ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានជណ្តើរធ្វើអំពីថ្មបាក់សង្កត់ពីលើ បណ្តាលឱ្យស្លាប់ ខណៈដែលបុរសរងគ្រោះស៊ីឈ្នួលវាយជណ្តើរឱ្យគេ ក្នុងតម្លៃ៨០ម៉ឺននរៀល កំពុងធ្វើការងារ ស្រាប់តែខុសបច្ចេកទេស ត្រូវជណ្តើរបេតុងនោះបាក់សង្កត់ពីលើស្លាប់តែម្តង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា បុរសវ័យចំណាស់ដែលត្រូវជណ្តើរបាក់សង្កត់ពីលើស្លាប់នោះឈ្មោះ នេត វី អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិចំបក់ ឃុំវល្លសិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់ផ្ទះ មានឈ្មោះសាន់ រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា បុរសជាម្ចាស់ផ្ទះ បានជួលបុរសវ័យចំណាស់ជាជនរងគ្រោះ ដែលរស់នៅភូមិជាមួយគ្នា ឱ្យទៅវាយជណ្ដើរបេតុងផ្ទះរបស់ខ្លួនចោលដោយព្រមព្រៀងក្នុងតម្លៃ៨០ម៉ឺនរៀល លុះរហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឈ្មោះនេត វី បានមកធ្វើការធម្មតា ហើយម្ចាស់ផ្ទះខាងលើក៏បានចេញទៅធ្វើការងាររបស់ខ្លួនធម្មតាដែរ។ ស្រាប់តែរហូតដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ម្ចាស់បានត្រឡប់មកផ្ទះវិញស្រាប់តែឃើញជណ្ដើរបេតុងបាក់សង្កត់ពីលើបុរសវ័យចំណាស់រងគ្រោះស្លាប់នៅក្រោមកាំជណ្ដើរបាត់ទៅហើយ ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយកើតហេតុ នគរបាលជំនាញបានចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យកោសល្យវិច្ច័យ មិនឃើញមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ហើយករណីខាងលើនេះសាច់ញាតិក្រុមគ្រួសារជនរងគ្រោះ បានទទួលស្គាល់ថា បុរសវ័យចំណាស់ជាជនរងគ្រោះពិតជាស្លាប់ដោយសារការបាក់ជណ្ដើរសង្កត់ពីលើពិតប្រាកដមែន។
ការពិនិត្យរបស់នគរបាលជំនាញ ក៏មានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិនគរបាលរដ្ឋបាលឃុំវល្លិ៍សរ និងលោកមេភូមិផងដែរ។ បច្ចុប្បន្នសពបុរសវ័យចំណាស់ខាងលើត្រូវបាននគរបាលប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ចែករំលែកព័តមាននេះ