ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ទើបចេញពីមណ្ឌលកែប្រែ១ខែ ឆ្កឹះសោបន្ទប់ជួលចូល លួចទ្រព្យសម្បត្តិ២លើក តែលើនេះត្រូវម្ចាស់ឃើញទាន់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជន​ម្នាក់​ធ្លាប់​ជាប់​នៅ​មណ្ឌល​កែប្រែ​គ្រឿង​ញៀ​.​ន​២​ដង ហើយ​ចុង​ក្រោយ​នេះ ទើបតែ​ចេញ​មក​វិញ​បាន​រយៈពេល​១​ខែ​ប៉ុណ្ណោះ ហើយ​អត់​ដែល​នៅផ្ទះ​ទេ​បាន​ចេញ​ដើរ​ជាមួយ​មិត្តភក្ដិ​បាត់​រាល់ថ្ងៃ និង​ធ្លាប់​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល លួច​ទ្រព្យសម្បត្តិ​២​លើក ។ ដោយ​លើក​ទី​១…

រាជធានី​ភ្នំពេញ ៖ យុវជន​ជន​ម្នាក់​ធ្លាប់​ជាប់​នៅ​មណ្ឌល​កែប្រែ​គ្រឿង​ញៀ​.​ន​២​ដង ហើយ​ចុង​ក្រោយ​នេះ ទើបតែ​ចេញ​មក​វិញ​បាន​រយៈពេល​១​ខែ​ប៉ុណ្ណោះ ហើយ​អត់​ដែល​នៅផ្ទះ​ទេ​បាន​ចេញ​ដើរ​ជាមួយ​មិត្តភក្ដិ​បាត់​រាល់ថ្ងៃ និង​ធ្លាប់​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល លួច​ទ្រព្យសម្បត្តិ​២​លើក ។

ដោយ​លើក​ទី​១ បាន​សម្រេច លុះ​លើក​ទី​២ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ បាន​ជិះ​កង់​១​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល​មួយ​កន្លែង ផ្លូវ​បេតុង ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចូល​លួច​យក​ទ្រព្យសម្បត្តិ ។ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ដេញចាប់​បាន​រួច​នាំ​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល ។

យុវជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​រូប​នោះ​ឈ្មោះ​ទូច ស្រស់ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ម្ចាស់​បន្ទប់​ឈ្មោះ មាន មុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​មុខរបរ​កម្មករ​រោងចក្រ ។

បើ​តាម​បុរស​ជា​ឪពុក​បាន​និយាយ​ថា កូនប្រុស​គាត់​ម្នាក់​នោះ បាន​ប្រើប្រាស់​ញៀ​.​ន ហើយ​ធ្លាប់​បាន​ជាប់​នៅ​មណ្ឌល​កែប្រែ​គ្រឿង​ញៀ​.​ន​២​ដង​រួច​មក​ហើយ ចំណែក​ចុង​ក្រោយ​នេះ​ទើបតែ​ចេញ​បាន​រយៈពេល​១​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពេល​ចេញ កាលណា​មក​កូនប្រុស​រូប​នេះ មិន​ដែល​ទៅ​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គាត់​នោះ​ទេ គឺ​បាន​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​បាត់​រាល់ថ្ងៃ ។

ដោយឡែក នៅ​ព្រឹក​កើតហេតុ​គាត់​មិន​បានដឹង​ថា កូនប្រុស​រូប​នេះ​ទៅ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​នោះ​ទេ ខណៈ​ដែល​គាត់​កំពុង​នៅផ្ទះ​សុខ​ៗ ស្រាប់តែ​មាន​អ្នក​ស្គាល់គ្នា​ទៅ​ប្រាប់​ថា កូនប្រុស​របស់​គាត់​បាន​ឆ្កឹះ​សោ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បាត់​ទៅ​ហើយ ទើប​គាត់​បានដឹង និង​ទៅ​មើលឃើញ​ពិតជា​កូន​គាត់​មែន ។

ចំណែក​បុរស​ម្ចាស់​បន្ទប់​ជួល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្រោយ​ពី​បាន​ចាក់សោ​ទ្វារ​បន្ទប់​ជួល​ត្រឹមត្រូវ​រួចរាល់​ហើយ គាត់​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​ដោយ​ពុំ​មាន​អ្នក​នៅ​មើល​បន្ទប់​នោះ​ទេ លុះ​ពេល​ទៅ​ដល់​កន្លែងធ្វើការ​មេ​បាន​ប្រាប់​ថា ថ្ងៃនេះ​អត់​ធ្វើការ​ទេ​ភ្លាម​ៗ​នោះ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​បន្ទប់​ជួល​វិញ ។

ក្រោយ​ពេល​ទៅ​ដល់​គាត់​បាន​ទុក​ម៉ូតូ​នៅ​ខាងក្រោម​រួច​ឡើង​ទៅ​កាន់​បន្ទប់​ជួល នៅ​លើ​ជាន់​ទី​១ ស្រាប់តែ​ឃើញ​បន្ទប់​បិទទ្វារ​ធម្មតា ប៉ុន្តែ​អត់​ឃើញ​សោ​ដែល​គាត់​ចាក់​ពី​ខាងក្រៅ​ឡើយ ។ បុរស​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ​ដោយ​មានការ​ងឿងឆ្ងល់ គាត់​ក៏​បាន​ធាក់​ទ្វារ​ចូល​ទៅ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​នៅ​ក្នុង​បន្ទប់ ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ចាប់​បាន​ភ្លាម រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ នាំ​ទៅ​ធ្វើការ​សាកសួរ ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល​ចូល​លួច​ទ្រព្យសម្បត្តិ​ចំនួន​ពីរ​លើក​មក​ហើយ គឺ​លើក​ទី​១​លួច​បាន​សម្រេច លុះ​លើក​ទី​២​នេះ​ក៏​ត្រូវ​បាន​ម្ចាស់​មក​ទាន់ ហើយ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​តែ​ម្តង ។ ប៉ុន្តែ​ក្រោយ​ពី​កម្លាំង​នគរបាល​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ដល់​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ម្ចាស់​បន្ទប់​ខាងលើ​បាន​ប្រាប់​ថា គាត់​មិន​ប្តឹងផ្តល់​អ្វី​ទេ គ្រាន់តែ​សំណូមពរ​ឲ្យ​ជួយ​ធ្វើការ​អប់រំ​ជនសង្ស័យ​រូប​នោះ​ទៅ​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ