បរទេស ៖ រឿងរ៉ាវរបស់បុរសម្នាក់ ដែលមានចេតនាធ្វើបុណ្យទានដោយការបរិច្ចាគលុយទៅអោយព្រះវិហារ ប៉ុន្តែបែរជាត្រូវជួបរឿងស៊យ ដោយបាត់បង់ទូរស័ព្ទដៃ iPhone ភ្នែក៣ ទៅវិញនោះកំពុងផ្ទុះការចែករំលែក និងជជែកវែកញែកយ៉ាងផុសផុលតាមបណ្តាញសង្គមក្នុងប្រទេសឥណ្ឌា ។
ប្រភពពីសារព័ត៌មាន India Time បានបញ្ជាក់ថា រឿងរ៉ាវដ៏ចម្លែកមួយនេះបានកើតមានឡើងនៅព្រះវិហារមួយកន្លែងឈ្មោះ Arulmigu Kandaswamy ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ ។
យោងតាមវីដេអូដែលបានផ្សព្វផ្សាយបង្ហាញថា បុរសម្នាក់កំពុងកាយលុយ កាយកាក់ចេញពីធុង ពណ៌ទឹកប្រាក់មួយដែលហិបបរិច្ចាគ ក្នុងព្រះវិហារខាងលើ ដើម្បីរាវរកមើលទូរស័ព្ទដៃ iPhone របស់គាត់ចេញពីក្នុងនោះមកវិញ ។
ទោះបីជារកឃើញក្តី តែមន្ត្រីព្រះវិហារមិនប្រគល់ទូរស័ព្ទនោះមកវិញឡើយ ដោយពួកគេសំអាងថា ទូរស័ព្ទនេះបានធ្លាក់ចូលក្នុងហិបបរិច្ចាគ ដូច្នេះវា គឺជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ព្រះវិហារ ។
បុរសរូបនេះមានឈ្មោះថា Dinesh ដោយបាននិយាយរៀបរាប់ប្រាប់សារព័ត៌មានទាំងហួសចិត្តថា គាត់គ្មានចេតនាបរិច្ចាគទូរស័ព្ទ iPhone របស់ខ្លួនឡើយ ដែលតាមការពិតទៅវាបានរអិលធ្លាក់ចូលក្នុងហិបនោះដោយចៃដន្យ កំឡុងពេលដែលខ្លួនដាក់លុយចូលហិប ក្រោយពីបានបន់ស្រន់ក្នុងព្រះវិហាររួចតែប៉ុណ្ណោះ ។ លោក Dinesh បន្តថា បើទោះបីជាគាត់ព្យាយាមពន្យល់បកស្រាយប្រាប់ពួកគេ ដោយការអង្វរសុំទូរស័ព្ទមកវិញយ៉ាងណាក៏អត់បានផលដែរ ។
ចុងក្រោយបានត្រឹមតែទាញយកទិន្នន័យពីក្នុងទូរស័ព្ទដៃរបស់ខ្លួនតែប៉ុណ្ណោះ ។ រឿងរ៉ាវចម្រូងចម្រាស់នេះក៏បានដឹងលឺទៅដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាហិណ្ឌូប្រចាំរដ្ឋ Tamil Nadu គឺលោក PK Sekar Babu ដោយលោកចាត់ទុកទង្វើរបស់ភាគីខាងព្រះវិហារ គឺជារឿងដ៏ត្រឹមត្រូវ ។
លោករដ្ឋមន្ត្រីពន្យល់ថា អនុលោមតាមច្បាប់ដែលអនុម័ត កាលពីឆ្នាំ១៩៧៥ បានចែងថា រាល់ដង្វាយទាំងអស់ដែលបានចូលទៅក្នុងហិបបរិច្ចាគ ឬហៅតាមភាសាឥណ្ឌាថា « hundial» ទោះជាចេតនា ឬអចេតនាក្តី ត្រូវបានចាត់ទុកថាជាវត្ថុដ៏ពិសិដ្ឋរបស់អាទិទេព ច្បាប់មិនអនុញ្ញាតឱ្យយើងប្រគល់វាជូនម្ចាស់ដើមវិញជាដាច់ខាត ។
តែយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រី បានសន្យាថា លោកនឹងលើកយករឿងនេះទៅពិភាក្សាជាមួយមន្ត្រីក្រោមឱវាទ ដើម្បីសិក្សាពីលទ្ធភាពផ្តល់ប្រាក់សំណងទៅអោយលោក Dinesh ដើម្បីយកប្រាក់នោះទៅទិញទូរស័ព្ទថ្មី ។
ឧបទ្ទវហេតុស្រដៀងគ្នានេះមិនមែនទើបតែកើតមានក្នុងប្រទេសឥណ្ឌានោះទេ គេចាំបានថា កាលពីឆ្នាំ២០១៣ នារីម្នាក់ក្នុងរដ្ឋ Kerala បានធ្វើឱ្យជ្រុះខ្សែករមាសទម្ងន់ 1.75 គីឡូដោយចៃដន្យទៅក្នុងហិបបរិច្ចាគក្នុងព្រះវិហារ Sri Dhandayuthapani Swamy ក្នុងពេលដែលនាងកំពុងដោះកម្រងផ្កាចេញពីកររបស់នាងទៅថ្វាយព្រះ ។
ហើយរឿងនេះត្រូវបានបញ្ចប់ដោយភាគីថ្នាក់នាំនៃព្រះវិហារបានសម្រេចចិត្តទិញខ្សែមាសថ្មីមួយខ្សែ ដែលមានតម្លៃស្មើនឹងខ្សែកដែលបានជ្រុះនៅអោយនារីម្នាក់នោះវិញ ។ ចុះបើមានច្បាប់នេះនៅស្រុកខ្មែរ តើបងប្អូនយល់ឃើញយ៉ាងណាដែរ?
ចែករំលែកព័តមាននេះ