ស្របពេលបរិក្ខារយោធាទំនើបៗ Made in Vietnames ជាង៨០មុខ បានដាក់តាំងបង្ហាញក្នុងពិព័រណ៌អាវុធអន្តរជាតិក្នុងទីក្រុងហាណូយ ។ អគ្គលេខាធិការបក្សកុម្មយនីស្មវៀតណាមប្រកាសថា កងទ័ពរំដោះប្រជាជនវៀតណាមនឹងខិតខំប្រឹងប្រែងស្រាវជ្រាវផលិតយានអវកាស និងយានចុះទៅបាតសមុទ្រ ។
ពិព័រណ៌អាវុធអន្តរជាតិឆ្នាំ2024 ដែលកំពុងប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ក្រុមហ៊ុនរដ្ឋViettel បានតាំងបង្អួតផលិតផលសព្វាវុធ និងគ្រឿងបរិក្ខារយោធាទំនើបៗជាង៨០មុខដែលត្រូវបានផលិត និងអភិវឌ្ឍន៍ដោយឧស្សាហកម្មការពារជាតិវៀតណាម ដោយផ្តោតលើបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យការពារជាតិបែបទំនើប១០ផ្នែក សំខាន់ដូចជាប្រព័ន្ធរ៉ាដាការពារដែនអាកាស ឧបករណ៍អុបទិកអេឡិចត្រូនិក ប្រព័ន្ធបញ្ជាអាវុធដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់ គ្រងព័ត៌មានយោធា ប្រព័ន្ធការពារសន្តិសុខតាមអ៊ីនធើរណេត ដ្រូនចារកម្ម ដ្រូនអត្តឃាត និងឧបករណ៍អវកាសជាដើម ។ ចំនួនគ្រឿងបរិក្ខារយោធាដែលវៀតណាមបានដាក់តាំងបង្ហាញក្នុងពិព័រណ៌ឆ្នាំនេះ បានកើនឡើងជាង២០មុខ បើធៀបនឹងពិព័រណ៍អាវុធអន្តរជាតិឆ្នាំ2022 ។
ប្រភពពីសារព័ត៌មាន VN Express បានចុះផ្សាយថា វិស្វកររបស់ក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា Viettel បានស្រាវជ្រាវអភិវឌ្ឍន៍ និងផលិតបរិក្ខារយោធាបែបឌីជីថលយ៉ាងពេញលេញក្នុងវិស័យចំនួនបី៖ ចារកម្ម វាយប្រហារ និងការពារ ដែលអាចគ្របដណ្តប់លើកម្រិតយុទ្ធសាស្ត្រ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ និងមានជំនួយពិសេសពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។
សព្វាវុធដែលបំពាក់បច្ចេកវិទ្យាខ្ពស់ជាច្រើនមុខនេះ ត្រូវបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្រាវជ្រាវ និងសាកល្បងដោយជោគជ័យ Viettel និងត្រូវបានរដ្ឋាភិបាលវៀតណាមផលិតក្នុងចំនួនយ៉ាងច្រើន ដើម្បីបំពាក់ដល់បណ្តាអង្គភាពកងទ័ពជំនាញ បន្ទាប់ពីត្រូវបានគេវាយតម្លៃថា ពួកវាមានសមត្ថភាពប្រហាក់ប្រហែល ឬខ្ពស់ជាងផលិតផលដែលបានទិញពីបរទេសនាពេលកន្លងមក ដែលសាកសមសម្រាប់លក្ខខណ្ឌប្រយុទ្ធរបស់កងទ័ពធានាការសម្ងាត់ ស្វ័យភាពក្នុងផលិតកម្ម ទាំងផ្នែកបច្ចេកទេស ធានាបានថែទាំ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យយោធា និងការពារជាតិប្រកបដោយសក្តានុពល។
សព្វាវុធ និងសព្វាវុធបរិក្ខារយោធាដែលលេចធ្លោរួមមាន៖ -ប្រព័ន្ធរ៉ាដាឈ្លបយកការណ៍ទំនើប ដែលមានសមត្ថភាពចាប់យករូបភាពដ្រូនចារកម្មរបស់សត្រូវ ដោយបង្ហាញជារូបភាពកម្រិតគុណភាពខ្ពស់លក្ខណៈ 3D ។ -ប្រព័ន្ធប្រតិបត្តិការសឹក C5ISR ដែលទំនើបបំផុតលើពិភពលោក ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកវៀតណាម ដើម្បីគ្រប់គ្រងសន្តិសុខលំហារសមុទ្រ -ប្រព័ន្ធរ៉ាដាការពារអាកាសរយៈកម្ពស់ទាប (UHF band) ប្រព័ន្ធរ៉ាដាឃ្លាំមើលដែនសមុទ្ររយៈចម្ងាយខ្លី X-band ។
ដ្រូនចារកម្ម UAV VU-R70 បំពាក់ដោយបច្ចេកវិទ្យាAI សម្រាប់ការឈ្លបយកការណ៍ និងកំណត់គោលដៅសត្រូវ អាចហោះហើរបាន ៦ម៉ោង ចម្ងាយប្រតិបត្តិការ ៧០គីឡូម៉ែត្រ ក្នុងដល់ល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រព័ន្ធ The Future Soldier ដែលផ្តោតលើការបំពាក់នូវអាវុធឆ្លាតវៃជាច្រើនប្រភេទ រួមបញ្ចូលគ្នាជាមួយបច្ចេកវិជ្ជាទំនើប ភ្ជាប់នៅលើខ្លួននាទាហានថ្មើរជើងម្នាក់ៗ មុននឹងប្រតិបត្តិការក្នុងសមរភូមិ។
ស្របគ្នានេះដែរ ក្នុងឱកាសចូលរួមទស្សានពិព័រអាវុធអន្តរជាតិ ឆ្នាំ២០២៤ លោកអគ្គលេខាធិកាបក្សកុម្មយនីស្តវៀតណាម លោក To Lam បានបង្ហាញក្តីសង្ឃឹមថា ដើម្បីឱ្យស្របនឹងទិដ្ឋភាពនៃសង្គ្រាមទំនើបកងទ័ពប្រជាជនវៀតណាមត្រូវខិតខំប្រឹងប្រែងស្រាវជ្រាវអភិវឌ្ឍវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ និងឈានទៅមុខឱ្យខ្លាំងក្លា ដើម្បីឈានទៅធ្វើជាម្ចាស់លើផ្ទៃទឹក មហាសមុទ្រ បាតសមុទ្រ ដែនអាកាស និងលំហរអវកាស ជាពិសេស ត្រូវតែឈានទៅបង្កើតនិងផលិតនូវយានអវកាស និងយានចុះទៅក្រោមបាតសមុទ្រ។
ជាមួយគ្នានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកការតាំងពិព័រណ៍អាវុធអន្តរជាតិឆ្នាំ ២០២៤ បានថ្លែងទៅកាន់គណៈប្រតិភូអន្តរជាតិមកពី៣៨ប្រទេសថា ការតាំងពិព័រណ៌នេះធ្វើឡើងស្របពេលជាមួយខួបលើកទី៨០នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។ ព្រឹត្តិការណ៍នេះ គឺជានិមិត្តសញ្ញានៃទំនុកចិត្ត ការគោរព និងសុច្ឆន្ទៈ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
នាយករដ្ឋមន្ត្រីវៀតណាមសង្ឃឹមថា ពិព័រណ៍នេះនឹងនាំមកនូវឱកាសជាច្រើនសម្រាប់ការផ្លាស់ប្តូរ ការចែករំលែកបទពិសោធន៍ វឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មយោធា។
សូមជម្រាបថា ពិព័រណ៍អាវុធអន្តរជាតិ វៀតណាម ២០២៤ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី២២ ខែធ្នូ នៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ហើយចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី២១ ធ្នូ ប្រជាពលរដ្ឋនឹងត្រូវបានអនុញ្ញាតអាចចូលទស្សនាការតាំងពិព័រណ៍នេះដោយមិនគិតថ្លៃ ៕
ចែករំលែកព័តមាននេះ