ខេត្តកំពង់ស្ពឺ ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បាននិយាយឱ្យដឹងថា ពេលបច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ស្ពឺ មានការវិនិយោគលើវិស័យរោងចក្រសហគ្រាសច្រើនដែលក្នុងនោះក៏មានរោងចក្រកែច្នៃផ្លែឈើច្រើនផងដែរ ហើយការកើនឡើងនៃរោងចក្រកែច្នៃកសិផលនេះ មានរហូតដល់ទៅ១៥កន្លែង នៅឆ្នាំ២០២៤នេះ ដែលធ្វើឱ្យផ្លែស្វាយកែវរមៀតកាន់តែមានទីផ្សារ និងតម្លៃល្អ ។
លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។
លោកយឹម ណន ប្រធានមន្ទីរកសិកម្មបានលើកឡើងទៀតថា សម្រាប់ផ្ទៃដីដាំស្វាយកែវរមៀត នៅក្នុងខេត្តកំពង់ស្ពឺ មានចំនួនជាង៥ម៉ឺនហិកតា ហើយកំពុងឱ្យផលជាង៤ម៉ឺនហិកតា ខណៈនៅឆ្នាំនេះការប្រមូលផលបានជាង៥០ម៉ឺនតោន ។ តម្លៃស្វាយកែវរមៀតដែលត្រូវលក់ចេញមានចំនួន២ប្រភេទក្នុងនោះទី១.ស្វាយខៀវ ដែលត្រូវនាំចូលរោងចក្រ តម្លៃទាបបំផុត៥០០រៀល ក្នុងមួយគីឡូក្រាម និងទី២.ស្វាយខ្ចប់ស្រស់ តម្លៃចាប់ពី១.៥០០ ទៅ២.០០០រៀល ក្នុងមួយគីឡូក្រាមដែលតម្លៃប៉ុណ្ណេះធ្វើឱ្យកសិករអាចទទួលយកបាន ហើយពួកគាត់ក៏សប្បាយចិត្ត ខណៈរោងចក្រកែច្នៃផ្លែស្វាយនេះ គឺមានទាំងការធ្វើជាដំណាប់ និងនាំចេញស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ។
ប្រធានមន្ទីរកសិកម្ម លោក យឹម ណន បានបន្ថែមថា ក្រៅពីស្វាយកែវរមៀត គឺដំណាំស្រូវឆ្នាំនេះក៏មានតម្លៃល្អផងដែរ ហើយប្រជាកសិករក៏មិនមានការរអ៊ូរទាំរឿងតម្លៃដែលក្នុងនោះស្រូវសែនក្រអូបជាដើមមានតម្លៃចាប់ពី១.៣០០រៀល ទៅ១.៤០០រៀលក្នុងមួយគីឡូក្រាម ។
ក្នុងគ្រានេះដែរលោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺបន្តជួយដោះស្រាយបញ្ហាកសិផលរបស់ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពក៏ដូចជា ពង្រឹងចំណេះដឹងបច្ចេកទេសការដាំដុះបន្ថែមដល់ពួកគាត់ ដើម្បីឱ្យកសិផលទទួលបានផលល្អ ។
ត្រង់ចំណុចនេះលោក យឹម ណន បានបញ្ជាក់ថា មន្ត្រីជំនាញនឹងបន្តជួយកសិករម្ចាស់ស្វាយឱ្យពួកគាត់ចូលរួមអនុវត្តន៍លទ្ធិកម្មកសិកម្មល្អ (GAP) និងការជួយពង្រឹងការធ្វើលទ្ធកម្មកសិកម្មល្អតាមកិច្ចសន្យា ដោយធានាពេលឱ្យផល គឺមានអ្នកទិញ ហើយតម្លៃអាចនិយាយគ្នាបាន ។
សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ ជាខេត្តសម្បូរដើមត្នោតជាងគេ ក្នុងប្រទេសកម្ពុជាមួយនេះមានដំណាំសក្ដានុពលជាច្រើនដូចជា ស្វាយកែវរមៀត អំពៅ និងស្រូវជាដើម ហើយក៏មានបន្លែជាច្រើនប្រភេទ ខណៈការចិញ្ចឹមសត្វលក់សាច់ និងពូជក៏មានច្រើនកសិដ្ឋានផងដែរ៕
ចែករំលែកព័តមាននេះ