ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើប្រទេស ឬដែនដីណា ប្រារព្ធពិធីចូលឆ្នាំសកលមុន និងចុងក្រោយគេបង្អស់?

3 ថ្ងៃ មុន

អន្តរជាតិ ៖ ការប្រារព្ធពិធីចូលឆ្នាំសកលឆ្នាំថ្មី ប្រព្រឹត្តទៅនៅក្នុងពេលវេលាផ្សេងៗគ្នានៅទូទាំងពិភពលោក អាស្រ័យទៅលើដែនដី និងល្វែងម៉ោងខុសៗគ្នា។ ប្រទេស និងដែនដីខ្លះប្រារព្ធពិធីបើកទំព័រឆ្នាំថ្មីមួយនេះមុនគេ ខណៈប្រទេស និងដែនដីខ្លះទៀតយឺតជាងពីរទៅបីម៉ោង…

អន្តរជាតិ ៖ ការប្រារព្ធពិធីចូលឆ្នាំសកលឆ្នាំថ្មី ប្រព្រឹត្តទៅនៅក្នុងពេលវេលាផ្សេងៗគ្នានៅទូទាំងពិភពលោក អាស្រ័យទៅលើដែនដី និងល្វែងម៉ោងខុសៗគ្នា។ ប្រទេស និងដែនដីខ្លះប្រារព្ធពិធីបើកទំព័រឆ្នាំថ្មីមួយនេះមុនគេ ខណៈប្រទេស និងដែនដីខ្លះទៀតយឺតជាងពីរទៅបីម៉ោង ឬច្រើនជាងនេះ។ ដូច្នេះតើប្រទេស ឬដែនដីណា ប្រារព្ធពិធីចូលឆ្នាំសកលមុន និងចុងក្រោយគេបង្អស់?

ដូចបានរាយការណ៍ដោយសារព័ត៌មាន The Sun, The Standard និង Antara កាលពីចុងខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសប្រារព្ធពិធីចូលឆ្នាំសកលមុនគេបង្អស់នោះគឺ គីរីបាទី (Kiribati) ដែលជាប្រទេសដីកោះតូច ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។ គីរីបាទី ទោះបីជាមានផ្ទៃដីតូចបំផុតប្រហែល ៨១១ គីឡូម៉ែត្រការ៉េក៏ដោយ ក៏ជាប្រទេសតែមួយគត់ស្ថិតក្នុងល្វែងម៉ោងដំបូងបំផុតរបស់ពិភពលោក។

ម៉ោងនៅក្នុងប្រទេសដីកោះមួយនេះ ដើរលឿនជាងម៉ោងសកល (GMT) រហូតដល់ ១៤ម៉ោងឯណោះ ដែលមានន័យថា ប្រជាជាតិគីរីបាទីកំពុងចាក់ស្រាសាំប៉ាញអបអរពិធីចូលឆ្នាំសកលរួចទៅហើយ នៅម៉ោងប្រហែល ១០:០០នាទីព្រឹកត្រូវនឹងម៉ោងសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឬម៉ោងប្រហែល ០៥:០០នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ម៉ោងនៅកម្ពុជា។

ប្រទេសគីរីបាទី ដែលត្រូវបានស្គាល់ជាផ្លូវការថា សាធារណរដ្ឋគីរីបាទី គឺជាអតីតអាណានិគមរបស់ចក្រភពអង់គ្លេស ដែលមានទីតាំងនៅឆ្ងាយភាគខាងកើតនៃប្រទេសអូស្ត្រាលី និងប្រហែល៤ពាន់គីឡូម៉ែត្រពីភាគនិរតីនៃកោះហាវ៉ៃ។ ឈ្មោះ គីរីបាទី គឺជាការសរសេរឡើងវិញនៃពាក្យ «បុណ្យណូអែល» ក្នុងភាសាគីរីបាទី ដូច្នេះអ្នកខ្លះតែងតែហៅប្រទេសដែនកោះមួយនេះថា កោះណូអែល។

ដោយឡែក កន្លែងចុងក្រោយបង្អស់ដែលចូលឆ្នាំសកល ក៏ស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ នោះគឺកោះប៊ែកឃើ (Baker) និងកោះហោឡែន (Howland) ដែលស្ថិតនៅភាគខាងកើតនៃប្រទេសដែនកោះគីរីបាទី។ កោះទាំងពីរនេះគ្មានមនុស្សរស់នៅទេ ដូច្នេះ គ្មានការប្រារព្ធពិធីចូលឆ្នាំសកលនៅទីនោះឡើយ។ ហេតុនេះហើយ ទើបកោះសាម័រ (American Samoa) របស់សហរដ្ឋអាមេរិក ដោយប្រារព្ធការពិធីចូលឆ្នាំសកល នៅម៉ោង១១:០០ព្រឹកម៉ោងសកល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ឬម៉ោង ០៦:០០នាទីល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ