ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ក្រុង​-​ស្រុក​/​ខណ្ឌ នឹង​ទទួល​បាន​ថវិកា​យ៉ាងតិច ​៨០​លាន​រៀល ក្នុង​មួយ​ឆ្នាំ ខណៈ​ឃុំ​-​សង្កាត់ ទទួល​បាន​ចាប់​២៨​លាន​រៀល លើ​ការ​ចំណាយ​សេវា​សង្គម អនាម័យ និង​បរិស្ថាន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៨ ថវិកា​មូលនិធិ ពី​ថ្នាក់​ជាតិ សម្រាប់​ទម្លាក់​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​-​ស្រុក​/​ខណ្ឌ និង​រដ្ឋបាល​ឃុំ​-​សង្កាត់ នឹង​មានការ​កើនឡើង ដោយនៅ​ក្នុង​ឆ្នាំ​នីមួយ​ៗ…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៨ ថវិកា​មូលនិធិ ពី​ថ្នាក់​ជាតិ សម្រាប់​ទម្លាក់​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​-​ស្រុក​/​ខណ្ឌ និង​រដ្ឋបាល​ឃុំ​-​សង្កាត់ នឹង​មានការ​កើនឡើង ដោយនៅ​ក្នុង​ឆ្នាំ​នីមួយ​ៗ ប្រមាណ​២០​ពាន់​លាន​រៀល ដែល​ក្នុង​នោះ​គិត​ជា​មធ្យម គឺ​ក្រុង​-​ស្រុក​/​ខណ្ឌ​នីមួយ​ៗ នឹង​ទទួល​បាន​ថវិកា​យ៉ាងតិច​៨០​លាន​រៀល សម្រាប់​ចំណាយ​លើ​សេវា​ផ្នែក​សង្គម អនាម័យ និង​បរិស្ថាន គ្រា​ដែល​រដ្ឋបាល​ឃុំ​-​សង្កាត់​នីមួយ​ៗ ទទួល​បាន​ក្នុង​ចន្លោះ​ប្រមាណ​ពី​២៨​លាន​រៀល ទៅ​៤០​លាន​រៀល សម្រាប់​ចំណាយ​លើ​សេវា ផ្នែក​ទាំងនេះ ដូច​គ្នា នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​ឯកឧត្តម ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​ក្នុង​ពិធី​បិទ​មហាសន្និបាត អាណត្តិ​ទី​៣ របស់​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ២០២៤ ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ។

ឯកឧត្តម បន្ត​ថា ទំហំ​មូលនិធិ​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នេះ នឹង​បន្ត​បង្កើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​ឆ្នាំ​២០២៨ ដោយ​ផ្អែក​តាម​ទំហំ​តូច​ធំ នៃ​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​នីមួយ​ៗ ។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​ស្នើ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយ​ៗ បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ក្រុមប្រឹក្សា នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយ​ៗ ក្នុង​ការ​ដឹកនាំ ការ​គ្រប់គ្រង និង​ការ​តាមដាន ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​មុខងារ និង​ធនធាន​ដែល​ថ្នាក់​ជាតិ​បាន​ផ្ទេរ​ទៅ​ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​ដោយ​មានការ​ចូលរួម​តាម​បែប​ប្រជាធិបតេយ្យ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

សូម​បញ្ជាក់​ថា រដ្ឋបាល​ក្រុង​-​ស្រុក​/​ខណ្ឌ ត្រូវ​បាន​ផ្ទេរអំណាច​ក្នុង​ការ​ផ្តល់​សេវា និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ក្នុង​វិស័យ ដែល​បាន​ចាត់តាំង​រួម​មាន​៖ កសិកម្ម ការ​អប់រំ រុក្ខា​ប្រមាញ់ ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន សុខភាព ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​គ្រប់គ្រង​ធនធានទឹក និង​ទេសចរណ៍​។ ចំណែក​រដ្ឋបាល​ឃុំ​-​សង្កាត់ ត្រូវ​បាន​ចាត់តាំង​ទទួល​បន្ទុក​រួម​មាន​៖ សន្តិសុខ និង​បណ្តា​ប់​ធ្នាប់​សាធារណៈ សេវា​សាធារណៈ​សំខាន់​ៗ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​កម្រិតជីវភាព​កាន់តែ​ប្រសើរ​ឡើង ការ​ថែរក្សា​បរិស្ថាន បង្កើត​ការ​អត់ឱន និង​ការ​ផ្សះផ្សា​ជម្លោះ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សហគមន៍​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ