ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការ​ជួសជុល​បណ្ណាល័យ​ខាងត្បូង នៅ​រួត​ទី​២ នៃ​ប្រាសាទអង្គរវត្ត

2 ថ្ងៃ មុន

ខេត្តសៀមរាប ៖ រចនា​សម្ពន្ធ នៃ​បណ្ណាល័យ​ខាងត្បូង នៅ​រួត​ទី​២ របស់​ប្រាសាទអង្គរវត្ត មាន​អាយុកាល​ជិត​១​ពាន់​ឆ្នាំ ដែល​រង​ការ​ខូចខាត បាន​រឹង​មាំ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ក្រុម​អ្នកជំនាញ…

ខេត្តសៀមរាប ៖ រចនា​សម្ពន្ធ នៃ​បណ្ណាល័យ​ខាងត្បូង នៅ​រួត​ទី​២ របស់​ប្រាសាទអង្គរវត្ត មាន​អាយុកាល​ជិត​១​ពាន់​ឆ្នាំ ដែល​រង​ការ​ខូចខាត បាន​រឹង​មាំ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល អស់​រយៈពេល​៥​ខែ​មក ។

កាលពីមុន​ពេល​ជួសជុល​បណ្ណាល័យ​ខាងត្បូង នៅ​រួត​ទី​២ របស់​ប្រាសាទអង្គរវត្ត មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដូច​ជា សសរថ្ម​នៅ​ផ្នែក​ខាងត្បូង​ឆៀង​ខាងកើត​បាន​ពុក និង​ប្រេះ​បែក​តាំង​ពីលើ​រហូត​ដល់​ក្រោម រីឯ​ជញ្ជាំង​របស់​បណ្ណាល័យ ក៏​ហែក​ចេញពី​គ្នា​ខុស​ពី​សភាព​ដើម ព្រមទាំង​ធ្វើ​ឱ្យ​ពាក់ព័ន្ធ​ដល់​ធ្នឹម និង​ដំបូល​ខាងលើ​ផង ។

លោក ឃា​ម មុនី ប្រធាន​គ្រប់គ្រង​ការដ្ឋាន​ជួសជុល​បណ្ណាល័យ​ខាងត្បូង ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​បណ្ណាល័យ​ខាង​ត្បួ​ង នៅ​រួត​ទី​២ នៃ​ប្រាសាទអង្គរវត្ត បាន​ជួសជុល​ពង្រឹង​រចនា​សម្ពន្ធ​ដូច​ជា សសរ​នៅ​ផ្នែក​ខាងត្បូង​ឆៀង​ខាងកើត ជញ្ជាំង កម្រាល និង​គ្រឹះ​រួចរាល់​ហើយ​។ ក្រុម​អ្នកជំនាញ បាន​ចាប់ផ្ដើម​ជួសជុល​តាំងពី​ដើមខែ​កក្កដា ឆ្នាំ​២០២៤ ហើយ​បច្ចុប្បន្ន​ការងារ ដ៏​ពិបាក​នេះ បាន​ទទួល​ជោគជ័យ និង​បញ្ចប់​ជា​ស្ថាពរ ។

លោក ឃា​ម មុនី បញ្ជាក់​ទៀត​ថា ក្រុមការងារ ដែល​ជួសជុល​បណ្ណាល័យ​ខាង​ត្បួ​ង នៅ​រួត​ទី​២ នៃ​ប្រាសាទអង្គរវត្ត​នេះ គឺ​អនុវត្ត​ទៅ​តាម​អនុសាសន៍​គណៈកម្មការ​អាយ​ស៊ី​ស៊ី​អង្គរ និង​សំបូរ​ព្រៃ​គុក ដែល​បាន​ចុះ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​។ ការ​ជួសជុល​បាន​ដាក់​ថ្ម​ថ្មី​មួយ​ចំនួន ដើម្បី​ទ្រទ្រង់​រចនា​សម្ពន្ធ​របស់​បណ្ណាល័យ​ទាំងមូល​។ ចំណែក​កម្រាល ក៏​បាន​បន្ថែម​ថ្ម​ថ្មី​ខ្លះ​ៗ សម្រាប់​ការពារ​កុំឱ្យ​ងាក​ក្រៀក​បន្ត​ទៅ​ទៀត ។

ចំពោះ​សសរ​ចាស់​មួយ​ចំនួន នៅ​ផ្នែក​ខាងកើត ក៏​បាន​ពង្រឹង​បន្ថែម​បំណែក​ថ្ម​នៅ​តាម​កន្លែង ដែល​ពុក​ផុយ​ប្រហែល ១​ភាគ​៤ ចំណែក​សសរ​នៅ​ផ្នែក​ខាងក្នុង​ដោយសារ​តែ​ថ្ម​មាន​សភាព​ពុក​ផុយ ក៏​បាន​ដូរ​ថ្ម​ថ្មី​ពាក់កណ្ដាល ដើម្បី​ឱ្យ​ជួយ​ពង្រឹង​រចនា​សម្ពន្ធ​ដំបូល ជញ្ជាំង និង​កម្រាល ដែល​បាន​ហែក​ចេញពី​គ្នា ។

កាលពី​អំឡុង​ខែធ្នូ​កន្លង​មក គណៈកម្មការ​អាយ​ស៊ី​ស៊ី​អង្គរ និង​សំបូរ​ព្រៃ​គុក ដែល​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​បណ្ណាល័យ​ខាងត្បូង នៅ​រួត​ទី​២ របស់​ប្រាសាទអង្គរវត្ត ក៏​បាន​កោតសរសើរ​ដល់​ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​អនុវត្ត​ការ​ជួសជុល​ទៅ​តាម​ក្បួន​ត្រឹមត្រូវ ដែល​ធ្វើ​ឱ្យ​បណ្ណាល័យ​នេះ មាន​ភាពរឹងមាំ និង​មាន​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​គ្រប់​រូប ដែល​តែងតែ​ចេញ​-​ចូល​ទៅ​ទស្សនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ