ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនរថយន្តខ្នាតយក្សជប៉ុនចំនួន៣ បង្ហាញតម្រុយច្របាច់បញ្ចូលគ្នា អុកឡុកទីផ្សារពិភព​លោក

17 ម៉ោង មុន

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនផលិតរថយន្ត Honda, Nissan និង Mitsubishi កាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនកំពុងតែពិភាក្សាលើការច្របាច់បញ្ចូលគ្នាដែលអាចកើតមាន…

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនផលិតរថយន្ត Honda, Nissan និង Mitsubishi កាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនកំពុងតែពិភាក្សាលើការច្របាច់បញ្ចូលគ្នាដែលអាចកើតមាន ខណៈដែលក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុន កំពុងជួបការលំបាកជាមួយការធ្លាក់ចុះការលក់ និងការប្រកួតប្រជែងកាន់តែខ្លាំងពីគូប្រជែងក្នុងស្រុកគឺក្រុមហ៊ុន Toyota និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ចិន និង Tesla របស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុនខ្នាតយក្សទាំងបីបានគូសបញ្ជាក់រួមគ្នា កាលពីដើមសប្តាហ៍នេះថា Honda និង Nissan បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចាប់ផ្តើមការពិចារណាឆ្ពោះទៅរកការធ្វើសមាហរណកម្មអាជីវកម្ម តាមរយៈការបង្កើតក្រុមហ៊ុនរួមគ្នា ស្របពេលដែលក្រុមហ៊ុន Mitsubishi ក៏នឹងសម្រេចចិត្តចូលរួមនៅចុងខែមករា ឆ្នាំក្រោយផងដែរ។

ការរួមបញ្ចូលគ្នានេះ គឺជាការរួមបញ្ចូលរវាងក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទីពីរ Honda និងលំដាប់ទីបី Nissan របស់ជប៉ុន ជាមួយការបន្ថែមវត្តមានក្រុមហ៊ុន Mitsubishi ដែលស្ថិតនៅលំដាប់ថ្នាក់ក្រោមជាងនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារ ដើម្បីរួមកម្លាំងគ្នា ខណៈឧស្សាហកម្មរថយន្តជប៉ុន ឆ្លងកាត់ដំណាក់កាលចលាចលដ៏ធំបំផុតមិនធ្លាប់មាន។

តាមរយៈការរួមបញ្ចូលគ្នានេះផងដែរ នឹងបង្កើតក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទីបីរបស់ពិភពលោក នៅក្នុងលក្ខខណ្ឌការលក់ប្រចាំឆ្នាំ តាមពីក្រោយតែគូប្រជែងជប៉ុនគឺក្រុមហ៊ុន Toyota និង Volkswagen របស់អាល្លឺម៉ង់។ ក្រុមហ៊ុន Toyota នៅតែមានភាពធន់ផ្នែកហិរញ្ញវត្ថុ ដោយសារការនាំមុខរបស់ខ្លួនលើការផលិតរថយន្តកូនកាត់ ខណៈដែលក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតរបស់ប្រទេសជប៉ុន កំពុងតែជួបការលំបាកក្នុងការស្វែងរកមូលនិធីវិនិយោគ ដើម្បីផ្លាស់ប្តូរឆ្ងាយពីការផលិតរថយន្តសាំង និងម៉ាស៊ូត ទៅជារថយន្តអគ្គិសនី។ រថយន្តកូនកាត់ ឬ Hybrids ដែលរួមបញ្ចូលគ្នានូវម៉ាស៊ីនសាំង និងអាគុយតូចជាង នៅតែមានតម្លៃទាបក្នុងការផលិត។

ទន្ទឹមនឹងនេះ បណ្តាក្រុមហ៊ុនផលិតរបស់ចិនដូចជា BYD និង SAIC បានកំណត់គោលដៅយ៉ាងខ្លាំងក្លាទៅលើរថយន្តអគ្គិសនីសុទ្ធជាមធ្យោបាយមួយ ដណ្តើមយកចំណែកទីផ្សាររថយន្តពិភពលោកកាន់តែធំ។ ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលផលិត iPhone ក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិក ក៏ត្រូវបានរាយការណ៍ផងដែរថាបានចាប់ផ្តើមការពិភាក្សាដំបូង អំពីវិធីសាស្រ្តសម្រាប់ទាំងក្រុមហ៊ុន Honda ឬ Nissan ដែលជំរុញឱ្យមានកិច្ចពិភាក្សារួមបញ្ចូលគ្នា៕ ប្រភព ៖ The Guardian, Reuters និង SoyaCincau

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ