ខេត្តកំពង់ចាម ៖ ដោយការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយសហការជាមួយឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ លើករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរអិលធ្លាក់ផ្លូវមកបុកដើមឈើជាប់មាត់ជ្រោះ ចាត់ទុកជាមហាសំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់ ដោយមិនមានអ្នកណារងរបួស។ គិតរហូតមកដល់ព្រឹកថ្ងៃទី៣០ ធ្នូ ពួកគាត់បានធ្វើដំណើរតាមរថយន្តមកដល់ផ្ទះវិញអស់ហើយ នេះបើតាមការបញ្ជាក់ពីស្ថាប័នអប់រំខេត្តកំពង់ចាម ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ខណៈពេលដែលរូបលោក រួមជាមួយនឹងលោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងសហការីជាច្រើននាក់ ត្រូវបានឯកឧត្ដម អភិបាលខេត្តកំពង់ចាម ចាត់ឲ្យចាំទទួលដំណើរវិលត្រឡប់វិញ របស់សិស្សានុសិស្សទាំងអស់នោះ នៅខាងមុខវិទ្យាល័យល្វា ស្រុកព្រៃឈរ ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ឲ្យដឹងដែរថា ពេលនេះ សិស្សវគ្គទី១ ចំនួន ១៥នាក់ បានមកដល់គោលដៅហើយ តែយើងក៏នៅតែបន្តរង់ចាំទទួលដំណើរវិលវិញ របស់សិស្ស ក្នុងវគ្គបន្តបន្ទាប់ទៀត ផងដែរ ។ ដោយឡែក សិស្សមួយចំនួនទៀត ក៏ត្រូវបានឪពុកម្ដាយ របស់ពួកគេ បានទៅទទួលដោយផ្ទាល់ ពីខេត្តកំពង់ស្ពឺ មកកាន់លំនៅដ្ឋាន របស់ពួកគេហើយនាយយប់ថ្ងៃដដែលរហូតដល់រំលងអធ្រាតឈានចូលព្រឹកថ្ងៃទី៣០ធ្នូ ។
សូមជម្រាបថា នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ មានករណីរថយន្តក្រុង១គ្រឿងបានរេចង្កូតធ្លាក់ផ្លូវ រួចទៅអែបនឹងជ្រោះ មានដើមឈើ នៅចំណុច លោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ស្ថិតនៅក្នុងភូមិសាស្ត្រ លើខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈគីរីរម្យ នៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជាមួយនោះ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម និងឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ ក៏បានចាត់កម្លាំងសមត្ថកិច្ចជំនាញ ប្រតិបត្ដិការអន្ដរាគមន៍ ជួយសង្គ្រោះមនុស្ស ទាន់ពេលវេលា និងបានដឹកជញ្ជូនសិស្សទាំងនោះ ធ្វើដំណើរតាមរថយន្តផ្សេងវិលត្រឡប់មកកាន់វិទ្យាល័យល្វាវិញ ទៅតាមដំណាក់កាលបន្តបន្ទាប់ផងដែរ ។
លោកស្រី ឃាន សុភាព នាយិកាវិទ្យាល័យល្វាបានឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យនៃខេត្តកំពង់ស្ពឺនេះ ដឹកនាំដោយគ្រូ០១រូប និងក្រុមគ្រួសារចំនួន០៤រូប ហើយបានធ្វើដំណើរ តាមរយន្តក្រុង១គ្រឿង មានមនុស្សសរុប៦៨នាក់ ។
ចំណែកមន្ត្រីការិយាល័យអប់រំស្រុកព្រៃឈរវិញបានបញ្ជាក់ឲ្យដឹងដែរថា ដំណើរទស្សនកិច្ចរបស់សិស្ស និស្សិតទាំងអស់នេះទៅកាន់គិរីរម្យ បានទៅដល់គោលដៅនិងពេលដែលត្រឡប់ចេញមកវិញក៏ជួបហេតុការណ៍គ្រោះថ្នាក់នេះតែម្ដង។ ដោយរថយន្តបើកធ្លាក់ផ្លូវសំណាងណាស់បានដើមឈើជួយទប់ធ្វើឲ្យពួកគាត់នៅលើរថយន្តទាំងអស់ផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។
ចែករំលែកព័តមាននេះ