រាជធានីភ្នំពេញ ៖ កម្ពុជាបានធ្វើការអំពាវនាវឱ្យភាគីថៃ ដែលបានធ្វើការចាប់ខ្លួនកងទ័ពកម្ពុជា ចំនួន២០រូប ក្រោយបញ្ចប់បទឈប់បាញ់ចូលជាធរមាន កាលពីយប់ថ្ងៃទី២៩ ខែកក្កដានោះ ដោយត្រូវដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ៖ ករណីកងទ័ពកម្ពុជា ដែលត្រូវបានកងទ័ពថៃចាប់នេះបានកើតឡើង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៩ វេលាម៉ោង៧,៥០នាទីព្រឹក ។ ចំពោះកងកម្លាំងកម្ពុជា២០រូប ដែលស្ថិតនៅក្នុងការគ្រប់គ្រងភាគីថៃមកដល់ពេលនេះយើងបានទទួលស.ពមួយរូប និង២០រូបផ្សេងទៀតនឹងត្រូវបញ្ជូនត្រឡប់មកវិញ ។
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងទាក់ទិនក្នុងរឿងនេះថា៖« យើងនឹងបន្តចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនទាំងអស់ ត្រឡប់មកវិញឱ្យបានឆាប់បំផុតដោយសុវត្ថិភាព ។ ខ្ញុំសុំអំពាវនាវដល់ភាគីថៃត្រូវធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើងទាំង២០រូប ត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀតបើមានក្នុងការគ្រប់គ្រងរបស់ថៃ» ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើការអំពាវនាវដល់ពលរដ្ឋកម្ពុជា កងទ័ពកម្ពុជា មានលំនឹងចិត្តថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពកម្ពុជា មិនដែលលះបង់កងទ័ពរបស់យើងណាម្នាក់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ» ។
ទាក់ទិនក្នុងរឿងកងទ័ពថៃបានប្រើប្រាស់ល្បិចកលចាប់កងទ័ពកម្ពុជានេះដែរ ក្រសួងការពារជាតិកម្ពុជា កំពុងអន្តរាគមន៍ដោយ ចរចាជាមួយកងទ័ពថៃ និងក្នុងនេះកម្ពុជាក៏បានស្នើឱ្យអគ្គមេបញ្ជាការ ប្រទេស ម៉ាឡេស៊ី ជួយអន្តរាគមន៍ផងដែរ ។ ក្រសួងសង្ឃឹមថា បងប្អូនទាំងអស់នឹងវិលត្រឡប់មកវិញដោយសុខសុវត្ថិភាព ។
ជាមួយគ្នានេះ កម្ពុជាអំពាវនាវដល់ភាគីថៃជួយមើលថែ មើលការខុសត្រូវ ចំពោះបងប្អូនកងទ័ពកម្ពុជាដែលកំពុងត្រូវភាគីថៃគ្រប់គ្រងឱ្យបានល្អ និងឆាប់បញ្ជូនពួកគាត់ត្រឡប់មកវិញស្រតាមច្បាប់មនុសុ្សធម៌អន្តរជាតិ ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងបន្ថែមថា«ខ្ញុំសុំបញ្ជាក់ជាថ្មីថា អាយុជីវិត សុខសុវត្ថិភាព ទាំងកងទ័ព ទាំងប្រជាពលរដ្ឋស៊ីវិល គឺជាអ្វីដែលរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពចម្បងបំផុត ហើយតែងតែខិតខំប្រឹងប្រែង ដោះស្រាយគ្រប់មធ្យោបាយទាំងអស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលម៉ិញនេះ (ទី៣០ ខែកក្កដា)ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានដឹកនាំអនុព័ន្ធយោធា ១៣ប្រទេស និងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិ និងអន្តរជាតិ ចុះមកអង្កេតការ និងផ្សព្វផ្សាយព័ត៌មាន ការអនុវត្តក្នុងស្មារតី បទឈប់បាញ់រវាងកម្ពុជា- ថៃ ដើម្បីសន្តិភាព នៅច្រកអានសេះ ក្នុងភូមិអានសេះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្នុងព្រឹត្តិការណ៍នេះ កងទ័ពកម្ពុជាក៏បានជម្រាបដល់អនុព័ន្ធយោធាទាំងនេះ ពីល្បិចកលកងទ័ពថៃចាប់កងទ័ពកម្ពុជាជាចំណាប់ខ្មាំងក្រោយបទឈប់បា.ញ់ផងដែរ ។
សូមបញ្ជាក់ថា កងទ័ពកម្ពុជាចំនួន២១រូប ដែលប្រចាំការនៅសមរភូមិមុខត្រង់ ជាំតែ ត្រូវបានកងទ័ពថៃប្រើប្រាស់នូវល្បិចកលស្មោកគ្រោក ដោយយកល្បិចក្រោយបទឈប់បា.ញ់ចូលជាធរមានហើយ ហៅកងទ័ពកម្ពុជាទៅចាប់ដៃបង្ហាញពីមិត្តភាពឡើងវិញ ។
ភ្លាមៗនោះកងទ័ពថៃបានធ្វើការភ្ជ.ង់ និងចាប់កងទ័ពកម្ពុជា ដោយក្នុងចំណោមនេះគេសង្ស័យថា បានបាញ់សម្លា.ប់កងទ័ពកម្ពុជាចំនួន២រូប និងម្នាក់បានរួចខ្លួន៕
ចែករំលែកព័តមាននេះ