ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា ផ្សព្វផ្សាយ «​ប្រាក់​រៀល និង​ប្រព័ន្ធ​បាគង​» ដល់​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី

1 ថ្ងៃ មុន

ខេត្តមណ្ឌលគិរី ៖ នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​រៀបចំ ទិវា​ប្រាក់​រៀល នៅ​ក្រុង​សែន​មនោ​រម្យ ។…

ខេត្តមណ្ឌលគិរី ៖ នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​រៀបចំ ទិវា​ប្រាក់​រៀល នៅ​ក្រុង​សែន​មនោ​រម្យ ។

លោក លន់ សុភាព អភិបាលរង​ខេត្តមណ្ឌលគិរី មាន​ប្រសាសន៍​ថា ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ថ្មី សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​អនុវត្ត​តាម​គោលនយោបាយ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ លើកកម្ពស់ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន ដែល​មាន​ស្រាប់ និង​កំពុង​យកចិត្តទុកដាក់​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ ធនាគារ និង​ហិរញ្ញវត្ថុ ក៏​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។

លោក​អភិបាលរង​ខេត្ត បន្ត​ថា បច្ចុប្បន្ន​ខេត្តមណ្ឌលគិរី មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ចំនួន​១៤​គ្រឹះស្ថាន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ និង​រួមចំណែក​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ខេត្ត តាម​រយៈ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ រួម​មាន សេវា​ឥណទាន សន្សំ និង​ទូទាត់ ជូន​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​-​សហគ្រាស​នៅ​គ្រប់​ទីកន្លែង ក្នុង​ខេត្តមណ្ឌលគិរី ។

លោក យឹ​ម លាត ទេសាភិបាល​រង ធនាគារជាតិ នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏​ដូច​ជា​សង្គម​ជាតិ ជា​រួម អាច​ប្រព្រឹត្ត​ទៅ​បាន ដោយ​ទាមទារ​នូវ​វត្តមាន​រូបិយ​វត្ថុ​ជាតិ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​សម្រួល​ដល់​សកម្មភាព​វិនិយោគ ផលិតកម្ម និង​ពាណិជ្ជកម្ម​ឱ្យ​មាន​ភាព​រស់​រវើក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​នីមួយ​ៗ តែងតែមាន​រូបិយ​វត្ថុ​ជាតិ​របស់​ខ្លួន ដែល​តំណាង​ឱ្យ​អត្តសញ្ញាណ​ជាតិ ។

ទេសាភិបាល​រង​ធនាគារជាតិ បន្ត​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល ឱ្យ​បាន​ទូលំទូលាយ ប្រៀប​បាន​នឹង​ការ​រក្សា និង​ចែករំលែក នូវ​ចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​កម្ពុជា​ដល់​អ្នក ជំនាន់​ក្រោយ និង​ទេសចរ​បរទេស អាច​ពង្រឹង​នូវ​ស្មារតី​បង្រួបបង្រួម​ជាតិ​ក្នុង​នាម​ជា​ប្រជាជន​នៅ ក្នុង​សង្គម​ជាតិ​តែ​មួយ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​នេះ អ្នកចូលរួម​ក៏​បាន​យក​ក្រដាសប្រាក់​រៀល​ចាស់ ទក់ រហែក ប្តូរ​យក​ក្រដាសប្រាក់​រៀល​ថ្មី និង​ទស្សនាការ​ប្រគុំ​តន្ត្រី​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ៗ ប្រចាំ​ប្រទេស​កម្ពុជា លេង​ហ្គេ​ម​សប្បាយ​ៗ ហើយ​ថែម​ទាំង​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​ទាក់ទង​នឹង​ប្រាក់​រៀល និង​ប្រព័ន្ធ​បាគង​ទៀត​ផង ។ កម្មវិធី​ផ្សព្វផ្សាយ​ស្តី​ពី «​ប្រាក់​រៀល និង​ប្រព័ន្ធ​បាគង​» ត្រូវ​បាន​រៀបចំ​ដោយ ធនាគារជាតិ នៃ​កម្ពុជា ដើម្បី​អបអរសាទរ ខួប​លើក​ទី​៤៤ នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ