ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ២៩ ធ្នូ​ ២០២៤ គឺជា«ទិវាសន្តិភាពនៅកម្ពុជា» និងខួបលើកទី២៦នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះនាំមកនូវសុខសន្តិភាព និងការផ្សះផ្សារជាតិជូនមាតុភូមិកម្ពុជារហូតមកដល់បច្ចុប្បន្ន ។ នេះ បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល…

រាជធានីភ្នំពេញ ៖ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះនាំមកនូវសុខសន្តិភាព និងការផ្សះផ្សារជាតិជូនមាតុភូមិកម្ពុជារហូតមកដល់បច្ចុប្បន្ន ។ នេះ បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ខួប២៦ឆ្នាំនៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជាមានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរថ្ងៃដ៏រីករាយជាប្រវត្តិសាស្ត្រក្នុងសង្គមខ្មែរ ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី២៩, ៣០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អមជាមួយនឹងមានបាញ់កាំជ្រួច តាំងពិព័រណ៍ និងកម្មវិធីជាច្រើនទៀត ។

សម្រាប់ពិធីអបអរសាទរខួបលើកទី២៦ ទិវា «សន្តិភាពនៃកម្ពុជា» ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មានកម្លាំងចូលរួមពិធីធ្វើពិធីមទិ្ទញប្រមាណជាង១ម៉ឺននាក់ ។

សូមបញ្ជាក់ថា ការរៀបចំខួបលើកទី២៦នៃទិវា«សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) ជាទិវានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។

ទិវានេះក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។

ទន្ទឹមនឹងនេះដែរ ទិវា «សន្តិភាពនៅកម្ពុជា» ក៏ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិទាំងសមរភូមិសង្គ្រាម សមរភូមិការទូត និងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅកម្ពុជា ។

ការរៀបចំទិវា «សន្តិភាពនៅកម្ពុជា» នាឆ្នាំ២០២៤នេះ គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ទាំងក្នុងពេលបច្ចុប្បន្នទាំងក្នុងពេលអនាគតឱ្យចង់ចាំជានិច្ច អំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជាព្រមទាំងផលវិបាកនានាដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម ហើយក៏ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងភិយ្យោភាព។

ការប្រារព្ធទិវានេះ គឺបានរំលេចអំពីគុណបំណាច់ និងការលះបង់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។ សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៩៧ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយពេញលេញ ។

ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ ធ្នូ ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុមច្រើនពណ៌មកជាខ្មែរតែមួយរហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំរហូតមកដល់សព្វថ្ងៃនេះ ។ ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ ធ្នូ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមរូបមន្តឈ្នះឈ្នះ គឺឈ្នះទាំងអស់គ្នា ។ សន្តិភាពមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ ។

ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលស្រលាញ់សន្តិភាព និងចង់ថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតរៀងទៅរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យថែរក្សាសន្តិភាពពីថ្នាក់ដឹកនាំជំនាន់មុនឱ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ដូច្នេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីឆ្នាំ២០២៤តទៅ ។

 សូមបញ្ជាក់ថា ក្នុងពិធីប្រារព្ធខួបលើកទី២៦ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៦ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ក៏បានរៀបចំពិធីតាំងពិព័រណ៍ដោយមានការចូលរួមពីស្ថាប័នក្រសួងនានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ