ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​វគ្គ​សុក្រឹតការ សម្រាប់​អធិការ​ការងារ​ត្រៀមខ្លួន​បំពេញ​មុខងារ​ជា​នគរបាល​យុត្តិធម៌

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ វគ្គ​សុក្រឹតការ ស្តី​ពី «​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ការងារ និង​សន្តិសុខ​សង្គម» ត្រូវ​បាន​រៀបចំ​ពិធី​បិទ​វគ្គ ក្រោម​អធិបតីភាព​ឯកឧត្តម ហេង…

រាជធានី​ភ្នំពេញ​ ៖ វគ្គ​សុក្រឹតការ ស្តី​ពី «​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ការងារ និង​សន្តិសុខ​សង្គម» ត្រូវ​បាន​រៀបចំ​ពិធី​បិទ​វគ្គ ក្រោម​អធិបតីភាព​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​សុក្រ ទី​២៧ ខែធ្នូ ឆ្នាំ​២០២៤​។

វគ្គ​សុក្រឹតការ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣-២៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ មាន​គោលបំណង​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​អធិការ​ការងារ​សរុប​ចំនួន ២៥៩​នាក់ ដែល​ត្រៀមខ្លួន​បំពេញ​មុខងារ​ជា​នគរបាល​យុត្តិធម៌ នា​ពេល​ខាង​មុខ​នេះ​ ។

ឯកឧត្តម ហេង សួរ ចាត់​ទុក​ថា​វគ្គ​សុក្រឹតការ​នេះ​ជា​សមិទ្ធផល​ជំហាន​ដំបូង ដែល​រៀបចំ​ឡើង​សម្រាប់​អធិការ​ការងារ​ដែល​នឹង​ត្រូវ​បំពេញ​តួនាទី​ជា​នគរបាល​យុត្តិធម៌ នា​ពេល​ខាង​មុខ​នេះ ដើម្បី​អនុវត្ត​ដោយ​ពេញលេញ​នូវ​តួនាទី និង​ពិនិត្យ​បទល្មើស​ដូច​មាន​ចែង​ក្នុង​ច្បាប់​ការងារ ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វិទ្យាស្ថាន​ជាតិ​ការងារ និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ដែល​បាន​សហការ​រៀបចំ​វគ្គ​សុក្រឹតការ​នេះ​ឡើង ដើម្បី​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​អធិការ​ការងារ​ក្នុង​ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ លក្ខខណ្ឌ​សុវត្ថិ​ភាព និង​សុខភាព​ការងារ របប​សន្តិសុខ​សង្គម និង​សេរីភាព​សមាគម​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ស្រប​តាម បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន ជា​ពិសេស​ការ​ធ្វើ​អធិការកិច្ច​ការងារ​ពិសេស តាមដាន​ការ ដាក់​កំហិត ក៏​ដូច​ជា​ការ​កសាង​សំណុំរឿង​ផាកពិន័យ​ស្រប​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ឱ្យ​កាន់តែ​មាន ប្រសិទ្ធភាព ប្រកបដោយ​វិជ្ជាជីវៈ និង​លក្ខណៈ​បច្ចេកទេស​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​ចាំ​ឱ្យ​ច្បាស់​អំពី​តួនាទី​ភារកិច្ច ក្រមសីលធម៌​វិជ្ជាជីវៈ ជា​ពិសេស​មេរៀន ចំណេះដឹង ដែល​ទទួល​បាន​ពី​វគ្គ​នេះ ពីព្រោះ​យើង​ទាំង​អស់​ត្រូវ​តែ​ការពារ​ដាច់ខាត​នូវ​ប្រយោជន៍​របស់​កម្មករនិយោជិត និង​និយោជក​។

នៅ​ក្នុង​ពិធី​បិទ​វគ្គ​សុ​ក្រឹ​ការ​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​កិត្តិយស​ផ្តល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​សុក្រឹតការ​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​សុក្រឹតការ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ផ្តោត​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន ៨ រួម​មាន​៖ (១).​លក្ខខណ្ឌ​ការងារ និង​លក្ខខណ្ឌ​ស្ដី​ពី​សុវត្ថិភាព​និង​សុខភាព​ការងារ (Checklist) និង​ការ​ដាក់​កំហិត និង​ការ​ពិន័យ (២).​ជំនាញ​គន្លឹះ​នៃ​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ (៣).​តួនាទី ភារកិច្ច និង​អំណាច​អធិការ​ការងារ (៤).​អធិការកិច្ច​សន្ដិសុខ​សង្គម (៥).​អធិការកិច្ច​ការងារ​ហត្ថពល​កម្ម​បរទេស (៦).​អធិការកិច្ច​ការងារ​កុមារ (៧)​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​(៨)​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ