ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ីបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង៥០ពាន់លានដុល្លារ សម្រាប់ឆ្នាំក្រោយ

10 ម៉ោង មុន

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានបង្ហាញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចមានតម្លៃសរុប ៥១.៦៥ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៥ ដើម្បីកាត់បន្ថយការប៉ះទង្គិចសេដ្ឋកិច្ច និងដោះស្រាយការចុះខ្សោយនៃអំណាចទិញរបស់បណ្តាក្រុមដែលមានចំណូលទាប និងមធ្យម។ ការជំរុញនេះ…

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានបង្ហាញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចមានតម្លៃសរុប ៥១.៦៥ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៥ ដើម្បីកាត់បន្ថយការប៉ះទង្គិចសេដ្ឋកិច្ច និងដោះស្រាយការចុះខ្សោយនៃអំណាចទិញរបស់បណ្តាក្រុមដែលមានចំណូលទាប និងមធ្យម។

ការជំរុញនេះ ក៏មានគោលបំណងទប់ស្កាត់ផលប៉ះពាល់ ការកើនឡើងនាពេលខាងមុខ នៃអត្រាអាករលើតម្លៃបន្ថែម (VAT) ចាប់ពី ១១% ទៅ ១២% ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥។ លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានថ្លែងថា វិធានការជំរុញនេះ ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីផ្តល់ការគាំទ្រប្រកបដោយតុល្យភាព ពិសេសសម្រាប់ផ្នែកមានប្រាក់ចំណូលទាបនៃសង្គម ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ បើទោះបីជាមានការដំឡើងអាករលើតម្លៃបន្ថែមយ៉ាងណាក៏ដោយ។

ផ្នែកសំខាន់នៃការជំរុញដែលមានទំហំទឹកប្រាក់ជាង១៦ពាន់លានដុល្លារ នឹងឆ្ពោះទៅរកការលើកទឹកចិត្តអត្រាអាករលើតម្លៃបន្ថែម ដែលផ្តល់អត្ថប្រយោជន៍ដល់វិស័យជាច្រើន រួមមាន សហគ្រាសធុនតូច ខ្នាតតូច និងមធ្យម អាហារ ការអប់រំ ការថែទាំសុខភាព ការដឹកជញ្ជូន ថាមពល លំនៅឋានតម្លៃទាប និងសេវាហិរញ្ញវត្ថុ។ តម្រូវការជាមូលដ្ឋានដូចជា អង្ករ សាច់ ត្រី ស៊ុត បន្លែ និងទឹកដោះគោ នឹងនៅតែត្រូវបានលើកលែងពីអាករលើតម្លៃបន្ថែម។

លោកស្រីបន្ថែមថា រដ្ឋាភិបាល និងសភាតំណាងបានសម្រេចចិត្តមិនយកពន្ធអាករលើតម្លៃបន្ថែមលើទំនិញសំខាន់ៗ ដែលសាធារណជនត្រូវការនោះទេ ដោយលោកស្រីបានបន្ថែមថា កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួនជាង ២៤ពាន់លានដុល្លារ ត្រូវបានបែងចែកសម្រាប់ឧបត្ថម្ភធនថាមពល និងសំណង ដែលនឹងគ្របដណ្តប់លើការចំណាយលើការឧបត្ថម្ភធនលើប្រេងឥន្ធនៈ អគ្គិសនី និងហ្គាស។

លោកស្រីបន្ត ដើម្បីគាំទ្រសេដ្ឋកិច្ចបន្ថែមទៀត រដ្ឋាភិបាលកំពុងបែងចែកកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ៧.៩ពាន់លានដុល្លារដល់កម្មវិធីជំនួយសង្គម រួមទាំងជំនួយស្បៀងអាហារ ប្រាក់ឧបត្ថម្ភសម្រាប់បុព្វលាភធានារ៉ាប់រងសុខភាព និងលទ្ធភាពទទួលបានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើកាន់តែងាយស្រួល សម្រាប់កម្មករបាត់បង់ការងារ។

នៅក្នុងវិស័យរថយន្ត រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តពន្ធ សម្រាប់រថយន្តអគ្គិសនី និងរថយន្តកូនកាត់។ យានយន្តអគ្គិសនី និងរថយន្តកូនកាត់ នឹងទទួលបានការបន្ធូរបន្ថយពន្ធយ៉ាងច្រើន រួមទាំងពន្ធលើទំនិញប្រណីត ៣% សម្រាប់រថយន្តកូនកាត់។

សម្រាប់ឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម រដ្ឋាភិបាលនឹងផ្តល់ការលើកលែងពន្ធ ជំនួយហិរញ្ញប្បទាន និងការឧបត្ថម្ភធន ៥០% សម្រាប់ការធានារ៉ាប់រងគ្រោះថ្នាក់នៅកន្លែងធ្វើការ ដើម្បីលើកទឹកចិត្តដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យមួយនេះ។ នៅក្នុងវិស័យលំនៅដ្ឋាន រដ្ឋាភិបាលនឹងពង្រីកការលើកលែងពន្ធអាករលើតម្លៃបន្ថែមសម្រាប់ការទិញផ្ទះ។ លោកស្រីគូសបញ្ជាក់ថា វិស័យនេះមិនត្រឹមតែបំពេញតម្រូវការមូលដ្ឋានរបស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលច្រើនថែមទៀតដល់ការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕ ប្រភព ៖ VNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ