ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ថ្លែង​ថា​រុស្ស៊ី​បាត់​បង់​កម្លាំ​ង​ប្រយុទ្ធ​៣,៨​ម៉ឺន​នាក់​នៅ​តំបន់​ខឺស

2 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ ស្ដាប់​ទៅ​គួរ​ឱ្យ​រន្ធត់​ជា​ពន់​ពេក​​នៅ​ពេល​អ៊ុយ​​ក្រែន​ថ្លែង​​​ថា​​​រុស្ស៊ី​ដោយ​ហេតុ​តែ​ចង់​វាយ​បណ្ដេញ​​​អ៊ុយ​ក្រែន​ចេញ​ឱ្យ​ផុត​ពី​តំបន់​​ខឺស​ទាំង​ស្រុង​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នោះ ពួក​គេ (រុស្ស៊ី) បាន​ពលី​ជីវិត​យុទ្ធ​ជន​ជា​ច្រើន​។ អគ្គ​បញ្ជា​ការ​កង​ទ័ព​អ៊ុយ​ក្រែន ឧត្ដម​សេនីយ៍​អូឡិច​សាន់​ដឺស ស៊ីស្គី (Oleksandr Syrskyi)…

ទី​ក្រុង​កៀវ៖ ស្ដាប់​ទៅ​គួរ​ឱ្យ​រន្ធត់​ជា​ពន់​ពេក​​នៅ​ពេល​អ៊ុយ​​ក្រែន​ថ្លែង​​​ថា​​​រុស្ស៊ី​ដោយ​ហេតុ​តែ​ចង់​វាយ​បណ្ដេញ​​​អ៊ុយ​ក្រែន​ចេញ​ឱ្យ​ផុត​ពី​តំបន់​​ខឺស​ទាំង​ស្រុង​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នោះ ពួក​គេ (រុស្ស៊ី) បាន​ពលី​ជីវិត​យុទ្ធ​ជន​ជា​ច្រើន​។ អគ្គ​បញ្ជា​ការ​កង​ទ័ព​អ៊ុយ​ក្រែន ឧត្ដម​សេនីយ៍​អូឡិច​សាន់​ដឺស ស៊ីស្គី (Oleksandr Syrskyi) ​បាន​ដក​ស្រង់​របាយ​ការណ៍​របស់​​​ប្រភព​​សម្ងាត់​​​​យោធា​​មក​និយាយ​ថា​ «រុស្ស៊ី​​បាត់​បង់​កម្លាំង​ប្រយុទ្ធ​យ៉ាង​តិច​៣,៨​ម៉ឺន​នាក់​» គិត​ទាំង​ស្លាប់ និង​របួស​នៅ​ខឺស​។

ចំ​នួន​ខាង​លើ​នេះ​គិត​ត្រឹម​​រយៈ​ពេល​ជាង​៤​ខែ​នេះ​ចាប់​តាំង​ពី​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ចូល​តំបន់នោះ​​​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៤​។​ បើ​ដូច​អ្វី​ដែល​អ៊ុយ​ក្រែន​អះ​អាង​មែន ខឺស​ក្លាយ​ជា​ទី​លាន​បញ្ចុះ​សព​យុទ្ធ​ជន​ទាំង​សង​ខាង​។ ​សូម្បី​តែ​​​កូរ៉េ​ខាង​ជើង​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ខ្លួន​សោះ​ ប៉ុន្តែ​​​ដើម្បី​បង្ហាញ​អំពី​ភក្ដី​ភាព និង​មិត្ត​ដែក​ថែប​របស់​ខ្លួន​រវាង​ម៉ូស្គូ និង​ព្យុង​យ៉ាង​ លោក​គីម​ជុង​អ៊ុន​បាន​បញ្ជូន​ទ័ព​ទៅ​ខឺស​ជាង​១,២​ម៉ឺន​នាក់​ដោយ​យោង​តាម​ប្រភព​សម្ងាត់​ពី​អ៊ុយ​ក្រែន,​ កូរ៉េ​ខាង​ត្បូង និង​បស្ចិម​ប្រទេស​។

ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ថ្លែង​ថា​ត្រឹម​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ កូរ៉េ​ខាង​ជើង​បាត់​បង់​កម្លាំង​ប្រយុទ្ធ​ជាង​បី​ពាន់​នាក់​គិត​ទាំង​ស្លាប់​ និង​របួស​។ ប៉ុន្តែ​លោក​លែង​ខ្វល់​ថា​កូរ៉េ​ខាង​ជើង ឬ​រុស្ស៊ី​ហើយ​ ឱ្យ​តែ​ត្រូវ​គីឡូ​គ្នា​ត្រូវ​តែ​ប្រយុទ្ធ​គ្នា​មួយ​អស់​ដៃ​ព្រោះ​ពួក​គេ​បញ្ជូន​ទ័ព​មក​ដោយ​ខ្លួន​ឯង​ទេ​ គ្មាន​នរណា​បបួល​ ឬ​បង្ខិត​បង្ខំ​ពួក​គេ​ឱ្យ​មកប្រយុទ្ធ​ទល់​នឹង​អ៊ុយ​ក្រែន​ឡើយ​។​

គេ​មិន​ទាន់​ដឹង​ថា​តើ​ការ​អះ​អាង​របស់​អគ្គ​បញ្ជា​ការ​កង​ទ័ព​អ៊ុយ​ក្រែន​​មាន​ការ​ពិត​កម្រិត​ណា​ទេ​ព្រោះ​​​រុស្ស៊ី​​រក្សា​ភាព​ស្ងៀម​ស្ងាត់​​​​។ ក្រៅ​ពី​ចំនួន​កង​ទ័ព​ខាង​លើ​នេះ រុស្ស៊ី​ក៏​បាន​បាត់​បង់​គ្រឿង​បរិក្ខារ​យោធា​ជាង​មួយ​ពាន់​គ្រឿង​​ផង​​ដែរ​។ ក្រៅ​ពី​នេះ យុទ្ធ​ជន​រុស្ស៊ី​រាប់​រយ​នាក់​​ត្រូវ​អ៊ុយ​ក្រែន​ចាប់​បាន​ជា​ឈ្លើយ​សឹក​​ដើម្បី​ទុក​ដូរ​គ្នា​នៅ​ពេល​ឱកាស​ល្អ​មក​ដល់​។ ជា​ពិសេស​ ពេល​មាន​បុណ្យ​-​ទាន​ផ្សេង​ៗ​ដូច​ជា​បុណ្យ​គ្រីស​ស្មាស់​ និង​ចូល​ឆ្នាំ​សាកល​​​ជា​ដើម។​​

សូម​រំលឹក​ថា​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ចូល​តំបន់​ខឺស​កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២៤ និង​ចូល​កាន់​កាប់​បាន​១,៣​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​។ ​មុន​ដំបូង ​រុស្ស៊ី​បណ្ដោយ​ឱ្យ​ពួក​គេ​លុក​លុយ​​​ជា​បណ្ដោះ​អាសន្ន​សិន​ចុះ​។ ប៉ុន្តែ​នៅ​ពេល​ដឹង​ថា​លោក​ត្រាំ​ឈ្នះ​ឆ្នោត​ ​​រុស្ស៊ី​ក៏​ដាក់​ផែន​ការ​វាយ​​រំដោះ​​​បាន​ពាក់​កណ្ដាល​មក​វិញ​ហើយ​។ ក្រោយ​មក​ អ៊ុយ​ក្រែន​បង្ហើប​អាថ៌​កំបាំង​ថា​ខ្លួន​​ចង់​ហែក​កម្លាំង​របស់​រុស្ស៊ី​ខ្លះ​ដើម្បី​កុំ​ឱ្យ​ពួក​គេ​វាយ​លុក​ខ្លាំង​ពេក​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​ភាគ​ខាង​កើត​។

ប៉ុន្តែ​​រុស្ស៊ី​មិន​បាន​ធ្វើ​តាម​ការ​បញ្ឆោត​នោះ​ទេ​។ រុស្ស៊ី​​​ចង់​ផ្ដោត​សំខាន់​​​ទៅ​លើ​សមរ​ភូមិ​អ៊ុយ​ក្រែន​​។ ដូច​នេះ​​ ​កង​ទ័ព​រុស្ស៊ី​ដែល​បំពេញ​បេសក​កម្ម​នៅ​អ៊ុយ​ក្រែន​​​​ត្រូវ​រក្សា​ទុក​ដដែល​ ហើយ​​រុស្ស៊ី​សុខ​ចិត្ត​​ហៅ​កង​ទ័ព​កូរ៉េ​ខាង​ជើង​មក​​ជួយ​ច្បាំង​នៅ​ខឺស​​។ ​​​​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​ទឹក​អាមេរិក​​​ចូល​និវត្តថ្លែង​ថា​​តួ​​លេខ​ស្លាប់ និង​របួស​នេះ​បង្ហាញ​ថា​សង្គ្រាម​អ៊ុយ​ក្រែន​បន្ត​ឆាប​ឆេះ​​យ៉ាង​ក្ដៅ​គគុក​​​​។ លោក​យល់​ថា​​រុស្ស៊ី​បាត់​បង់​កម្លាំង​ប្រយុទ្ធ​អស់​ច្រើន​ ហើយ​មិន​អាច​ធ្វើ​កំណែន​ទាន់​ពេល​វេលា​ទេ​ ទើប​បាន​ជា​​កង​ទ័ព​កូរ៉េ​ខាង​ជើង​ទៅ​ជួយ​ច្បាំង​។

អ៊ុយ​ក្រែន​សង្ឃឹម​​ថា​ខ្លួន​អាច​ស៊ូ​ទ្រាំ​នឹង​ការ​វាយ​លុក​របស់​រុស្ស៊ី​នៅ​តំបន់​ខឺស​ ហើយ​នឹង​បន្ត​កាន់​កាប់​ទឹក​ដី​មួយ​ផ្នែក​នៅ​ទី​នោះ​ក្រោយ​ពេល​លោក​ត្រាំឡើង​កាន់​អំណាច​។ ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​មាន​ទម្ងន់​នៅក្នុង​ការ​ចរ​ចា​គ្នា​។ នៅ​សល់​១៧​ថ្ងៃ​ទៀត​ មិន​ដឹង​ថា​តើ​រុស្ស៊ី​អាច​វាយ​យក​តំបន់​នេះ​១០០%​មក​វិញ​ ឬ​យ៉ាង​ណា​។ សម្រាប់​អ៊ុយ​ក្រែន​ ដើម្បី​បន្ត​កាន់​កាប់​ទី​នោះ ពួក​​គេ​ក៏​ត្រូវ​តែ​​​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​ផង​ដែរ​។ ប្រភព​សម្ងាត់​អះ​អាង​ថា​រុស្ស៊ី​បាន​ដាក់ពង្រាយ​​កង​ទ័ព​ក្រាស់​ឃ្មឹក​រហូត​ដល់​៥​ម៉ឺន​នាក់​។ នេះ​មិន​ទាន់​គិត​ដល់​កង​ទ័ព​កូរ៉េ​ខាង​ជើង​ដែល​ត្រៀម​បញ្ជូន​ទៅ​ថែម​ទៀត​ដើម្បី​ជំនួស​​កង​ទ័ព​ដែល​បាន​ស្លាប់​ និង​របួស​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ