​នៃ​ក្តី ស្រលាញ់​នេះ​អាច​ជា​ថ្ម​សង្កត់​កំហឹង ឬ​ក្តី​ក្តៅក្រហាយ​នៅ​ក្នុង​ចិត្ត​ដែល​កើត​មាន​ពេល​ខ្លះ​ឲ្យ​រលត់​ទៅ​វិញ​បាន​ដោយ​ប្រសិទ្ធភាព ។

កាយវិការ និង​រូបភាព​បញ្ជាក់​ពី​ក្តី​ស្រលាញ់​ទៅ​វិញ​ទៅ​មកនេះ អាច​បង្ហាញ​តាម​ការ​លៈ​ទេសៈ​និង​ពេលវេលា ហើយ​ក៏​អាច​ជា​ការ​ចៃដន្យ ដូច​ជា ពេល​នារី​កំពុង​ធ្វើ​ម្ហូប ឬ​ពេល​ដែល​ស្វាមី​កំពុង​តែ​ទទួលទាន​កាហ្វេ ឬ​ពេល​កំពុង​អាន​សៀវភៅ​…​។ កាយវិការ​ទាំងនេះ​ជា​ការ​អោប ការ​ថើប ការ​អង្អែល​ក​ខ្នង ការ​លេង​សក់ ឬ​កាយវិការ​ផ្សេង​ៗ​ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​បង្ហាញ​គ្នា​កាលពី​ពេល​ដែល​មិន​ទាន់​រៀប​ការ ។

ជា​ការ​ពិត មនុស្ស​ម្នាក់​ៗ​សម័យនេះ គឺ​ពិតជា​រវល់​នឹង​ការ​រក​ប្រាក់ ដើម្បី​ដោះស្រាយ​ជីវភាព ប៉ុន្តែ​ទោះជា​រវល់​យ៉ាងណា​ក៏​ដោយ​ក៏​មិន​ត្រូវ​ភ្លេច​ដាច់ខាត​នៅ​ក្នុង​ការ​លៃលក​ពេលវេលា​នៅ​ក្នុង​មួ​យស​ប្តា​ហ៍​យ៉ាង​ហោច​ណាស់​ម្តង នៅ​ជាមួយនឹង​ប្រពន្ធ​កូន ឬ​ស្វាមី ដោយ​ស្ងប់ស្ងាត់ ហើយ​ធ្វើ​នេះ​ធ្វើ​នោះ​រួម​គ្នា ។ នៅ​ក្នុងអំឡុងពេល​នោះ បុរស និង​នារី​ក៏​អាច​ឆ្លៀតពេល​បញ្ចូល ឬ​បញ្ចេញ​សកម្មភាព​បង្ហាញ​ពី​កាយវិការ​បង្ហាញ និង​ផ្តល់​តម្លៃ​ដល់​សេចក្តី​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ ។

ក្រៅពី​នេះ រឿង​ដែល​សំខាន់​មួយទៀត គឺ​ការ​សម្របសម្រួល​ខ្លួន​ពីព្រោះ​ថា មនុស្ស​ម្នាក់​ៗ គឺ​មាន​ឯកជន​ភាព រៀង​ៗ​ខ្លួន​នៅ​ពេល​មុន​រៀប​ការ ។ ក្រោយ​ការ​រៀប​ការ​ឯកជន​ភាព​នេះ គឺ​គួរតែ​សម្របសម្រួល​កាត់​បន្ថយ ដូច្នេះ​ហើយ​ទាមទារ​ឲ្យ​បុរស និង​ស្ត្រី​យល់​ចំណុច​នេះ ហើយ​ព្យាយាម​សម្របសម្រួល​ម្តង​បន្តិច​ៗ រក​ចំណុចរួម​គ្នា​មួយ​រវាង​អ្នក​ទាំង​ពីរ ។

ដោយឡែក ចំណុច​ដែល​មិន​អាច​អត់​បាន​នោះ​នៅ​ក្នុង​ជីវិត​ជា​គូ គឺ​ការ​រក្សា​ការ​ជឿ​ទុកចិត្ត និង​ការ​គោរព​គ្នា ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា ចែករំលែក​ការ​ទទួលខុសត្រូវ​គ្នា​ទៅ​វិញ​ទៅ​មក ។ ទំនុកចិត្ត គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​ដ៏​រឹង​មាំ ។ ជីវិត​គ្រួសារ​រដែ​ល​ជោគជ័យ​អាច​នៅ​ជាមួយ​គ្នា​រហូត​ដល់​អស់​ជីវិត​មិន​គួរ​មានរឿង​អា​ថ​កំបាំង ឬ​រឿង​សម្ងាត់​ជាមួយ​គ្នា​ឡើយ ។

ម្យ៉ាងវិញទៀត​ដំណើរ​ទៅ​មុខ​នៅ​ក្នុង​គ្រួសារ គឺ​ត្រូវ​តែ​មានការ​ទទួលខុសត្រូវ​រួម​គ្នា​មិន​ថា​រឿង​ចិញ្ចឹម​កូន និង​រឿង​ទ្រព្យសម្បត្តិ ។ ការ​ចែករំលែក​ការ​ទទួលខុសត្រូវ​រួម​គ្នា​ជា​ការ​ធានា​ថា ជីវិត​ដៃគូ​ទាំង​ពីរ​មិន​មាន​អារម្មណ៍​ក្តុកក្តួល​ហើយ​តែងតែមាន​អារម្មណ៍​ថា គ្រួសារ គឺជា​កន្លែង​ដ៏​មាន​សុវត្ថិភាព និង​ភាព​ស្និទ្ធស្នាល ជា​ពិសេស គឺ​ភាព​កក់ក្តៅ ។

ប្រការ​ដែល​ត្រូវ​ចាំ គ្រួសារ​មួយ​ទៅ​មុខ គឺ​ដាច់ខាត​ក៏​មិន​អាច​ខ្វះ​បាន​ឡើយ​នូវ​ការ​អត់​ទោស និង​ការ​លេងសើច​នឹង​គ្នា ។ នៅ​ក្នុង​ជីវិត​មនុស្ស​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ទេ ហើយ កំហុស​គឺ​ជៀស​មិន​រួច ប៉ុន្តែ​ការ​អភ័យទោស និង​ដោះស្រាយ​ជម្លោះ​ក្នុង​ន័យ​ស្ថាបនា​ជួយ​ឱ្យ​ទំនាក់ទំនង​នៅ​ក្នុង​គ្រួសារ​កាន់តែ​ប្រសើរ​និង​រឹង​មាំ ។ ទំនាស់​ទាមទារ​ការ​យល់ចិត្ត អធ្យាស្រ័យ​។ រីឯ​ការ​លេងសើច គឺជា​កាវ​ដ៏​មាន​ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​នៅ​ជាមួយ​គ្នា​។ ការ​ចែករំលែក​រឿង​កំប្លែង ការ​ស្វែងរក​ការ​លេងសើច​ខ្លះ​ៗ​អាច បង្កើត​ការ​ចង​ចាំ​ដ៏​រីករាយ ។

សរុបសេចក្តី ការ​ចាប់ដៃ​គ្នា​កសាង​គ្រួសារ ឬ​ចូល​រោងការ មិនមែន​ជា​ការ​ការ​ចាប់ដៃ​គ្នា​ដើម្បី​តែ​ជីវិត​ផ្លូវភេទ និង​ការ​សប្បាយ​របស់​បុរស និង​ស្ត្រី​ឡើយ ។ វា គឺជា​ដំណើរ​ជីវិត​របស់​បុគ្គល​ពីរ​នាក់​ដែល​ស្មោះស្ម័គ្រ​នឹង​គ្នា បង្កើត​នូវ​ភេទ​សម្ព័ន្ធ​ដែល​មាន​លក្ខណៈ​យូរអង្វែង​ហើយ​បង្កើន​សមាជិកគ្រួសារ​ប្រក​ដោយ​ឧត្តមភាព ប៉ុន្តែ​ឆ្លងកាត់​គ្រប់​រស់ជាតិ​នៃ​ជីវិត ពោល​គឺ​តាំងពី​ការ​សប្បាយ និង​ការ​កើតទុក្ខ ហើយ​នៅ​តែ​អាច​រួម​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់ទី​អាវ​សាន្ត​នៃ​ជីវិត​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ