ធនាគារជាតិនៃកម្ពុជាបានអះអាងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ច មានទំហំជិត៦១ពាន់លានដុល្លារអាមេរិក ។
ការកើនឡើងនេះ គឺបានរួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ កម្មន្តសាល និងវិស័យផ្សេងៗទៀត ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឥណទានគ្រួសារថយចុះ៦០,៤ភាគរយ សេវាកម្មថយចុះ៥,៨ភាគរយ កសិកម្ម គឺជិត១ភាគរយ និងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនថយចុះជិត៤ភាគរយ ។
ពាក់ព័ន្ធនឹងស្ថានភាពបែបនេះ លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា ធនាគារជាតិនៃកម្ពុជានឹងបន្តរក្សាស្ថិរភាពតម្លៃ និងហិរញ្ញវត្ថុក៏ដូចជា ពង្រឹងតួនាទីរបស់ខ្លួនជាកាតាលីករ ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងបរិយាប័ន្នរបស់កម្ពុជា ។
ប្រទេសកម្ពុជា បច្ចុប្បន្នមានធនាគារពាណិជ្ជចំនួន៥៩ស្ថាប័ន ធនាគារឯកទេសចំនួន៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៧ និងគ្រឹះស្ថានឥណទានជនបទចំនួន១១៥ស្ថាប័ន ៕
ចែករំលែកព័តមាននេះ