ខេត្តបន្ទាយមានជ័យ ៖ លោកតាម្នាក់ជាមនុស្សគរ ដើររើសអេតចាយលើផ្លូវដែកពេលយប់ លុះពេលរថភ្លើងធ្វើដំណើរមកដល់ក៏បានស៊ីផ្លេដែរ តែលោកតារងគ្រោះស្តាប់អត់ឮ ក៏ត្រូវរថភ្លើងកិន បណ្តាលដាច់ជើងម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង៧យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នៅចំណុចផ្លូវដែកមួយកន្លែង ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកតារងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា គេហៅគាត់ថា តា គ មានអាយុ៦០ឆ្នាំ មុខរបរដើររើសអេតចាយ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
អ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ឬពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត ។ ចំណែកលោកតារងគ្រោះជាមនុស្សគរបានដើររើសអេតចាយពេលយប់ដើរឆ្លងផ្លូវដែក ក៏ត្រូវរថភ្លើងកិនដាច់ជើងម្ខាង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុ គេសង្កេតឃើញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាបានចុះទៅពិនិត្យមើលជនរងគ្រោះដែលត្រូវរថភ្លើងកិនដាច់ជើងម្ខាង ព្រោះគាត់ជាមនុស្សគរដែលដើររើសអេតចាយពេលយប់ត្រូវបានរថភ្លើងធ្វើដំណើរពេលយប់ស៊ីផ្លេរ ហើយគាត់ស្តាប់មិន់ឮ ក៏ត្រូវរថភ្លើងបុកដួលបែកក្បាល និងកិនជើងដាច់ម្ខាង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ។
គួររំលឹកផងដែរថា នៅអំឡុងដើមខែធ្នូ ឆ្នាំ២០២៤នេះ មានករណីរថភ្លើងបុកមនុស្សគ បណ្តាលឱ្យរងរបួសធ្ងន់ចំនួន២នាក់ហើយ ក្នុងនោះករណី១-កើតឡើងនៅចំណុចផ្លូវដែកមួយកន្លែង ក្នុងភូមិគោរដ្ឋាន សង្កាត់អំបិល និងករណីទី២-កើតឡើងនៅចំណុចផ្លូវដែកមួយកន្លែង ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៕
ចែករំលែកព័តមាននេះ