រាជធានីភ្នំពេញ ៖ យើងត្រូវចាំថា ៖ «មានសន្តិភាព គឺមានអ្វីៗទាំងអស់» សន្តិភាព គឺជាទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន។ យើងមិនត្រូវឲ្យ៥០០ឆ្នាំមុន វិលត្រឡប់មកវិញទេ។ នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះ នៅពហុកីឡាដ្ឋានមរតកតេជោ នារសៀលថ្ងៃទី២៤ ខែធ្នូ ២០២៤ ក្នុងឱកាស ដែលលោកអញ្ជើញធ្វើសន្តិសីទកាសែត ស្ដីពីការរៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ។
លោក កើត ឆែ បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងមានមហាជនចូលទស្សនាជាង ៥ម៉ឺននាក់ នៅពហុកីឡាដ្ឋានមរតកតេជោ។ ព្រឹត្តិការណ៍នេះ អាចធ្វើទៅបានដោយសារប្រទេសជាតិរបស់យើងមានសន្តិភាព។ បើគ្មានសន្តិភាពទេ គឺមិនមានអ្វីទាំងអស់។ កីឡារស់នៅក្នុងសន្តិភាព។ បើប្រទេសជាតិមួយ ធ្លាក់ចូលទៅក្នុងសង្គ្រាម គឺមិនអាចធ្វើអ្វីបានទេ កីឡាករទាំងអស់ នឹងត្រូវទៅធ្វើសង្គ្រាមមិនខាន។ យើងត្រូវចងចាំថា មានសន្តិភាព គឺមានអ្វីទាំងអស់ សន្តិភាពជាសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានគង់វង់ ក្រោយពីបាត់អស់រយៈពេល៥០០ឆ្នាំ ។
លោក កើត ឆែ បានបន្តផងទៀតថា ពាក្យថា សន្តិភាព គឺងាយនិយាយ ប៉ុន្តែការ រកសន្តិភាពពិតជាពិបាកណាស់។សម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសជាតិទាំងមូល មិនទទួលបានសន្តិភាពពេញលេញនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានស្វែងរកសន្តិភាព អស់រយៈពេល១១ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៨ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច ទើបធ្វើអោយប្រទេសជាតិមានសន្តិភាពពេញលេញ។ គិតមកដល់ពេលនេះ ប្រទេសកម្ពុជាមានសន្តិភាពរយៈពេល២៦ឆ្នាំហើយ ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៩ ធ្នូ ជាទិវាសន្តិភាព ជារៀងរាល់ឆ្នាំ។ យើងប្ដេជ្ញារក្សាសន្តិភាពឲ្យបានគង់វង្ស ទោះបីក្នុងតម្លៃណាក៏ដោយ និងការពារសម្ដេចបវរធិបតី ដែលជាស្ថាបនិក បន្តការរក្សាសន្តិភាពនៅកម្ពុជា ។
ជាការរំលឹកដល់ការសម្រេចបាន នូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាន នូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។
គួរបញ្ជាក់ថា នាថ្ងៃទី១ ខែមករា ២០២៤ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រេចត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ។
ក្នុងនោះដែរ លោក ខៀវ ភារិទ្ធិ តំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានលើកឡើងថា ៖ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក. ដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រីមួយចំនួនជាអនុប្រធាន ស.ស.យ.ក. ទាំងអស់រួមជាមួយកីឡាករជើងខ្លាំងមួយចំនួនទៀត និងប្រកួតជាមួយក្រុមកីឡាករបាត់ទាត់តារាកម្ពុជានៅគូទី២ ។ មូលហេតុជ្រើសរើសយកកីឡាបាល់ទាត់មកប្រកួត ក្នុងពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដោយកីឡានេះ មានអ្នកទស្សនាច្រើន ។
លោក ហេង នរៈកក្ដដា តំណាងក្រុមកីឡាករតារាកម្ពុជា ក្នុងឱកាសនោះ ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍ខាងលើនេះ គឺកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយកីឡាករ ដែលត្រូវប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ គឺមានចំនួន៤ក្រុម ស្មើនឹង២គូប្រកួត ដោយប្រើបច្ចេកទេស នៃការប្រគួតតាមស្តង់ដារ អន្តរជាតិ គឺ៩០នាទី ចែកចេញជា២តង់ ។
ក្រុមបាល់ទាត់តារាកម្ពុជា ធ្លាប់បានបង្កើត នូវព្រឹត្តិការណ៍ នៃការប្រកួតជាច្រើនលើករួចមកហើយ ដើម្បីរកថវិកាជួយទៅដល់ការងារសង្គម ពិសេសជួយដល់មន្ទីរពេទ្យ ហើយនៅក្នុងពេលនេះ ក្រុមបាល់ទាត់តារាកម្ពុជា មានកិត្តិយសបានចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើនេះទៀត ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ៖ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក. ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ហើយសម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី ៕
ចែករំលែកព័តមាននេះ