ខេត្តស្វាយរៀង ៖ អាជីវករលក់ដូរក្នុងផ្សារវាលយន្ត បានសំណូមពរដល់អាជ្ញាធរក្រុងស្វាយរៀង មេត្តាចុះពិនិត្យការយកភាស៊ី របស់អ្នកម៉ៅការភាស៊ី យកលើសសៀវភៅបន្ទុក ជាពិសេសកន្លែងផ្ញើកង់ម៉ូតូ នៅជំវិញផ្សារវាលយន្ត ពីមុនផ្ញើម៉ូតូ ១គ្រឿងតម្លៃ១,០០០រៀល ប៉ុន្តែឆ្នាំ២០២៥នេះ ម៉ូតូ១គ្រឿងយក ២,០០០រៀល ធ្វើឲ្យអតិថិជន ឈប់ចូលទិញទំនិញក្នុងផ្សារ ដោយមានអ្នកខ្លះ ចេញពីក្នុងផ្សារទៅតាំងទំនិញលក់នៅលើចិញ្ចើមផ្លូវ សូមអាជ្ញាធរ រៀបចំសណ្តាប់ធ្នាប់ផ្សារឲ្យមានសមភាព ឲ្យអ្នកយកចិញ្ចើមថ្នល់លក់ដូរ ចូលមកក្នុងផ្សារវិញ ។
ក្រុមអាជីវករលើកឡើងនេះ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅផ្សារវាលយន្ត ក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមមន្ត្រីសាលាក្រុងស្វាយរៀង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ មករានេះ លោកនាយករដ្ឋបាលសាលាក្រុងស្វាយរៀង បានដឹកនាំកម្លាំង ក្រុមការងារសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវជំវិញផ្សារវាលយន្ត ដោយក្រុមអាជីវករដាក់ទំនិញ បន្លែត្រីសាច់លក់នៅលើចិញ្ចើមផ្លូវ បង្កឲ្យស្ទះ ពិបាកក្នុងការធ្វើដំណើរតាមដងផ្លូវជុំវិញផ្សារ និងនៅក្នុងផ្សារពិបាក ការធ្វើដំណើរ ។
ប្រភពបន្តថា អាជីវករចេះតែលើកអីវ៉ាន់ ដាក់លក់ដូររុលទៅមុខ មិនស្តាប់ការណែនាំរបស់អាជ្ញាធរ និងអ្នករៀបចំសណ្តាប់ធ្នាប់ គឺដាក់ទំនិញចេញពីផ្សារ មកដាក់លើចិញ្ចើមផ្លូវ ទំហំ២ម៉ែត្រសងខាង គឺអស់ផ្លូវ៤ម៉ែត្រ ហើយនៅព្រឹកថ្ងៃទី០៣ មករា ២០២៥នេះ បន្ថយនៅត្រឹមទំហំ១,៥០ម៉ែត្រ ដូច្នេះទាំងសងខាងគឺអស់ផ្លូវ ០៣ម៉ែត្រ នៅផ្លូវខាងលិចផ្សារ ចំណែកផ្លូវខាងត្បូងផ្សារ និងខាងជើងផ្សារ ត្រូវឲ្យអាជីវករថយមកលក់ត្រឹម គ្រឹះចិញ្ចើមផ្លូវ ។
ពាក់ពន្ធ័ករណីក្រុមអាជីវករ ចោទថា អ្នកយកភាស៊ីផ្សារវាលយន្ត យកលើសសៀវភៅបន្ទុកនោះ សូមឲ្យសួរទៅមន្ទីរហិរញ្ញវត្ថុខេត្ត ពិនិត្យលើសៀវភៅបន្ទុក ។
ក្រុមអាជីវករលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនឲ្យយកភាស៊ី លើអ្នកលក់ដូរកញ្ជើរល្អី ក៏ប៉ុន្តែអ្នកយកភាស៊ីផ្សារវាលយន្ត យកភាស៊ីអ្នកលក់កញ្ជើល្អី ១ថ្ងៃ ៥០០រៀល ទៅ១,០០០រៀល បើដាក់កន្ទេលឬគ្រែ យកភាស៊ី១,៥០០រៀល ទៅ២,០០០រៀល មើលតាមទំនិញ ។
អាជីវករបន្តទៀតថា ចាប់ពីខែ ធ្នូ ២០២៤ រហូតមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ គ្មានមនុស្សចូលមកក្នុងផ្សារ ទិញទំនិញ សំលៀកបំពាក់គ្រឿងទេស និងត្រីងៀតប្រហុកផ្អក នោះទេ! ស្ងាត់ណាស់ ។
ទាក់ទិនករណីនេះដែរ លោក ជូ សុធី ប្រធានមន្ទីរហិរញ្ញាវត្ថុខេត្ត បានឲ្យដឹងថា ផ្សារវាលយន្ត មានតូបចំនួន ១,៧១៧តូប នៅឆ្នាំ២០២៥នេះ ការដាក់ដេញថ្លៃ យកភាស៊ី ក្រុងស្វាយរៀង មានផ្សារវាលយន្ត (បូក) ផ្សារពោធិតាហោ ការដាក់ដេញថ្លៃ បានទៅលើអាជីវករឈ្មោះ ទេព ភុន តម្លៃ ៧៥០,៩១៥,០០០រៀល (ប្រាំពីរយ ហាសិបលាន ប្រាំបួនរយ ដប់ប្រាំពាន់រៀល) (តម្លៃមូលដ្ឋាន៤៣០លានរៀល) ហើយភាស៊ីផ្សារវាលយន្ត ក្នុងឆ្នាំ២០២៤ ចំនួន៦៥៥លានរៀលគត់ ។
លោក សា មិត្ត អនុប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត ក៏បានមានប្រសាសន៍ថា មន្ទីរហិរញ្ញវត្ថុខេត្ត បានប្រកាសឲ្យអ្នកទទួលម៉ៅការភាស៊ី លោកស្រី ទេព ភុន កាលពីថ្ងៃទី៣១ ធ្នូ ២០២៤ និងបានប្រគល់សៀវភៅបន្ទុក សម្រាប់អនុវត្តការយកភាស៊ី ភាស៊ីផ្ញើម៉ូតូ ១គ្រឿង ១,០០០រៀល បើយក២,០០០រៀល គឺលើសសៀវភៅបន្ទុកហើយ ។
លោក បន្តថា ចំពោះអ្នកលក់កញ្ជើល្អី សំដៅលើប្រជាពលរដ្ឋ ដឹកបន្លែ ត្រី តាមកង់ ឬទួល មួយកញ្ជើ នោះមិនយកទេ ក៏ប៉ុន្តែបើដឹកតាមម៉ូតូ ក្រាលកន្ទេល ឬដាក់លើគ្រែ ដាក់ឆត្រ័ តាមសៀវភៅបន្ទុក ៥០០រៀល បើយក១,០០០ ទៅ១,៥០០រៀល គឺលើសសៀវភៅបន្ទុកហើយ ។
លោកអនុប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត បន្តទៀតថា លោកនឹងរាយការណ៍ជូនលោកប្រធានមន្ទីរ និងពិភាក្សាជាមួយលោកអភិបាលក្រុងស្វាយរៀង ពិនិត្យមើល បុគ្គលិកអ្នកទទួលម៉ៅការ យកភាស៊ីផ្សារវាលយន្ត យកភាស៊ីអនុវត្តតាមសៀវភៅបន្ទុកដែរ ឬទេ ? ដោយឲ្យអ្នកទទួលម៉ៅការ យកភាស៊ី ធ្វើតារាងតម្លៃភាស៊ី បិទនៅខាងមុខផ្សារវាលយន្ត ចំណុចរូបហង្ស និងបីទ ជំវិញផ្សារ ខាងត្បូង ខាងជើង និងខាងលិច និងគ្រប់ផ្សារ ដែលមានអាជីវករលក់ដូរក្រុងស្វាយរៀង (ផ្សារវាលយន្ត ផ្សារក្រមួន ផ្សារពោធិតាហោ) ។
លោក សា មិត្ត បានបន្ថែមថា នៅឆ្នាំ២០២៥នេះ ក្រសួងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ បើអ្នកទទួលម៉ៅការភាស៊ី រូបណា អនុវត្តន៍ខុសសៀវភៅបន្ទុក ត្រូវទទួលទោសទាន់តាមច្បាប់ជាធរមាន ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកស្រី ទេព សុភន អ្នកទទួលម៉ៅការភាស៊ីផ្សារស្វាយរៀង បានទេ រហូតដល់រសៀលថ្ងៃទី០៣ មករា ២០២៥នេះ ៕
ចែករំលែកព័តមាននេះ