លោក ឃួង ស្រេង ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ត្រៀមព្រឹត្តិការណ៍«សាទរកម្ពុជា»
រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកជំទាវ នារសៀលថ្ងៃទី៣០ ធ្នូ ២០២៤នេះ…
រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកជំទាវ នារសៀលថ្ងៃទី៣០ ធ្នូ ២០២៤នេះ…
រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកជំទាវ នារសៀលថ្ងៃទី៣០ ធ្នូ ២០២៤នេះ បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធរដ្ឋបាលរាជធានីចុះពិនិត្យមើលលើការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីធានាបានថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ដែលនឹងប្រារព្វធ្វើឡើងនៅ ម៉ោង៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល ២០២៥ នៅមុខបរមរាជវាំង ទទួលបានជោគជ័យ និងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានចុះពិនិត្យការលក់ដូរបស់បងប្អូនអាជីករ ក៏ដូចក្រុមហ៊ុនឯកជន ដែលដាក់តាំងលក់ផលិតផលក្នុងស្រុកនិងក្រៅស្រុកតាបតូបស្តង់ជាប់មាត់ទន្លេ សំណាលសួរសុខទុក្ខពួកគាត់ក៏ដូចអ្នកទិញអ្នកមកដើរកម្សាន្តយ៉ាងរាក់ទាក់ ។
អភិបាលរាជធានី បានពិនិត្យនៅទីតាំងមុខបរមរាជវាំង ដែលជាទីតាំងធំសំរាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia»។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានធ្វើការណែនាំអោយអាជ្ញាធរ ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយត្រូវល្បាតជាប្រចាំនៅក្នុង និងក្រៅពិធី។ ចំណែកការរក្សាអនាម័យបរិស្ថាន ក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ ដោយលោក ឃួង ស្រេង បានណែនាំឱ្យឯកឧត្ដមអភិបាលរង ទទួលបន្ទុកជំរុញអោយក្រុមហ៊ុនដឹកជញ្ជូនសំរាម កម្មករប្រមូលសំរាមធ្វើសកម្មភាពជាប្រចាំ ពោលគឺនៅមុនពិធី អំឡុងពិធី និងក្រោយពិធី សំរាមត្រូវតែស្អាតជានិច្ច ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់(ស.ស.យ.ក) ស្តីពីការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំ២០២៤ Celebrating Cambodia របស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានអោយដឹងថា ៖ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅ វេលាអស្ដង្គតចាប់ពីម៉ោង៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល ២០២៥ ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍ នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាព នៃ«អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗ ដែលឆ្លងកាត់ និងជ័យជម្នះ និងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផល នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់ កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម ។
ចំណែកលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពាក់ព័ន្ធនិងការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំថ្មី ២០២៤នេះ ចូលឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ មានរៀបចំប្រគុំតន្ត្រីខ្នាតធំ ចំនួន៤ទីតាំង ក្នុងនោះរួមមាន ៖
១. ក្រុមហ៊ុន Nago World រៀបចំឡើងនៅខាងមុខទីតាំងគាត់តែម្តង មានការប្រគុំតន្ត្រី និងបាញ់កំជ្រួញ ។
២. សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) រៀបចំកម្មវិធីសាទរកម្ពុជានៅបរិវេណមុខវាំង និងទីតាំងជិតនោះ ដោយមានបាញ់កាំជ្រួច ។
៣. ក្រុមហ៊ុនហង្សមាស ប្រគុំតន្ត្រីនៅទីធ្លារសួនច្បារវត្តបុទុមវតី ផ្នែកខាងត្បូង ។
៤. ទូរទស្សន៍បាយ័ន្ត មានកម្មវិធីប្រគុំតន្ត្រី នៅជាប់រង្វង់មូលនាងមច្ឆា ត្រើយម្ខាងក្នុងខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី ២៩-៣០ និង៣១ ឆ្នូ ២០២៤ ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ផងដែរថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗរបស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋមកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ។ ក្រៅពីទីតាំងខាងលើ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ឬ មជ្ឈមណ្ឌលកម្សាន្តឯកជននានា ក៏គេមាន កម្មវិធី របស់ខ្លួន ទៅតាមទំហំទីតាំងជាក់ស្តែងរបស់គេដែរ ៕
ចែករំលែកព័តមាននេះ