ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​កង​សន្តិ​សុខ​ច្រាន​ចោល​សំ​ណើ​សុំ​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល

1 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ តប​តាម​សំណើ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុម​អ្នក​ស៊ើប​ក្ដី​ដែល​ចង់​ឱ្យ​ប្រធានា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង លោក​ឆយ​សាង​ម៉ុក និង​ប្រធាន​កង​សន្តិ​សុខ​ការ​ពារ​ប្រធានា​ធិបតី​យូន​ស៊ុក​យូល​ចូល​រួម​សហ​ការ​ចាប់​ខ្លួន​លោក​យូន​យក​ឃុំ​ឃាំង​នោះ ប្រធាន​កង​សន្តិ​សុខ​ប្រាប់​ថា​ខ្លួន​មិន​អាច​ធ្វើ​តាម​សំណូម​ពរ​នេះ​បាន​ឡើយ​។​ ​ដីកា​របស់​តុលាការ​​​​នឹង​ផុត​សុពល​ភាព​ត្រឹម​ពាក់​កណ្ដាល​ថ្ងៃ​ចន្ទ​។ ឃើញ​ថា​ពេល​វេលា​ហាក់​ដូច​ជា​តក់​ក្រហល់ និង​ប្រថុច​ញ៉ុច​ខ្លាំង​មែន​ទែន​។ ​លោក​ប៉ាក់​ឆុង​ជុន…

ទី​ក្រុង​សេអ៊ូល៖ តប​តាម​សំណើ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុម​អ្នក​ស៊ើប​ក្ដី​ដែល​ចង់​ឱ្យ​ប្រធានា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង លោក​ឆយ​សាង​ម៉ុក និង​ប្រធាន​កង​សន្តិ​សុខ​ការ​ពារ​ប្រធានា​ធិបតី​យូន​ស៊ុក​យូល​ចូល​រួម​សហ​ការ​ចាប់​ខ្លួន​លោក​យូន​យក​ឃុំ​ឃាំង​នោះ ប្រធាន​កង​សន្តិ​សុខ​ប្រាប់​ថា​ខ្លួន​មិន​អាច​ធ្វើ​តាម​សំណូម​ពរ​នេះ​បាន​ឡើយ​។​

​ដីកា​របស់​តុលាការ​​​​នឹង​ផុត​សុពល​ភាព​ត្រឹម​ពាក់​កណ្ដាល​ថ្ងៃ​ចន្ទ​។ ឃើញ​ថា​ពេល​វេលា​ហាក់​ដូច​ជា​តក់​ក្រហល់ និង​ប្រថុច​ញ៉ុច​ខ្លាំង​មែន​ទែន​។ ​លោក​ប៉ាក់​ឆុង​ជុន (Park Chong-jun) ដែល​ជា​មន្ត្រី​រដ្ឋា​ភិ​បា​ល​ម្នាក់​យល់​ថា​ការ​ជជែក​គ្នា​មិន​ទាន់​ដាច់​ស្រេច​នៅក្នុង​ចំណោម​​ក្រុម​អ្នក​ច្បាប់​ ជា​ហេតុ​ធ្វើ​ឱ្យ​កង​សន្តិ​សុខ​មិន​ចង់​សហ​ការ​។ ក្រុម​អ្នក​ច្បាប់​មួយ​ថា​ដីកា​ចាប់​ខ្លួន​នេះ​ស្រប​ច្បាប់​ រីឯ​ក្រុម​មួយ​ទៀត​ថា​មិន​ស្រប​ច្បាប់​ និង​គ្មាន​សុពល​ភាព​ទេ​។ ជា​ពិសេស ក្រុម​មេធាវី​របស់​លោ​កយូន​ស៊ុក​យូល។​

លោកស្នើ​សុំ​កុំ​ឱ្យ​និយាយ​រិះ​គន់​កង​សន្តិសុខ​ថា​គ្រាន់​តែ​ជា​ទាហាន​ស៊ី​ឈ្នួល​។ ​តាម​ពិត​ ពួក​គេ​ធ្លាប់​មាន​ស្នា​ដៃ​​ការ​ពារ​សន្តិ​សុខ​ជូន​ប្រធានា​ធិបតី​ និង​ថ្នាក់​ដឹក​នាំ​អស់​រយៈ​ពេល​៦០​ឆ្នាំ​មក​ហើយ​។ ទោះ​បី​ពួក​គេ​មាន​និន្នា​ការ​នយោបាយ​បែប​ណា​ជា​រឿង​ផ្សេង​។ ការ​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​មេធាវី​របស់​លោក​យូន​ស៊ុក​យូល​​ចាត់​ទុក​ថានេះ​ជា​​ដីកា​​ខុស​ច្បាប់​ និង​គ្មាន​សុពល​ភាព​។​​

លោក​មេធាវី​សឹក​ដុង​​យន្ត​ (Seok Dong-hyeon) ថ្លែង​នៅ​លើ​ហ្វេស​ប៊ុក​ថា​ការ​​បក​ស្រាយ​ផ្នែក​ផ្លូវ​ច្បាប់​​​មិន​ងាយ​ស្រួល​ទេ​។ បើ​សិន​ដាក់​ចេញ​វិធាន​ការ​ច្បាប់​ចំពោះ​លោក​យូន​ស៊ុក​យូល​មាន​ចំណុច​ឆក​ល្វែង​​តែ​បន្តិច​នឹង​ក្លាយ​ជា​កំហុស​ដ៏​ធំ​មួយ​។ កាល​ពី​ថ្ងៃ​សុក្រ សមត្ថ​កិច្ច​ចម្រុះ​បាន​ដឹក​នាំ​កម្លាំង​៨០​នាក់​ចុះ​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​។ ប៉ុន្តែ​កង​អង្គ​រក្ស និង​ក្រុម​អ្នក​គាំទ្រ​របស់​លោ​កបាន​ដេក​តម្រៀប​គ្នា​ដូច​ស្និត​ចេក​ព័ទ្ធ​ជុំ​​វិញ​កន្លែង​ស្នាក់​នៅ​របស់​គាត់​។ ​ការ​​ប្រទាំង​ប្រទើស​គ្នា​រយៈ​ពេល​៦​ម៉ោង​។

ក្រោយ​​មក​ សមត្ថ​កិច្ច​សម្រេច​ថា​កុំ​យក​កំហឹង​ទល់​កំហល់​។ បើ​សិន​ប៉ះ​ទង្គិច​គ្នា​ធ្ងន់​ធ្ងរ​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​បង្ហូរ​ឈាម​រឹត​តែ​អាក្រក់​មើល​។​ សមត្ថ​កិច្ច​បញ្ជាក់​ថា​ដោយ​សារ​មូល​ហេតុ​សុវត្ថិ​ភាព​ ពួក​គេ​សម្រេច​ថា​នឹង​ពន្យារ​ពេល​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​ទៅ​ថ្ងៃ​ក្រោយ​។ ចំណែក​ដីកា​របស់​តុលាការ ខ្លួន​នឹង​ស្នើ​សុំ​ពន្យារ​ពេល​​ជា​បន្ត​ទៀត​។​​

ប្រធាន​កង​អង្គ​រក្ស​លោកយូន​ស៊ុក​យូល​សូម​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​បញ្ជា​ឱ្យ​កង​ការ​ពារ​ផ្ទុះ​អាវុធ​បើ​សិន​​ពួក​គេ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​។ ចំណែក​មេធា​វី​របស់​លោក​យូន​ស៊ុក​យូល​ថ្លែង​ថា​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​តួនាទី​ស៊ើប​រឿង​ពុក​រលួយ​។ ដូច្នេះ បើ​គិត​តាម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ ពួក​គេ​គ្មាន​សិទ្ធិ​​ស៊ើប​រឿង​ក្ដី​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ