ខេត្តស្វាយរៀង ៖ មានករណីឃា.តកម្មមួយដ៏រន្ធត់ទៅលើនារីម្នាក់ជាមនុស្សគ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើល ដោយដាក់ការសង្ស័យថា មានជនណាម្នាក់បានហៅនាងទៅជួបហើយក៏វាយសម្លាប់យកសពទៅទម្លាក់ចោលក្នុងទឹកប្រឡាយ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២៤ នៅចំណុចប្រឡាយទឹកក្នុងចំការប្រេងខ្យល់ខាងក្រោយផ្ទះអ្នកស្រុកប្រមាណជាង១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះឡុង រតនា ហៅធុងសាំង ភេទស្រី អាយុ២៧ឆ្នាំ ជាមនុស្សគ តែអាចស្តាប់ឮ និងចេះសរសេរអក្សរ មុខរបរកម្មករោងចក្រ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
បើតាមសាច់ញាតិនារីរងគ្រោះបានឲ្យដឹងថា នារីរងគ្រោះបានចេញបាត់ពីផ្ទះ ប្រហែលក្នុងវេលាម៉ោង៧ ទៅម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ធ្នូ ឆ្នាំ២០២៤ ។
តាមប្រភពបន្តថា សង្ស័យមានគេហៅនាង ឲ្យទៅជួបនៅក្នុងចំការប្រេងខ្យល់ក្រោយភូមិ ហើយក៏វាយសម្លាប់រួចយកសពទៅទម្លាក់ចោលក្នុងទឹកប្រឡាយ គួរឲ្យរន្ធត់។ លុះព្រឹកឡើងអ្នកភូមិធ្វើដំណើរតាមផ្លូវភ្លឺប្រឡាយក៏ប្រទះឃើញសាកសពនាងនារីរងគ្រោះអណ្តែតក្នុងទឹកប្រឡាយក៏មានការឆោឡា ប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យនិងអន្តរាគមន៍តែម្តង។
តាមប្រភពបន្តទៀតថា ក្រោយមកសមត្ថកិច្ចបានរាយការណ៍ជូនលោកស្នងការនគបាលខេត្តស្វាយរៀងក៏បានចាត់មន្ត្រីជំនាញការិយាល័យបច្ចេកទេសស្នងការដ្ឋាននគបាលខេត្តចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យ លទ្ធផលឃើញថា ជនសង្ស័យបានធ្វេីសកម្មភាពយកដំបងកំណាត់ដើមប្រេងខ្យល់វាយសម្លាប់ជនរងគ្រោះ ។ ចំណែកសម្ភារៈបន្យល់ទុកកន្លែងកើតហេតុ រួមមាន ម៉ូតូមួយគ្រឿងធុនសេ125 ស្លាកលេខ ភ្នំពេញ 1CQ-3597, ស្បែកជើងមួយគូរ, ដំបងប្រេងខ្យល់២កំណាត់ ។
ចំណែកសម្ភារៈបាត់បង់រួមមាន ៖ ខ្សែករផ្លាកទីចំនួន១ខ្សែទម្ងន់១ជី ចិញ្ចៀនមាសទម្ងន់១ជី
កងដៃផ្លាកទីចំនួន១០កង ។ ក្រោយពេលធ្វេីសកម្មភាពរួចជនសង្ស័យគេចខ្លួនបាត់។
ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ហើយករណីនេះដែរ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ