រាជធានីភ្នំពេញ ៖ តារាសម្ដែងក្នុងខ្សែភាពយន្តខ្លីៗ បង្ហោះតាមរយៈបណ្ដាញសង្គមដ៏ពេញនិយមមានដូចជា តិកតុ ហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងៗទៀត គឺអ្នកនាង ឈឿន យូម៉ី កំពុងតែផ្ទុះការចាប់អារម្មណ៍ និងទទួលបានការគាំទ្រលើប្រជាប្រិយភាពខ្លាំង ស្ទើរមិនគួឲ្យជឿ តាមទេពកោសល្យនៃការសម្ដែង ប្រកបដោយភាពប៉ិនប្រសប់ ហើយត្រូវទៅតាមបរិបថសង្គមសព្វថ្ងៃ ដែលមហាជន និងអ្នកគាំទ្រកំពុងជួបប្រទះ ។
ថ្លែងប្រាប់ កោះសន្តិភាព តារាសម្ដែងមានមុខសិចស៊ី ឈឿន យូម៉ី ហៅ Mai MaRose បានឲ្យដឹងថា រាល់វីដេអូដែលនាងបានថតបង្ហោះលើបណ្តាញសង្គម គឺជាទិដ្ឋភាពពិត ជាក់ស្តែង ឥតសម្តែង និងឥតព្រៀងទុក ពោលគឺឆ្លុះបញ្ចាំងពី ការរស់នៅប្រចាំថ្ងៃ អាជីវកម្ម គុណភាពសេវាកម្ម អនាម័យ និងគន្លឹះចំណីអាហារ ផាកសុកភាព ដែលមហាជនបានជួបប្រទះសព្វថ្ងៃ ហើយក៏បានបង្ហាញការអប់រំដល់សង្គមជាតិផងដែរ ។
តារាសម្ដែងពោរពេញទៅដោយសម្រស់ល្អផូរផង់ ឈឿន យូម៉ី ហៅ Mai MaRose បាននិយាយថា «ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលការសម្ដែងក្នុងវីដេអូប្រចាំថ្ងៃរបស់ខ្ញុំ ផ្ទុះការគាំទ្រដល់ថ្នាក់នេះ ជាពិសេសគឺវីដេអូខ្លីប ញ៉ាំអ័យស្ទ័រ ព្រោះវាសាមញ្ញខ្លាំងណាស់ ! ខ្ញុំគិតថា អាចដោយសារតែមនុស្សបច្ចុប្បន្នចូលចិត្ត មើលអ្វីដែលជាការពិត ឥតបន្លំ ឥតសម្តែង ជាពិសេសគឺការណែនាំនូវគន្លឹះល្អៗថ្មីៗ ដែលជាគុណប្រយោជន៍ដល់ពួកគាត់» ។
តារាសម្ដែងសាច់សខ្ចីរូបនេះបានបន្តថា ចំណីអាហារមានអនាម័យ រសជាតិឆ្ងាញ់ គុណភាពសេវាកម្មល្អ តម្លៃសមរម្យ រួមផ្សំនឹងភាពប៉ិនប្រសប់ឈ្លាសវៃ ក្នុងការបង្កើតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គម គឺរូបនាងអាចឆក់យកបេះដូងអ្នកគាំទ្រ និងអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់គួរឲ្យកត់សម្គាល់ រហូតអាចពង្រីកសាខាអាជីវកម្មថ្មីៗ ជាបន្តបន្ទាប់ ។
មហាជន និងអ្នកគាំទ្របានដឹងថា ឈឿន យូម៉ី ហៅ Mai MaRose គឺជាម្ចាស់ហ្វ្រេនឆាយ The Snacks Store ប៊ូហ្វេ និង Dim Sum Avenue មួយរូប ដែលកំពុងឆក់ប្រជាប្រិយភាពខ្លាំងលើបណ្តាញសង្គម តាមរយៈ វីដេអូញុំាអ័យស្ទ័រ និងអាហារបុហ្វេ ។ វីដេអូរបស់ ឈឿន យូម៉ី ហៅ Mai MaRose នៅលើតិកតុក ទទួលបានអ្នកចុច Like ចុចឲ្យបេះដូង និងអ្នកចូលទស្សនាច្រើនសន្ធឹកសន្ធាប់ សរុបរហូតដល់ជាង ១០ លាន ។
ដើមចមដែលជំរុញឲ្យ អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose ចាប់អារម្មណ៍ងាកមកផលិតវីដេអូឃ្លីបខ្លីៗ បង្ហោះចែករំលែកលើបណ្តាញសង្គម ដោយសារតែតារាសម្ដែងរូបនេះ សំឡឹងឃើញនូវ ចន្លោះខ្វះខាតទាក់ទងនឹងមាតិកា គន្លឹះចំណីអាហារ ផាកសុកភាព ជាពិសេសចង់ណែនាំពីរបៀបទទួលទាន អ័យស្ទ័រយ៉ាងម៉េចឲ្យបានឆ្ងាញ់ ញ៉ាំប៊ូហ្វេយ៉ាងណាឲ្យចំណេញ និងជ្រើសរើសកន្លែងឲ្យចំគោលដៅ ជៀសវាងខាតពេលវេលា និងថវិកា ។
ក្រៅពីការងារសិល្បៈ ងាកមកមើលមុខរបរជំនួញរកស៊ីវិញ តារាសម្ដែងវង់ភ័ក្ត្រមូលក្លំ ឈឿន យូម៉ី ហៅ Mai MaRose ត្រូវបានគេដឹងថា នាងទើបតែបានបើកសម្ពោធដំណើរការហាង The Snacks Store ជាប្រភេទអាហារប៊ូហ្វេ សាខាចំការដូងមួយបន្ថែមទៀត។ ភាពជោគជ័យរបស់តារាសម្ដែង ឈឿន យូម៉ី ហៅ Mai MaRose បានផ្តល់ឱកាសការងារដល់កូនខ្មែរដោយផ្ទាល់ និងដោយប្រយោលរាប់ពាន់នាក់ ។
ក្រៅពីនេះតារាសម្ដែង ឈឿន យូម៉ី ហៅ Mai MaRose ក៏ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍ តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើន ដូចជាការចូលរួមជួយកុមារកំព្រា ស្ត្រីមេម៉ាយ មនុស្សចាស់ ប្រជាជនខ្សត់ខ្សោយ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ