ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់រួចរាល់រាប់លានដុល្លារទើបថាខុស អាជ្ញាធរសម្រេចផ្អាកការសាងសង់សំណង់នានានៅផ្ទះលោក​​ធាន​ វុទ្ធី

1 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ​ ៖​ អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធខេត្តតាកែវ បានចុះពិនិត្យសំណង់ រូបបដិមារមួយចំនួននៅទីតាំងផ្ទះរបស់លោក ធាន វុទ្ធី និងសម្រេចផ្អាកការសាងសង់សំណង់នានាព្រោះគ្មានច្បាប់អនុញ្ញាត និងគ្មានបច្ចេកទេស។ លោក…

ខេត្តតាកែវ​ ៖​ អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធខេត្តតាកែវ បានចុះពិនិត្យសំណង់ រូបបដិមារមួយចំនួននៅទីតាំងផ្ទះរបស់លោក ធាន វុទ្ធី និងសម្រេចផ្អាកការសាងសង់សំណង់នានាព្រោះគ្មានច្បាប់អនុញ្ញាត និងគ្មានបច្ចេកទេស។

លោក ម៉ឹង វុធី អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៥ បានដឹកមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរព័ត៌មាន និងអាជ្ញាធរស្រុកព្រៃកប្បាស ឃុំចំប៉ា ភូមិចំប៉ា ដើម្បីពិនិត្យសំណង់ និងរូបបដិមារមួយចំនួនដែលបាននឹងកំពុងសាងសង់ ទំនងអស់រាប់លានដុល្លាររួចហើយ និងបានសម្រេចផ្អាកភ្លាមៗនូវការសាងសង់សំណង់នានា ព្រោះតែគ្មានច្បាប់អនុញ្ញាត និងគ្មានលក្ខណៈត្រឹមត្រូវតាមបច្ចេកទេសសំណង់ ។

លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ដែលបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យទីតាំងនេះ បានគូសបញ្ជាក់ថា ទីតាំងនេះ សាងសង់លើផ្ទៃដីទំហំប្រមាណសរុប១៤ហិកតា តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន ហើយមានរូបបដិមាករជាច្រើន តូចធំរាប់មិនអស់ មិនសមស្របតាមលក្ខណៈរចនាបទបច្ចេកទេសរបស់វប្បធម៌ខ្មែរ ការសាងសង់សំណង់នានា(អគារគុណមាតាមិតា ប្រាសាទ​ជល់មុន្នី១៨សែនកោដ្ឋ អគារកម្ពស់៥ជាន់)មិនបានឆ្លងកាត់ជំនាញវិស្វករ ត្រួតពិនិត្យ និងមិនមានច្បាប់អនុញ្ញាត(ធ្វើតាមការបញ្ជាពី លោក ធាន វុទ្ធី) និងរូបបដិមាកររាប់មិនអស់ទាំងតូចទាំងធំ​គ្មានការពិនិត្យពីជំនាញ និងមិនមានក្បួនខ្នាតត្រឹមត្រូវ ឡើយ។

លោក ម៉ឹង វុធី បានបន្ថែមទៀតថា ក្រោយពីក្រុមការងារជំនាញ បានចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់ ក៏បានសម្រេចណែនាំឱ្យផ្អាករាល់ការសាងសង់ទាំងអស់ និងសូមឱ្យម្ចាស់ការដ្ឋានសាងសង់សហការជាមួយអាជ្ញាធរ និងមន្ទីរអង្គភាពជំនាញ ដើម្បីសហការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស រូបបដិមា សំណង់នានា ការគ្រប់គ្រងកម្មករសាងសង់ ឲ្យស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវវិញ។

សូមរំឮកដែរថា​ លោក​ ធាន​ វុទ្ធី​ កន្លងមកធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការតាំងខ្លួនធ្វេីជាព្រះសិអាមេត្រី ធ្វេីឱ្យព្រះសង្ឃបួសក្នុងព្រះពុទ្ធសាសនាថ្វាយបង្គំ​ គោរពគាត់ទៀតផង ។

គួរ​ឱ្យសោកស្តាយបំផុត និងអាណោចអាធ័មក្រៃលែងដែលសំណង់ព្រះបដិមារាប់មិនអស់ត្រូវបានស្ថាបនាឡើង ដោយសេរីរាប់ឆ្នាំ ចំណាយអស់រាប់លានដុល្លារ ទើប​តែ​បែកធ្លាយ ហើយ​លើក​គ្នា​ទៅបង្ក្រាប និង​ចោទ​ថាខុសច្បាប់​…ហេ! ហេ! ។

មិនខុសពីសំណង់ខ្លះ ធ្វើនៅមាត់ទន្លេរួចរាល់ ម្ចាស់ឡើងស្នាក់នៅ ទើប​លើកគ្នា​​ទៅ​​បញ្ជា​ឱ្យ​វាយចោល ដោយចោទ​ថា គ្មានច្បាប់​នោះឡើយ ។​

ឱ!​រដ្ឋបាល​មានអំណាចទាំងឡាយអើយ​… អាត្មាសុំកោតខ្លាចមែនទែនហើយ ។ល។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ