រាជធានីភ្នំពេញ ៖ ដោយសារស្ថានភាពជីវភាពកាន់តែពិបាកនោះ អ្នកនាង សឿ សុធារ៉ា បានសម្រេចបើកមុខរបរលក់សាច់គោ ត្រីងៀត និងរបស់របរហូបចុកមួយចំនួនទៀតតាមអនឡន ដោយលេងស្តាយឈ្មោះជាតារា ដែលធ្លាប់រះចញ្ចាចចញ្ចែងលើវិថីសិល្បៈនាពេលកន្លងមក ។
សឿ សុធារ៉ា បានអះអាងតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា ឱឈ្មោះជាតារាភាពយន្តឯក ដ៏ឧត្តមនៃខ្ញុំអើយ ប៉ុន្តែពេលនេះ……..បងប្អូនទាំងអស់គ្នា ដើម្បីជីវភាពប្រចាំថ្ងៃ ហើយដើម្បីចិញ្ចឹមកូនៗនាងខ្ញុំសម្រេចចិត្តថា លក់សាច់គោងៀត, ត្រីងៀត, ក្រកគោ សូមបងប្អូនជាទីគោរពស្រលាញ់រាប់អានមេត្តាជួយទិញនាងខ្ញុំផង ។
យ៉ាងណា ក្រោយការប្រកាសខាងលើពីសឿ សុធារ៉ា គេឃើញមានមិត្តភក្តិ និងប្រិយមិត្តគាំទ្រជាច្រើនបានធ្វើការខំមិន ដោយម្នាក់បានផ្តល់កម្លាំង និងលើកទឹកចិត្តដល់រូបនាងឲ្យមានការតស៊ូ ដើម្បីឈានទៅរកជីវិតដ៏ប្រសើរនាពេលអនាគត ។
គួរបញ្ជាក់ថា អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា ដែលជាតារាសម្តេងជើងចាស់ ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ។ តែមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះបានជួបរឿងមិនសមប្រកបជាច្រើនទាក់ទងជីវិតគ្រួសារបែកបាក់ ជំនួញរកស៊ីទិញលក់ដូរ ផ្ទះបង់រំលោះ ក៏ត្រូវខាតបង់ និងជាពិសេស គឺតុងទីន ត្រូវបង់សងជំនួសកូនៗរហូតជិត១០ម៉ឺនដុល្លារ ដែលធ្វើឲ្យជីវិតរបស់នាងធ្លាក់ដល់បាត ងងឹតសូន្យឈឹងតែម្តង ។
ស្របពេលជីវិតកំពុងជួបទុក្ខលំបាក គិតខ្វល់ច្រើនរហូតដល់ថ្នាក់ធ្លាក់សម្រស់ តារាស្រីរូបនេះបានជួបទុក្ខធំថែមទៀត ដោយម្តាយជាទីស្រលាញ់របស់អ្នកនាងបានទទួលមរណភាព ដែលសូម្បីតែលុយធ្វើបុណ្យស.ពក៏គ្មានផង ។
ទាក់ទងនឹងជីវិតសល់តែសំបកខ្លួន អ្នកនាង សុធារ៉ា ធ្លាប់បានអះអាងថា អ្នកនាងរកស៊ីទិញផ្ទះបង់រំលោះ ក្នុងបំណងទុកលក់អាចបានចំណេញ ប៉ុន្តែដោយសារបញ្ហាកូវីដជាហេតុធ្វើឲ្យអ្នកនាងមិនអាចរកប្រាក់បង់រំលោះបាន គេក៏ដកហូតផ្ទះវិញធ្វើឲ្យខាតបង់ឡុងចុងខ្លាំងតែម្តង ។ ប៉ុន្តែអ្វីដែលធ្ងន់ជាងនេះទៀតនោះ គឺរឿងធ្វើមេតុងទីន ដោយអ្នកនាង សឿ សុធារ៉ា បានប្រាប់ត្រង់ៗថាត្រូវបង់សងជំនួសកូនៗរហូតជិត១០ម៉ឺនដុល្លារ ខណៈទ្រព្យសម្បត្តិមានក្នុងខ្លួនទាំងប៉ុន្មានលក់សងគេអស់ហើយ ។
យ៉ាងណាក្រោយពេលដឹងដំណឹងពីការធ្លាក់ខ្លួនរបស់សុធារ៉ា នាពេលនេះគេក៏ឃើញមានការបណ្តាសប្បុរសជននានា ជាពិសេសមិត្តក្នុងចង្កោមអ្នកសិល្បៈដូចគ្នាក៏បានចេញជួយដល់រូបនាងជាបន្តបន្ទាប់ផងដែរនាពេលកន្លងមក ៕
ចែករំលែកព័តមាននេះ