រាជធានីភ្នំពេញ ៖ រថយន្តទ្រុង ១គ្រឿង ខណៈកំពុងបើកបរសុខៗ បានជួបឧប្បត្តិហេតុដាច់ហ្វ្រាំង ហើយបានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម ពេញទំហឹងបណ្ដាលឲ្យបាក់រាបដល់ដី ទើបទៅមុខលែងរួច។ ពេលនោះ រថយន្តខាងលើបានរងការខូចខាត ក្រពឹតខ្ទេចមុខ និងបែកកញ្ចក់មុខផងដែរ ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់មានគ្រោះថ្នាក់នោះឡើយ ។
ឧប្បត្តិហេតុខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្ត ១គ្រឿង នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 3D-5936 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កំណាត់មហាវិថីឈ្នះ-ឈ្នះនោះ ត្រូវបានបិទម្ខាង គឺខាងគន្លងផ្លូវ ដែលចូលរាជធានីភ្នំពេញ ដោយសារតែទីនោះទើបជួសជុលចាក់បេតុងរួចថ្មីៗ ហើយម៉ូតូអាចបើកឆ្លងកាត់បាន។ ចំណែករថយន្តគ្រប់ប្រភេទ ពេលទៅដល់ចំណុចនោះតម្រូវឲ្យបើកវាងចូលតាមគន្លងផ្លូវចេញពីរាជធានីភ្នំពេញ ជាបណ្ដោះអាសន្នសិន ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងបន្តទៀតថា ដោយឡែកនៅមុនពេលកើតហេតុ រថយន្តខាងលើ បានបើកបរធ្វើដំណើរក្នុងទិសដីពីជើងទៅត្បូង ពីខណ្ឌព្រែកព្នៅ ចូលរាជធានីភ្នំពេញ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែដាច់ហ្វ្រាំង ហើយក៏រេចង្កូតទៅខាងស្ដាំដៃ ឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម ពេញទំហឹង បណ្ដាលឲ្យបាក់រាបដល់ដី ។
ប្រភពដដែល បានប្រាប់បន្ថែមថា ខណៈនោះរថយន្តទៅមុខលែងរួច ហើយបានរងការខូចខាត បែកកញ្ចក់មុខ និងក្រពឹតមុខយ៉ាងដំណំ ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់មានគ្រោះថ្នាក់នោះឡើយ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅកាន់ទីនោះ ហើយបានរាយការណ៍ទៅកាន់នគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅនាំយករថយន្តនោះ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ