កម្សាន្តចុងសប្តាហ៍


ថ្មី​ច្រឺង
យុវ​ជន​ម្នាក់​ចូល​ចិត្ត​លេង​តឺន្នីស ស្រាប់​តែ​ថ្ងៃ​មួយ​​ជួប​គ្រោះ​ថ្នាក់​​ចៃដន្យ​​ដោយ​​គ្រាប់​​តឺន្នីស​​ដែល​​​​គូ​ប្រកួត​វាយ​ខ្លាំង​ពេក​វា​​ជ្រែក​ខ្យល់​ហើរ​​មក​បុក​ចំ «ផ្នែក​​ទន់» របស់​ល្វែង​ក្រោម បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ ។ យុវ​ជន​យើង​ដួល​គ្រឹប​សន្លប់​​នៅ​នឹង​កន្លែង​ ហើយ​​បាន​មិត្ត​ភក្តិ​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ ។
ពេល​ដឹង​ខ្លួន​វិញ យុវ​ជន​ចូល​ចិត្ត​លេង​តឺន្នីស​​សួរ​លោក​វេជ្ជ​បណ្ឌិត ៖
-របួស​​ប្រដាប់​​ខ្ញុំ​ធ្ងន់​​ធ្ងរ​ទេ​​លោក​វេជ្ជ​បណ្ឌិត? ​សប្តាហ៍​ក្រោយ​ខ្ញុំ​ដល់​ពេល​រៀប​ការ​​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​​ផង ។ ប្រពន្ធ​ខ្ញុំ​ជា​ស្រី​ព្រហ្ម​ចារី​​បរិ​សុទ្ធ តើ​​ខ្ញុំ​អាច​…
-មិន​អី​ទេ, ចាំ​ខ្ញុំ​ផ្អោប​ឈើ​​លាប​ថ្នាំ​ឱ្យ​វា​ត្រង់​ឡើង​វិញ ។ ប្អូន​ឯង​​នៅ​ក្មេង​កំពុង​ពេញ​កម្លាំង, ធានា​ពីរ​សប្តាហ៍​​ក្រោយ​វា​អាច​លូត​​ត្រង់​​ខ្លួន​ប្រើ​ការ​បាន​ដូច​ដើម ។
និយាយ​​រួច​លោក​វេជ្ជ​បណ្ឌិត​​ចាប់​ផ្តើម​​ផ្អោប​ឈើ​៤​បន្ទះ ហើយ​យក​ថ្នាំ​ម្សៅ​ទឹក​បំពោក​​យា៉ង​ក្រាស់​ មើល​ទៅ​ឃើញ​​ដូច​ប្រអប់​​តូច​មួយ ។
យុវ​ជន​ចូល​ចិត្ត​​លេង​តឺន្នីស​អត់​ហ៊ាន​ឱ្យ​ប្រពន្ធ​មិន​ទាន់​រៀប​​ការ​ដឹង​រឿង «អា​តូច» មាន​គ្រោះ​ថ្នាក់​​ឡើយ រហូត​ដល់​​ថ្ងៃ​​ចូល​រោង​ការ​តាម​​កំណត់ ។ ​យប់​នោះ​ប្រពន្ធ​ទើប​រៀប​ការ​និយាយ​ខ្សឹប​ប្រាប់​ប្តី ៖
បង​ជា​ប្រុស​ទី​មួយ​សម្រាប់​អូន ។ មិន​​ទាន់​មាន​ប្រុស​​ណាប៉ះ​ពាល់​​អូន​ក្រៅ​​ពី​​បង​​ទេ ។
យុវ​ជន​ចូល​​ចិត្ត​លេង​តឺន្នីស​ញញឹម​តប​ដោយ​បង្ហាញ​វត្ថុ​តាង ៖
-បង​ក៏​អីុចឹង​ដែរ ។ ​អូន​ឯង​មើល​នែ, របស់​បង​​ជ្រលក់​​ម្សៅ​រក្សា​ទុក​ថ្មី​ច្រឺង​រហូត ៕

ចាញ់​តម្រិះ
មនុស្ស​មួយ​​​ក្រុម​​កំពុង​​អង្គុយ​​ជជែក​គ្នា​​លេង ស្រាប់​តែ​លេច​លោក​តា​ម្នាក់​​បង្ហាញ​ខ្លួន​​និយាយៈ
-​យើង​ជា​ទេវតា​​ឋាន​លើ​មក​លេង​ផែន​ដី​…
បុរស​ម្នាក់​ស្រែក​តប ៖
-មិន​ជឿ! ខ្ញុំ​មិន​ជឿ! បើ​ពិត​ជា​ទេវតា​មែន បង្ហាញ​ឱ្យ​ពួក​យើង​ឃើញ​មហិទ្ធិ​ឫទ្ធិ​បាន​ទេ?
-បាន​តើ!
ក្នុង​ចំណោម​​នោះ​មាន​បុរស​ម្នាក់​ស្លាប់​​មួយ​កំណាត់​​ខ្លួន​អង្គុយ​​លើ​រទេះ​រុញ, ​លោក​តា​ឆ្លើយ​​រួច​ដើរ​ទៅ​លូក​ដៃ​ស្ទាប​ខ្នង​បន្តិច ស្រាប់​តែ​បុរស​ពិកា​រ​ងើប​ក្រេស​ដើរ​បាន​ដោយ​ខ្លួន​​ឯង ។ ពិត​ជា​អស្ចារ្យ​មែន !
ផុត​បុរស​​ពិការ​មួយ​កំណាត់​ខ្លួន លេច​មុខ​បុរស​​ម្នាក់​ពិការ​​ភ្នែក​​កំពុង​កាន់​ឈើ​ច្រត់​រាវ​ផ្លូវ​ដើរ​ពពីម​ពពើម​មក​ដល់ ។ លោក​តា​ចូល​ទៅ​ជិត​លូក​​ម្រាម​ដៃ​​ស្ទាប​លើ​ភ្នែក​​ទាំង​សង​ខាង​ ស្ទាប​រួច​ដក​ដៃ​ចេញ បុរស​នោះ​មើល​ឃើញច្បាស់​​ឡើង​វិញ ត្រេក​អរ​លោត​​កញ្ឆេង​ដូច​កូន​ក្មេង​ដោយ​សប្បាយ​ចិត្ត​ពេក ។
មិន​យូរ​ប៉ុន្មាន​​មាន​ជន​ទី​បី​មក​ដល់​ទៀត, រាង​ស្គម​ទឹក​មុខ​ស្លេក​ស្លាំង ។ ប៉ុន្តែ​​ពេល​លោក​តា​ដើរ​ទៅ​ជិត​ប្រុង​លូក​ដៃ​ស្ទាប ស្រាប់​តែ​បុរស​នោះ​ស្រែក​ឃាត់ ៈ
-សូម​កុំ​ប៉ះ​ខ្ញុំ។ ខ្ញុំ​សូម​អង្វរ!
លោក​តា​បើក​ភ្នែក​ធំៗ ៖
-ម៉េច​អ៊ីចឹង? យើង​ជួយ​ឱ្យ​អ្នក​ឯង​ជា​ជំងឺ​តើ?
-ខ្ញុំ​មិន​ចង់​ជា​ជំងឺ​ទេ! ខ្ញុំ​ជា​មន្ត្រី​រាជ​ការ​​ម្នាក់ ។ លោក​វេជ្ជ​បណ្ឌិត​​ទើប​តែ​ចេញ​សំបុត្រ​ពេទ្យ​អនុ​ញ្ញាត​ឱ្យ​​ខ្ញុំ​សម្រាក​បំប៉ន​នៅ​ផ្ទះ​៣​ខែ ។ ​បើ​លោក​ធ្វើ​​ឱ្យ​ខ្ញុំ​ជា​ជំងឺ​ធ្វើ​ម៉េច​ខ្ញុំ​បាន​សម្រាក?

ជាប់​អន្ទាក់
នា​ល្ងាច​មួយ​ក្នុង​រដូវ​ត្រជាក់​​ក្បែរ​ព្រំ​ដែន​​ម៉ិច​ស៊ិក​-អាមេ​រិក រថយន្ត​ដឹក​​ទំនិញ​មួយ​គ្រឿង​​កំពុង​បើក​​តាម​បណ្តោយ​ផ្លូវ ស្រាប់​តែ​មាន​រថយន្ត​តូច​មួយ​គ្រឿង​ទៀត​បើក​កាត់​ទទឹង ។ គ្រោះ​ថ្នាក់​​​កើត​ឡើង​​ដោយ​សារ​រថយន្ត​ទាំង​ពីរ​​គ្រឿង​នោះ​បុក​គ្នា តែ​សំណាង​ល្អ​អត់​មាន​អ្នក​​ណា​អស់​ជីវិត។ ​ក្រោយ​ពី​ជជែក​គ្នា​​មិន​ឈ្នះ​មិន​ចាញ់ ​អ្នក​បើក​បរ​ទាំង​២​រូប​អង្គុយ​ដង្ហក់​លើ​គំនរ​ទំនិញដែល​ជ្រុះ​ពេញ​ផ្លូវ ។ ព្រិល​ធ្លាក់​កាន់​តែ​ខ្លាំង​ មេឃ​កាន់​​តែ​ត្រជាក់​ ពួក​គេ​អង្គុយ​រួញ​ខ្លួន​រងា​​ញ័រ​ញាក់​​ តែ​ម្នាក់​ៗ​សុខ​ចិត្ត​ទ្រាំ​អត់​ព្រម​ដើរ​ចេញ ដើម្បី​រក្សា​ស្ថាន​ភាព​គ្រោះ​ថ្នាក​់​ឱ្យ​នៅ​ដដែល ទម្រាំ​ប៉ូលិស​ចរា​ចរ​​មក​ដល់ ។ មួយ​សន្ទុះ​ស្រាប់​តែ​អ្នក​បើក​​រថយន្ត​តូច​លាន់​មាត់​អូ! មួយ​ម៉ាត់​​រួច​ទៅ​បើក​​ឃ្លុប​ឡាន​យក​ស្រា​មួយ​ដប​កាន់​ដើរ​ត្រឡប់​មក​វិញ និយាយ​​ជា​មួយ​អ្នក​បើក​​បរ​រថយន្ត​ដឹក​ទំនិញៈ
-សំណាង​ណាស់, ខ្ញុំ​​សល់​វីស្គី​​មួយ​ដប​ដែរ។ នែ, ដាក់​ពាក់​កណ្តាល​ទៅ​ឱ្យ​ក្តៅ​ពោះ ។
-ស្រា​របស់​លោក, លោក​ផឹក​មុន​ទៅ ។
-ទេ! លោក​ទំនង​អាយុ​ច្រើន​ជាង​ខ្ញុំ សម​តែ​ជា​អ្ន​ក​ផឹក​មុន​អ៊ីចឹង​ហើយ ។ ណេះ, ដាក់​មុន​ខ្ញុំ​៥០​ភាគ​រយ​ទៅ, កុំ​សូញ​សាញ ។
អ្នក​បើក​​រថយន្ត​ដឹក​ទំនិញ​សប្បាយ​ចិត្ត​ទទួល​ដប​ស្រា​លើក​អក​ពាក់​កណ្តាល​ រួច​ហុច​ឱ្យ​អ្នក​បើក​បរ​រថយន្ត​តូច​វិញ ៖
-​ក្តៅ​ពោះ​ស្រួល​មែន ។ ហ៏, ដល់​វេន​លោក​ហើយ ។
អ្នក​បើក​រថយន្ត​តូច​អត់​មាត់​ក ទទួល​ដប​​ស្រា​ដើរ​យក​ទៅ​ដាក់​ក្នុង​រថយន្ត​របស់​ខ្លួន​វិញ ​ធ្វើ​ព្រងើយ ។ ឃើញដូច្នេះ​​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​សួរ ៖
-ម៉េច​មិន​ផឹក​ឱ្យ​ក្តៅ​ពោះ?
ពេល​នេះ​ទើប​អ្នក​បើក​រថយន្ត​តូច​ហា​មាត់​និយាយ ៖
-ប្រញាប់​អី, ចាំ​ប៉ូលិស​ចរា​ចរ​​មក​ដល់​ធ្វើ​​កំណត់​ហេតុ​រក​ឃើញ​អ្នក​ណា​បើក​បរ​ពេល​​​មាត់​មាន​ធុំ​​​ក្លិន​ស្រា​សិន ចាំ​ខ្ញុំ​ផឹក​ក៏​មិន​ទាន់​ហួស​ពេល​ដែរ ។ ន៏, សន្ធឹក​​ឡាន​ប៉ូលិស​​ចរា​ចរ​បើក​មក​ដល់​ហើយ !

ពិនិត្យ
បុរស​ពីរ​នាក់​អង្គុយ​​ខាង​ក្រៅ​បន្ទប់​​ពិគ្រោះ​ជំងឺ ។ ​បុរស​ចំណាស់​​បន្តិច​​មាន​ភាព​ច្រាស​ច្រាល​នៅ​មិន​ស្ងៀម ។ ឃើញ​ដូច្នេះ​​បុរស​អាយុ​តិច​ជាង​សួរ ៖
-មើល​ទៅ​លោក​បង​ដូច​ជា​ខ្វល់​ខ្វាយ​​សំបើម​ណាស់, លោក​បង​មាន​ជំងឺ​អីធ្ងន់​ធ្ងរ​​មែន​ទេ?
-ខ្ញុំ​មក​​ពិនិត្យ​ឈាម ។
-អូ, អ៊ីចឹង​​ទេ​ឬ? បើ​គ្រាន់​​តែ​ពិនិត្យ​ឈាម​ម៉េច​លោក​បង​មាន​ទឹក​មុខ​ភ័យ​ៗ​អ៊ីចឹង? លោក​គ្រូ​ពេទ្យ​ធ្វើ​យ៉ាង​ម៉េច​​ទើប​​ពិនិត្យ​ឈាម​បាន?
-គេ​កាត់​ដៃ​ឱ្យ​ហូរ​ឈាម ហើយ​យក​​ឈាម​នោះ​ទៅ​ពិនិត្យ​ ។ ខ្ញុំ​នឹក​ឃើញ​​ឈឺ​ពេល​ត្រូវកាត់​ដៃ​យក​ឈាម ទើប​ចេះ​តែ​ស្រៀវ​ខ្លួន​ហ្នឹង​ណា៎ ។
ឮ​ដូច្នេះ​ស្រាប់​តែ​បុរស​អាយុ​តិច​ជាង​ភ័យ​​ស្លាំង​មុខ លូក​ដៃ​ញ័រៗ​ចូល​ហោ​ប៉ៅ​ខោ​ ក្តោប​អាអូន​តូច​ជាប់ ។ បុរស​អាយុ​ច្រើន​​បើក​ភ្នែក​​ធំៗ​សួរ ៖
-ម៉េច​ហ្នឹង? សុខ​ៗ​ម៉េច​ភ័យ​​អ៊ីចឹង?
-ខ្ញុំ​​មក​ពិនិត្យ​ទឹក​​នោម ។ ​តើ​លោក​គ្រូ​ពេទ្យ​​អាច​កាត់​អាអូន​តូច​ខ្ញុំ​ឱ្យ​ចេញទឹក​នោម​ដើម្បី​យក​ទៅ​ពិនិត្យ​​ដែរ​ទេ, លោក​បង?

អ្នក​ណា​ក៏​មើល
បុរស​ពីរ​នាក់​និយាយ​គ្នា​​លេង ៖
-បង​ឯង​​ដឹង​ទេ, ប៊ុយ​រ៉ូ​ធ្វើ​ការ​តាម​ក្រសួង​តើ​របស់​អី​​ដែល​មិន​ត្រូវលួច​បាត់?
-អ្នក​ណា​ទៅ​ដឹង!
-បើ​​មិន​ដឹង​ចាំ​​ខ្ញុំ​ប្រាប់ ។ នៅ​ប៊ុយ​រ៉ូ​ធ្វើ​​ការ​តាម​ក្រសួង​មន្ទីរ​មាន​តែ​នាឡិ​កា​ភ្ជាប់​​ជញ្ជាំង​ប៉ុណ្ណោះ ដែល​មិន​ធ្លាប់​​ត្រូវ​ចោរ​លួច​បាត់​ម្តង​ណា​សោះ ។
-ម៉េច​អ៊ីចឹង?
-ព្រោះ​​អ្នក​ណា​ក៏​ងាក​មើល​វា, ធ្វើ​ម៉េច​​លួច​បាន?

ស្វែង​រក​ត្រកូល
លោក​វេជ្ជ​បណ្ឌិត​​មន្ទីរ​សម្ភព​​ចូល​បន្ទប់​​មួយ​ឃើញ​​ស្ត្រី​ម្នាក់​​ដែល​ទើប​សម្រាល​កូន​រួច​កំពុង​បើក​​មើល​សៀវភៅ​​​កត់​លេខ​ទូរស័ព្ទ​ក៏​សើច​ញឹមៗ​សួរ ៖
-រក​ឈ្មោះ​ពី​រោះ​ដាក់​ឱ្យ​កូន​មែន​ទេ?
-មិន​មែន​ទេ​លោក​វេជ្ជ​បណ្ឌិត​, ​ឈ្មោះ​​ពីរោះ​ខ្ញុំ​​នឹក​ឃើញ​ហើយ ​តែ​ខ្ញុំ​មិន​ទាន់​​គិត​ឃើញ​​ត្រកូល​សម្រាប់​​ដាក់​ឱ្យ​កូន ។ អ៊ីចឹង​​បាន​ជា​ខ្ញុំ​​​រក​មើល​ក្នុង​សៀវ​ភៅ​នេះ​ក្រែង​ជួប​ត្រកូល​ពីរោះ ។
-ម៉េច​មិន​​ប្រើ​ត្រកូល​ឪពុក​វា?
-គ្នា​ច្រើន​ពេក​ខ្ញុំ​មិន​ដឹង​អ្នក​ណា​ជា​ឪពុក​កូន​ខ្ញុំ​​ពិត​ប្រាកដ​ទេ ៕

អ្នក​ណា​ពិបាក​ចិត្ត​ជាង
ស្ត្រី​ពីរ​នាក់​​ដក​ដង្ហើម​វែង​ដង្ហើម​ខ្លី​និយាយ​​គ្នាៈ
-ខ្ញុំ​ពិបាក​ចិត្ត​ណាស់, ផ្ទះ​ខ្ញុំ​មាន​កូន​ក្រមុំ​​ដល់​ទៅ​៥​នាក់ តែ​ខ្ញុំ​​ទើប​តែ​មាន​កូន​ប្រសា​ម្នាក់​គត់ ។ ពុំ​ដឹង​ឆ្នាំ​ណា​ទើប​មាន​កូន​ប្រសា​គ្រប់​៥​នាក់​ទេ។
-គ្រាន់​​តែ​ប៉ុណ្ណឹង​​​ពិបាក​ចិត្ត​ធ្វើ​អ្វី ។ អ្នក​​ដែល​​​គួរ​ពិបាក​ចិត្ត គឺ​ខ្ញុំ​​ឯ​ណេះ​ទេ ។
-ចុះ​បង​ឯង​មាន​កូន​ស្រី​ប៉ុន្មាន​នាក់ ។
-​ខ្ញុំ​មាន​កូន​ស្រី​តែ​​ម្នាក់​ប៉ុណ្ណោះ តែ​មក​ដល់​ពេល​នេះ​មាន​កូន​ប្រសា​៤​នាក់​ហើយ ។ បើ​​តែ​យ៉ាង​នេះ​ពីរបី​ឆ្នាំ​ទៀត​ តើ​ខ្ញុំ​មាន​កូន​ប្រសា​ប៉ុន្មាន​នាក់​ទៅ?

ពូកែ​​បើក​ម៉ូតូ​មែន
បុរស​​ម្នាក់​ប្រាប់​មិត្ត​របស់​ខ្លួន​ ៖
-ក្មួយ​ប្រុស​​បង​ឯង​ពូកែ​បើ​ក​ម៉ូតូ​មែន ។ ខ្ញុំ​អង្គុយ​ក្រោយ​វា គ្រាន់​តែ​ឃើញ​ស្ពាន​ភ្លាម ខ្ញុំ​​ធ្មេច​ភ្នែក​អត់​ហ៊ាន​​មើល, ​លុះ​លែង​ឮ​សូររ៉ាវ! ទើប​ហ៊ាន​​បើក​ភ្នែក​ឡើង​​ឃើញ​ស្ពាន​នៅ​ក្រោយ​ខ្នង​ស្រេច ។ ដល់​ស្ពាន​ទី​ពីរ​ខ្ញុំ​ធ្មេច​ភ្នែក​ទៀត រួច​ឮ​សូរ​រ៉ាវ! ទៀត…
-ដល់​បើក​ភ្នែក​វិញ​ឃើញ​ស្ពាន​​នៅ​ក្រោយ​ខ្នង​ដែរ​មែន​ទេ?
-អត់​ទេ? ម្តង​នេះ​បើក​ភ្នែក​ឡើង​ឃើញ​ស្ពាន​…នៅ​ខាង​លើ​​ក្បាល !

តើ​គួរ​ទេ?
ផ្ទះ​មាន​ភ្ញៀវ​មក​លេង ប្រពន្ធ​ស្រែក​ដាក់​ប្តី ៖
-ភ្ញៀវ​មក​ដល់​ឥឡូវ​ហើយ ម៉េច​បង​នៅ​ស្លៀក​ខោ​ខ្លី​ទៀត?
-បង​ស្លៀក​​អ៊ីចឹង​ដើម្បី​ឱ្យ​គេ​វិនិ​ច្ឆ័យ​ថា ​អូន​ឯង​​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ប្តី​យ៉ាង​ម៉េច​ខ្លះ?
-បើ​​អ៊ីចឹង​​ស្រាត​ទាំង​អស់​ទៅ ដើម្បី​ឱ្យ​ដឹង​ថា ​បង​ឯង​ស័ក្តិ​សម​ជា​ប្តី​ដែល​ប្រពន្ធ​គួរ​យក​ចិត្ត​​ទុក​ដាក់​ឬ​អត់?

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំសាន្ដ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ