ខេត្តបន្ទាយមានជ័យ ៖ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា ។
បើតាមកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីហិ.ង្សាដោយចេតនា នៅចំណុចក្រោយកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ លឿង ភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចកើតហេតុខាងលើ ព្រមទាំងដកហូតវត្ថុតាង ដុំឥដ្ឋប្រហោង ពណ៌លឿង ចំនួន០១ដុំ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះវាយខ្លួនមុន ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ