ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្សឺបៃហ្សង់​ចង់​ឱ្យ​រុស្ស៊ី​ទទួល​ស្គា​ល់​ថា​ខ្លួន​បាន​បា.ញ់​ទម្លាក់​យន្ត​ហោះ​

3 ថ្ងៃ មុន

ទី​ក្រុង​បាគូ៖ ​ដូច​ការ​សន្និ​ដ្ឋាន​របស់​ក្រុម​បស្ចិម​ប្រទេស​​​មែន យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាហ្សឺ​បៃ​ហ្សង់​ អ៊ែ​ឡាញ (Azerbaijan Airlines) ត្រូវ​​បាន​​បាញ់​ទម្លាក់​ដោយ​ស្នា​ដៃ​របស់​រុស្ស៊ី​​កាល​ពី​សប្ដាហ៍​មុន​​។​ ប្រធានា​ធិបតី​អាហ្សឺ​បៃ​ហ្សង់​ លោក​អាលី​យ៉េវ​ (Aliyev)…

ទី​ក្រុង​បាគូ៖ ​ដូច​ការ​សន្និ​ដ្ឋាន​របស់​ក្រុម​បស្ចិម​ប្រទេស​​​មែន យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាហ្សឺ​បៃ​ហ្សង់​ អ៊ែ​ឡាញ (Azerbaijan Airlines) ត្រូវ​​បាន​​បាញ់​ទម្លាក់​ដោយ​ស្នា​ដៃ​របស់​រុស្ស៊ី​​កាល​ពី​សប្ដាហ៍​មុន​​។​ ប្រធានា​ធិបតី​អាហ្សឺ​បៃ​ហ្សង់​ លោក​អាលី​យ៉េវ​ (Aliyev) ​​យល់​ថា​យ៉ាង​ហោច​ណាស់​លោក​ចង់​ឃើញ​​រុស្ស៊ី​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​​មុន​ថ្ងៃ​ចូល​ឆ្នាំ​សាកល​។

លោក​ក៏​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​រុស្ស៊ី​ចាប់​ខ្លួន​ជន​ដៃ​ដល់​ និង​អ្នក​សម​គំនិត​នៅ​ក្នុង​រឿង​នេះ​យក​ទៅ​ផ្ដន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​។​ ​នៅ​ក្នុង​ចំណោម​​មនុស្ស​សរុប​៦៧​នាក់​នៅ​ក្នុង​យន្ត​ហោះ​នោះ​គិត​ទាំង​អ្នក​ដំណើរ​ និង​បុគ្គ​លិក​របស់​ក្រុម​ហ៊ុន​ ៣៨​នាក់​បាន​ស្លាប់​ ខណៈ​ដែល​២៩​នាក់​នៅ​រស់​រាន​មាន​ជីវិត​។ នៅ​ក្នុង​ចំណោម​អ្នក​នៅ​រស់​ទាំង​នោះ​ក៏​មាន​ជន​ជាតិ​រុស្ស៊ី​៩​នាក់​ផង​ដែរ​។​​

យន្ត​ហោះ​ទំនង​ជា​រង​ការ​វាយ​ប្រហារ​ដោយ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​រុស្ស៊ី​នៅ​ពេល​ព្យាយាម​ចុះ​ចត​នៅ​តំបន់​ឆេច​នី​ (Chechnya)។ ​បន្ទាប់​មក​ យន្ត​ហោះ​នេះ​បាត់​ម្ចាស់​ការ​ និង​បក​ត្រឡប់​ក្រោយ​មក​រក​ដែន​អាកាស​ប្រទេស​កាហ្សាក់​ស្ថាន​វិញ​។ កាល​ពី​ថ្ងៃ​សៅរ៍ លោក​ពូទីន​បានហៅ​ទូរ​ស័ព្ទ​ទៅ​ប្រ​ធា​នា​​ធិបតី​អាហ្សឺ​បៃ​ហ្សង់​ និង​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​រឿង​នេះ​។

លោក​ទំនង​ជា​ចង់​ឱ្យ​អាហ្សឺបៃហ្សង់​យោគ​យល់​អធ្យា​ស្រ័យ​ទុក​ជា​មុន​បើ​ក្រុម​អ្នក​ស៊ើប​អង្កេត​រក​ឃើញ​ថា​នេះជា​ស្នា​ដៃ​របស់​រុស្ស៊ី​។ ប៉ុន្តែ​លោក​មិន​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​ទេ​។ ​សម្រាប់​ប្រមុខ​ដឹក​នាំ​អាហ្សឺ​បៃ​ហ្សង់​ លោក​អា​លី​យ៉េវ លោក​ហាក់​ដូច​ជា​អាក់​អន់​ស្រពន់​ចិត្ត​​យ៉ាង​ខ្លាំង​ដែល​រុស្ស៊ី​ព្យាយាម​​លាក់​បាំង​រឿង​នេះ​ ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​របស់​លោក​វិល​ក្បុង​ និង​វ៉ៃ​ស្មាន​ទៅ​រក​មូល​ហេតុ​អ្វី​ផ្សេង​។​

អ្នក​ខ្លះ​ប៉ាន់​ស្មាន​ថា​ប្រហែល​មាន​សត្វ​បក្សី​១​ក្បាល ឬ​មួយ​ហ្វូង​ហើរ​ទៅ​ប៉ះ​យន្ត​ហោះ​។ ​ទន្ទឹម​នឹង​ការ​ទទួល​យក​នូវ​ការ​សោក​ស្ដាយ​របស់​លោក​ពូទីន លោក​អាលីយ៉េវ​ចង់​ឱ្យ​រុស្ស៊ីប្រកាស​ទទួល​ស្គាល់​កំហុស​ជា​ផ្លូវ​ការ​ និង​ផ្ដល់​ប្រាក់​សំណង​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​ និង​របួស​។ សូម​រំលឹក​ថា​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាហ្សឹ​បៃ​ហ្សង់​ អ៊ែ​ឡាញ​​បាន​ចាក​ចេញ​ដំណើរ​ពី​ទី​ក្រុង​បាគូ (Baku)​ ប្រទេស​អាហ្សឺ​បៃហ្សង់​ សំដៅ​ទៅ​​ទី​ក្រុង​ក្រូស​ស្នី (Grozny) នៃ​តំបន់​ឆេច​នី​របស់​ប្រទេស​​រុស្ស៊ី​។

បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ដោយ​ប្រព័ន្ធ​អេឡិច​ត្រូនិច និង​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ យន្ត​ហោះ​នេះ​ក៏​បាត់​ម្ចាស់​ការ​ និង​ហោះ​ក្រវែល​ឥត​ទិស​ដៅ​ពិត​ប្រាកដ​នៅ​លើ​ដែន​អាកាស​ប្រទេស​កាហ្សាក់​ស្ថាន​។ ពេល​នោះ យន្ត​ហោះ​ស្ថិត​នៅ​ចម្ងាយ​៣​គីឡូ​ម៉ែត្រ​ពី​អាកាស​យាន​ដ្ឋាន​នៃ​ទី​ក្រុង​អាក​តូ (Aktau) ហាក់​ដូច​ជា​ចង់​ចុះ​ចត​ជា​បន្ទាន់​។ មិន​ទាន់​ចុះ​ចត​ផង​ យន្ត​ហោះ​នេះ​ក៏​ធ្លាក់​នៅ​លើ​ឆ្នេរ​ខ្សាច់​មាត់​សមុទ្រ​។​

អ្នក​ដំណើរ​ភាគ​ច្រើន​បំផុត​ជា​ជន​ជាតិ​អាហ្សឺបៃហ្សង់​។ ក្រៅ​ពី​នេះ​មាន​​ជន​ជាតិ​រុស្ស៊ី​, ​កាហ្សាក់​ស្ថាន​​ និង​កឺក​គីស្ថាន​​ (Kyrgyzstan)។​ ក្រុម​អ្នក​ជំនាញ​ខាង​វិស័យ​អាកាស​ចរណ៍​សន្និ​ដ្ឋាន​ថា​ប្រព័ន្ធ​ជី​ភី​អេស​ (GPS) របស់​យន្ត​ហោះ​ទំនង​ជា​បាត់​ម្ចាស់​ការ​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ប្រព័ន្ធ​អគ្គិសនី​ឆក់​ និង​អម្បែង​គ្រាប់​មីស៊ីល​របស់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​។​ ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ អាជ្ញា​ធរ​រុស្ស៊ី​អះ​អាង​​ផ្សេង​ពី​នេះ​។ ពួក​​គេ​ថា​​មាន​ហេតុ​ការណ៍​​​ផ្ទុះ​ធុង​​ហ្គាស​នៅ​ក្នុង​យន្ត​ហោះ​។

ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រធានា​ធិបតី​អាហ្សឺ​បៃ​ហ្សង់​ខឹង​សម្បារ​ព្រោះ​ពួក​គេ​មិន​ព្រម​និយាយ​ត្រង់​ៗ​ទេ​​ ប៉ុន្តែ​ព្យាយាម​និយាយ​បង្វែង​ដាន ភូត​កុហក និង​បិទ​បាំង​ការ​ពិត​។ នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​នោះ​ លោក​ពូទីន​ហាក់​ដូច​ជា​បាន​ទទួល​ស្គាល់​ការ​ពិត​បាត់​ទៅ​ហើយ​នៅ​ពេល​លោក​និយាយ​ដោយ​ប្រយោល​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​បើក​ដំណើរ​ការ​យ៉ាង​សកម្ម​បំផុត​ដើម្បី​តាម​ប្រមាញ់​យន្ត​ហោះ​ដ្រូន​របស់​អ៊ុយ​ក្រែន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ