ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ជន​រង​គ្រោះ​ចង់​បាន​ចម្លើយ​ក្នុង​ករណី​ឆេះ​យន្ត​ហោះ​កូរ៉េ​ខាង​ត្បូង

3 ថ្ងៃ មុន

ទី​ក្រុ​ងសេអ៊ូល៖ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​​ឆេះ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ជេ​ជូ​អ៊ែ (Jeju Air)​បាន​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​អាជ្ញា​ធរ​ខិត​ខំ​ស្វែង​រក​​​សាក​សព​របស់​សាច់​ញាតិ​ពួក​គេ​។ ឥឡូវ​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ និង​អ្នក​ស៊ើប​អង្កេត​កំពុង​ប្រមូល​សាក​សព​ ឬ​បំណែក​សាក​សព​យក​មក​ផ្គុំ​គ្នា​ដើម្បី​កំណត់​អត្ត​សញ្ញាណ​កម្ម​។ ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ស្វែង​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​យន្ត​ហោះ​ផ្ទុះ​ឆេះ​។ ពួក​គេ​ពិនិត្យ​មើល​​​​​​លទ្ធ​ភាព​២​ដែល​អាច​ជា​​ដើម​​ហេតុ​​នៃ​រឿង​នេះ​។ ទី១-​​​ការ​វាយ​ប្រហារ​របស់​សត្វ​បក្សី​…

ទី​ក្រុ​ងសេអ៊ូល៖ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​​ឆេះ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ជេ​ជូ​អ៊ែ (Jeju Air)​បាន​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​អាជ្ញា​ធរ​ខិត​ខំ​ស្វែង​រក​​​សាក​សព​របស់​សាច់​ញាតិ​ពួក​គេ​។ ឥឡូវ​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ និង​អ្នក​ស៊ើប​អង្កេត​កំពុង​ប្រមូល​សាក​សព​ ឬ​បំណែក​សាក​សព​យក​មក​ផ្គុំ​គ្នា​ដើម្បី​កំណត់​អត្ត​សញ្ញាណ​កម្ម​។

ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ស្វែង​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​យន្ត​ហោះ​ផ្ទុះ​ឆេះ​។ ពួក​គេ​ពិនិត្យ​មើល​​​​​​លទ្ធ​ភាព​២​ដែល​អាច​ជា​​ដើម​​ហេតុ​​នៃ​រឿង​នេះ​។ ទី១-​​​ការ​វាយ​ប្រហារ​របស់​សត្វ​បក្សី​ និងទី​២-​កត្តា​អាកាស​ធាតុ​​។​ ​​តាម​ពិត​​ករណី​ផ្ទុះ​ឆេះ​យន្ត​ហោះ​កូរ៉េ​ខាង​ត្បូង​លើក​នេះ​មាន​រឿង​ច្រើន​ណាស់​ដែល​ត្រូវ​និយាយ​គ្នា​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​ខាង​វិស័យ​អាកាស​ចរណ៍​។

អ្នក​ជំនាញ​ខ្លះ​ដាក់​ជា​សំណួរ​ថា​ហេតុ​អ្វី​បាន​ជា​យន្ត​ហោះ​នេះ​រត់​លឿន​ម៉្លេះ​នៅ​ពេល​​ព្យាយាម​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​? ម៉្យាង​ទៀត​ នៅ​ពេល​កង់​យន្ត​ហោះ​ប៉ះ​ដីហើយ​ ហើយ​បន្ទាប់​ពី​​រត់​ខុស​ផ្លូវ​ ហេតុ​អ្វី​ក៏​ប្រព័ន្ធ​ហ្វ្រាំង​របស់​យន្ត​ហោះ​ដែល​ប្រើ​សុទ្ធ​តែប្រព័ន្ធ​​​អ៊ីដ្រូ​លិក (hydraulic) បែរ​ជា​មិន​អាច​បង្អន់​ល្បឿន​​ចលនា​រត់​របស់​យន្ត​ហោះ​​​រហូត​ដល់​​​ជ្រុល​ទៅ​បុក​ជញ្ជាំង​?

អាជ្ញា​ធរ​ខាង​កោសល្យ​វិច័យ​កំពុង​រើ​កកាយ​​នៅ​កន្លែង​កើត​ហេតុ​ដើម្បី​រក​មើល​បំណែក​សាក​សព​ជន​រង​គ្រោះ​។ នៅ​ក្នុង​ស្ថាន​ភាព​នេះ ប្រធានា​ធិបតីស្ដី​ទី​​កូរ៉េ​ខាង​ត្បូងបាន​បញ្ជា​ឱ្យ​អាជ្ញា​ធរ​ចាត់​វិធាន​ការ​ចាំ​បាច់​ដើម្បី​ធានា​ប្រព័ន្ធ​សុវត្ថិ​ភាព​​នៃ​​វិស័យ​អា​កាស​ចរណ៍​ទូទាំង​ប្រទេស​។ ហេតុ​ការណ៍​នេះ​សម្លាប់​មនុស្ស​​សរុប​១៧៩​​នាក់​។ ក្នុ​ងនោះ​ ​​អ្នក​ដំណើរ​១៧៥​នាក់ និង​បុគ្គ​លិក​របស់​ក្រុម​ហ៊ុន​៤​នាក់​។ សំណាង​ល្អ​​បុគ្គលិក​២​នាក់​ទៀត​អាច​នៅ​រស់​រាន​មាន​ជីវិត។​​ ឥឡូវ​នេះ​កំពុង​សម្រាក​ព្យាបាល​​​របួស​​។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កំពុង​តែ​មាន​ចិត្ត​អន្ទះ​សារ​យ៉ាង​ខ្លាំង​ចង់​បាន​ចម្លើយ​ដ៏​ប្រាកដ​ប្រជា​។ អ្នក​ខ្លះ​​ដល់​ថ្នាក់​មាន​អារម្មណ៍​មួរ​ម៉ៅ​ និង​មាន​កំហឹង​​​​យ៉ាង​ខ្លាំង​។ ដូច្នេះ មន្ត្រី​រដ្ឋាភិបាល​​បាន​សម្ដែង​ការ​សោក​ស្ដាយ​ជា​ពន់​ពេក​ចំពោះ​រឿង​នេះ និង​សូម​ចូ​ល​រួម​រំលែក​មរណ​ទុក្ខ​ជា​មួយ​ពួក​គេ​​។ ​​​សាក​សព​ជន​រង​គ្រោះ​ភាគ​ច្រើន​មិន​​នៅ​ជុំ​គ្នា​ទេ​។ សាក​សពខ្លះ​​​ដាច់​ដៃ​ ដាច់​ជើង ដាច់​ក្បាល​ ឬ​សរី​រៈ​រាង​ដទៃ​ទៀត​​ចេញ​ពី​គ្នា​។ អាជ្ញា​ធរ​ក៏​កំពុង​ខិត​ខំ​​ពង្រឹង​សន្តិ​សុខ​នៅ​កន្លែង​កើត​ហេតុ​ដើម្បី​ថែ​រក្សា​​​ភស្តុ​តាង​។

រហូត​មក​ដល់​ពេល​នេះ ក្រុម​កោ​សល្យ​វិច័យ​អាច​កំណត់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​១៤៦​នាក់​ដោយ​ប្រើ​ប្រាស់​ស្នាម​ក្រយៅ​ដៃ និង​កោសិកា​តំណ​ពូជ​ ឌីអឹន​អេ (DNA)។ គេ​ឃើញ​ទាហាន​កូរ៉េ​ខាង​ត្បូង​បន្ត​ត្រួត​ពិនិត្យ​មើល​តំបន់​ដី​សើម​នៅ​ក្បែរ​ព្រ​លាន​យន្ត​ហោះ​ដើម្បី​រក​មើល​បំណែក​សាក​សព​។ ​មន្ត្រី​ផ្លូវ​ការ​ខាង​លើ​នេះ​ប្រាប់​ថា​ដើម្បី​ប្រមូល​សរីរៈ​រាង​ដែល​នៅ​បែក​ខ្ញែក​គ្នា​​មក​ផ្គុំ​គ្នា​ឡើង​វិញ​ គេ​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​​ដប់​ថ្ងៃ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ