ខេត្តកណ្តាល ៖ ជនជាតិឥណ្ឌាចំនួន៧នាក់ បានត្រូវអាជ្ញាធរនិងសមត្ថកិច្ចខេត្តចាប់ខ្លួន ក្រោយពីដើរធ្វើសកម្មភាពផ្ដល់ប្រាក់កម្ចីក្រៅផ្លូវការ តាមមូលដ្ឋានក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ។ នេះបើតាមសមត្ថកិច្ចឱ្យដឹង កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ។ យ៉ាងណាក៏ដោយ ការចាប់ខ្លួនធ្វើត្រឹមតែមួយថ្ងៃ ក្រោយពីមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត គួច ចំរើន ។
បើតាមរបាយការណ៍របស់អាជ្ញាធរបានឱ្យដឹងថា ជនជាតិឥណ្ឌាទាំង៧នាក់នេះ ត្រូវបានឃាត់
ខ្លួនជាបន្តបន្ទាប់នៅក្រុងតាខ្មៅរួមមាន ៖
១-ឈ្មោះ ម៉ាណូច (Manoj) អាយុ៤៨ឆ្នាំ ។
២-ឈ្មោះ យ៉ាដាវ ឌីប៉ាក(Yadav Deepak) អាយុ២៨ឆ្នាំ ។
៣-ឈ្មោះ ចក្រាបូទី ស៊ូម៉ាន់តា (Chakraboty
Sumanta) ជាព្រះសង្ឃ ។
៤-ឈ្មោះ យ៉ាដាវ ស៊ូនីល(Yadav Sunil) អាយុ៣០ឆ្នាំ ជាមេខ្លោងមកពីរាជធានីភ្នំពេញ ។
៥-ឈ្មោះ ឡាខាន់ដា(Lakhandar)អាយុ៣២ឆ្នាំ ។
៦-ឈ្មោះ នីសាដ ហ្កូលូ(Nishad Golu) អាយុ២៦ឆ្នាំ ។
៧-ឈ្មោះ សាហានី ប្រីជេស (Sahani Brijesh) អាយុ៣០ឆ្នាំ ។
ក្រុមជននេះ បានផ្ដល់ប្រាក់កម្ចីចំនួន៣៥នាក់ ដោយក្នុងម្នាក់ៗឱ្យខ្ចីចាប់ពី២០ម៉ឺនទៅ១លានរៀល ហើយត្រូវបង់ប្រចាំថ្ងៃក្នុង១ថ្ងៃ២ម៉ឺនរៀល ទៅតាមទំហំទឹកប្រាក់ និងចំនួនថ្ងៃដែល
បានចរចា ។
ការឃាត់ខ្លួនជនជាតិឥណ្ឌាទាំង៧នាក់នេះ ធ្វើឡើង បន្ទាប់ពីមានការរីករាលដាលកាន់តែច្រើននៅតាមខេត្តដាច់ស្រយាល និងនៅជាយរាជធានីភ្នំពេញ ។ ជុំវិញបញ្ហានេះ លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ក៏ធ្លាប់លើកឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី«ស្ថានភាពបំណុលនៅកម្ពុជា» រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ថា កន្លងមកការផ្ដល់កម្ចីក្រៅផ្លូវការនេះ ភាគច្រើនផ្តល់ដោយជនជាតិចិន ។
ប៉ុន្តែ ចុងក្រោយមានលេចឡើងនូវជនជាតិឥណ្ឌា ផ្តល់ប្រាក់កម្ចីក្នុងរូបភាពជាលុយរាប់ មានការប្រាក់ប្រមាណ២០ភាគរយ ពោលគឺបើសិនជាពួកគេផ្តល់កម្ចី ១០០ដុល្លារត្រូវបង់សងវិញមួយថ្ងៃ៥ដុល្លារ និងមានរយៈពេល២៤ថ្ងៃ ។
សកម្មភាពផ្តល់ប្រាក់កម្ចីក្រៅផ្លូវការនេះ កំពុងរីករាលដាលច្រើន ដោយសារការផ្ដល់ឥណទានបែបនេះមានភាពងាយស្រួល តែមានការប្រាក់ខ្ពស់ ស្របពេលពលរដ្ឋភាគច្រើនចូលចិត្តយកកម្ចីបែបនេះ ដោយមិនបានគិតពិចារណាឱ្យបានល្អិតល្អន់ និងគិតថាមានភាពងាយស្រួលក្នុងពេលពួកគេមានតម្រូវការហិរញ្ញវត្ថុ ។
ដោយឡែក លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ការផ្ដល់កម្ចីក្រៅផ្លូវការរបស់ជនជាតិឥណ្ឌាមាន២ទម្រង់ ដោយដំបូងឡើយ គឺក្នុងរូបភាពលក់សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយតម្រូវឱ្យអ្នកទិញបង់រំលស់សងប្រចាំថ្ងៃ តាមកម្រិតនៃតម្លៃទំនិញ និងក្រោយមកពង្រីកអាជីវកម្មតាមរយៈការផ្ដល់ប្រាក់កម្ចី ដោយទូទាត់សងវិញប្រចាំថ្ងៃដូចការលក់សម្លៀកបំពាក់ដែរ ។
ជនជាតិឥណ្ឌាឈប់ដើរលក់មុង ពេលនេះដើរចងការប្រាក់ខុសច្បាប់
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត ថ្លែងថា ជនជាតិឥណ្ឌាពេលនេះឈប់ដើរមុងទៀតហើយ តែបានដើរធ្វើសកម្មភាពចងការប្រាក់ខុសច្បាប់វិញ ហើយអាជ្ញាធរនិងសមត្តកិច្ចត្រូវឃ្លាំមើល និងមានវិធានការតាមច្បាប់ ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ នៅក្នុងសន្និបាតបូកសរុបការងារ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅសាលប្រជុំសាលាខេត្ត ។
ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ជនជាតិឥណ្ឌាឈប់ដើរលក់មុងហើយ តែពេលនេះដើរធ្វើសកម្មភាពចងការប្រាក់ដល់ប្រជាពលរដ្ឋតាមភូមិ ដោយខ្ចី១០០ដុល្លារបានត្រឹមតែ៧០ដុល្លារទេ ហើយយកអត្តសញ្ញាណប័ណ្ណអ្នកខ្ចី ។ កន្លងមក មានប្រជាពលរដ្ឋខ្លះបានចាញ់បោកជនជាតិឥណ្ឌាដែលដើរចងការប្រាក់តាមភូមិ គឺចងការប្រាក់១០០ដុល្លារបានត្រឹមតែ៧០ដុល្លារ ដោយប្រើល្បិចដកថ្លៃការមុន ទើបប្រជាពលរដ្ឋដឹងថាចាញ់បោក និងប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ។
ហេតុនេះ ពេលណាឃើញជនជាតិឥណ្ឌានិងពលរដ្ឋខ្មែរ ដើរចងការប្រាក់ប្រើល្បិចបែបនេះ សូមរាយការណ៍ជូនដើម្បីឃាត់ខ្លួន ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ