រាជធានីភ្នំពេញ ៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានធ្វើសង្គ្រាមការពារខ្លួនឯង កម្ចាត់របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹត និងបានបើកឡើងនូវសម័យកាល ឯករាជ្យ សេរីភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋខ្មែរ ។ នេះជាជ័យជម្នះនៃយុត្តិធម៌ ដែលជានិមិ្មតរូបដ៏ថ្លៃថ្លានៃសាមគ្គីភាពរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជា។
ភ្លាមៗ បន្ទាប់ពីការដណ្តើមអំណាចនាខែមេសា ឆ្នាំ១៩៧៥ បន ប៉ុល ពត បានឆ្លៀតឱកាសពីសមិទ្ធផលបដិវត្តន៍ ហើយក្បត់ប្រជាជនកម្ពុជា។ ពួកគេបានអនុវត្តអំពើប្រល័យពូជសាសន៍ ដោយបានសម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់ បំផ្លាញសាលារៀន មន្ទីរពេទ្យ វត្តអារាម រាប់ពាន់ខ្នង និងបំផ្លាញប្រពៃណីសាមគ្គីភាព មិត្តភាពរបស់ប្រជាជនទាំងពីរកម្ពុជា-វៀតណាម វាយលុកព្រំដែនភាគនិរតីនៃប្រទេសវៀតណាម។
ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ដែលនាំមុខដោយកងទ័ពស្ម័គ្រចិត្តវៀតណាម បានប្រកៀកស្មាគ្នាជាមួយប្រជាជនកម្ពុជាប្រយុទ្ធ ។ ដោយបានបើកយុទ្ធនាការជាច្រើននៅតាមខេត្ត ក្រុង នានា ហើយរំដោះបានរាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ និងរំដោះប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩។
ជ័យជម្នះថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ មានសារសំខាន់មិនត្រឹមតែសម្រាប់កម្ពុជា និងវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ជាអន្តរជាតិផងដែរ។ សម្រាប់ប្រទេសកម្ពុជា ជ័យជម្នះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ លុបបំបាត់ទាំងស្រុងនូវរបបប្រល័យពូជសាសន៍ ជួយប្រជាជនកម្ពុជាទទួលបានសិទ្ធិរស់រានមានជីវិត ឈានចូលយុគសម័យឯករាជ្យ និងសេរីភាពពិត និងធ្វើឱ្យប្រទេសជាតិរស់ឡើងវិញ។
សម្រាប់វៀតណាម ជ័យជម្នះនេះបានបង្ហាញពីស្មារតីអន្តរជាតិនិយមដ៏ថ្លៃថ្លា ទំនាក់ទំនងប្រពៃណីដ៏ស្មោះត្រង់ យូរអង្វែងរបស់វៀតណាម និងជាការជួយឧបត្ថម្ភដ៏ស្មោះសដល់ប្រជាជនកម្ពុជា។ សម្រាប់សហគមន៍អន្តរជាតិ ជ័យជម្នះដ៏អស្ចារ្យ នេះ គឺជាជ័យជម្នះរួមរបស់ប្រជាជនកម្ពុជា និងវៀតណាម ដែលបង្ហាញពីភាពរឹងមាំនៃសាមគ្គីភាពអន្តរជាតិ ភាពស្មោះត្រង់ និងការស្រឡាញ់រាប់អានគ្នារវាងប្រជាជនប្រទេសទាំងពីរ។
ដោយទទួលស្គាល់ការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀតថា បើគ្មានជំនួយពីវៀតណាមទេ កម្ពុជាក៏គ្មានថ្ងៃនេះដែរ។ «យើងអាចសួរថា នៅលើលោកនេះ តើមានប្រទេសណាដែលបានជួយប្រជាជនកម្ពុជា ជាពិសេសរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់ការវិលត្រឡប់មកវិញរបស់ពួកគេ? ចម្លើយគឺប្រជាជន និងកងទ័ពវៀតណាម។ ប្រជាជនកម្ពុជាតែងមានជំនឿថា មានតែទេវតា និងព្រះពុទ្ធជាម្ចាស់ទេ ដែលអាចជួយសង្គ្រោះមនុស្សពេលជួបការលំបាកធ្ងន់ធ្ងរ។ តែនៅពេលដែលប្រជាជនកម្ពុជាកំពុងនៅលើមាត់ជ្រោះមរណៈ ហើយបានត្រឹមតែលើកដៃបន់ស្រន់ដល់ទេវតាឲ្យមកសង្គ្រោះនោះ ស្រាប់តែកងទ័ពស្ម័គ្រចិត្តវៀតណាមបានមកជួយទាន់ពេលវេលា។ កងទ័ពវៀតណាមគឺជាកងទ័ពទេវតាយ៉ាងពិតប្រាកដ»។
រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងជាបន្តបន្ទាប់ ស្របតាមបាវចនា «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង» ដែលបានព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០០៥ មក។ ទោះបីជាត្រូវប្រឈមនិងការសាកល្បងជាមួយការវិវត្តន៍ប្រែប្រួលនយោបាយដ៏ស្មុគស្មាញក្នុងតំបន់ និងលើពិភពលោក យ៉ាងណាក្ដីក៏ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពនៅលើមូលដ្ឋានប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ។
ទន្ទឹមនិងការកំណត់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានការអភិវឌ្ឍន៍ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ឲ្យក្លាយជាមរតករួមដ៏មានតម្លៃរបស់ប្រជាជនទាំងពីរ រួមចំណែកបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យូរអង្វែង។ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។
ទន្ទឹមនឹងនោះ ទំនាក់ទំនងនយោបាយសង្គមរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងបង្រួបបង្រួមដើម្បីដើរតួនាទីស្នូល ក្នុងការកំណត់ទិសដៅសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារជាច្រើន ដើម្បីជាមូលដ្ឋានសម្រាប់អភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ច កិច្ចប្រជុំ និងទំនាក់ទំនងជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ប្រធានាធិបតី តូឡឹម កាលពីខែកក្កដា ឆ្នាំ ២០២៤ និងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាឯកឧត្តម ត្រឹន ថាញ់មិន កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ព្រមទាំងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានបញ្ជាក់បន្ថែមពីទំនាក់ទំនងជាប្រពៃណីដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម។
កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។យន្តការសំខាន់ៗដូចជា គណៈកម្មាធិការចម្រុះវៀតណាម – កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស,សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនវៀតណាម – កម្ពុជា ជាដើម បន្តជំរុញឥទ្ធិពលជាវិជ្ជមាន។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខកាន់តែស៊ីជម្រៅ និងជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរលើកកម្ពស់។
ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញលើពិភពលោកនិងក្នុងតំបន់ វៀតណាមនិងកម្ពុជានឹងបន្តប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងកម្លាំងអរិភាពនិងជំរុញទំនាក់ទំនងសាមគ្គីភាព,មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឲ្យមានភាពស្រស់បំព្រង ស្ថិរភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនវៀតណាម និងកម្ពុជា,ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ និងលើពិភព
លោក ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ