ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ក្រុង​ហាណូយ ឆេះ​ហាង​ខារ៉ាអូខេ​​ មនុស្ស​១១​នាក់​ស្លា​.​ប់​.​យ៉ាង​អាណោចអាធ័ម

8 ម៉ោង មុន

បរទេស​៖ ហាង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​កណ្តាល​ទីក្រុង​ហាណូយ ត្រូវ​បាន​គេ​លួច​ចាក់​សាំង​ដុត​ទាំងកណ្តាលរាត្រី​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​១១​នាក់​ឆេះ​ស្លាប់ ២​នាក់​ដង្ហើមចង្រិត និង​៥​នាក់​ទៀត​រងរបួស ។ យោង​តាម​សារព័ត៌មាន​វៀតណាម VN Express ចេញផ្សាយ…

បរទេស​៖ ហាង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​កណ្តាល​ទីក្រុង​ហាណូយ ត្រូវ​បាន​គេ​លួច​ចាក់​សាំង​ដុត​ទាំងកណ្តាលរាត្រី​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​១១​នាក់​ឆេះ​ស្លាប់ ២​នាក់​ដង្ហើមចង្រិត និង​៥​នាក់​ទៀត​រងរបួស ។

យោង​តាម​សារព័ត៌មាន​វៀតណាម VN Express ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤​នេះ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ម្សិលមិញ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​មានកំ​ពស់​៣​ជាន់ ដែល​ជា​ហាង​ខារ៉ាអូខេ ស្ថិត​នៅផ្ទះ​លេខ​២៥៨ ផ្លូវ Pham Van Dong សង្កាត់ Co Nhue 2 ខណ្ឌ Bac Tu Liem ទីក្រុង​ហាណូយ​។

ហាង​ខារ៉ាអូខេ​នេះ មាន​ទំហំ​ប្រហែល​៤០​ម៉ែត្រការ៉េ បែរមុខ​ទៅ​ស្ពាន​អាកាស​ថ្មើរជើង Pham Van Dong ។ កំឡុង​ពេល​ឆេះ​នៅ​ខាង​មុខ​ហាង មាន​ម៉ូតូ​ឡាន​ប្រហែល​៦-៧​គ្រឿង​ចត​នៅ​ទីនោះ ។ ផ្នែក​ខាងស្តាំ​ផ្ទះ​គឺជា​ដី​ទំនេរ​មួយ​ដែល​មាន​រថយន្ត​ចំនួន​៣​គ្រឿង​ទៀត​ចត ចំណែកឯ​ខាងឆ្វេង​ផ្ទះ​គឺជា​រោង​ជាងក្រឡឹង​មួយ​កន្លែង ។

តាម​សាក្សី​នៅ​ក្នុង​ហេតុការណ៍​បាន​អះអាង​ថា ផ្សែងភ្លើង​ហុយ​ទ្រលោម​បាន​ឆាបឆេះ​ចេញពី​ជាន់​ផ្ទាល់​ដី រួច​រាលដាល​ដល់​ជាន់​ទី​១ និង​ដល់​រោង​ជាងក្រឡឹង​ដែល​នៅ​ក្បែរ​នោះ ។ នៅ​ពេល​ភ្លើង​ឆេះ​ហាង​ខារ៉ាអូខេ​នេះ​មាន​មនុស្ស​ប្រហែល​១៨​នាក់​នៅ​ខាងក្នុង​នោះ ហើយ​គ្រប់​គ្នា​បាន​ព្យាយាម​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​ជណ្តើរ​ដែល​ចុះ​ទៅ​កាន់​ជាន់​ផ្ទាល់​ដី​ត្រូវ​បាន​រារាំង​ដោយ​ភ្លើង ហើយ​ផ្សែង​ខ្មៅ​កាន់តែ​ច្រើន​បាន​ហុយ​ឡើង​ទៅ​ជាន់​ខាងលើ អ្នកខ្លះ​បាន​សម្រេចចិត្តរ​ត់ទៅ​វេរ៉ង់ដារ​ជាន់​ទី​៣​ដើម្បី​ទូរស័ព្ទ​រក​ជំនួយ​សង្គ្រោះ ។

ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុងផ្ទះ​នៅ​ជាប់​ហាង​ខារ៉ាអូខេ​នោះ​គឺ អ្នក​មីង ង្វៀ​ន ធី​ហប បាន​និយាយ​ថា គាត់​កំពុង​ត្រៀមខ្លួន​ចូល​គេង នៅ​ពេល​ដែល​គាត់​បានឮ​សំឡេង​ផ្ទុះ​បន្តបន្ទាប់ រំពេច​នោះ​ស្រាប់តែ​ឮ​សម្លេង​ស្រែក​ឆោ​ឡា​ថា «​ភ្លើង​ឆេះ​ៗ» ។

គាត់​ក៏​រត់​ចេញពីផ្ទះ​មក​ឈរ​លើ​ផ្លូវ ហើយ​បានឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​កំពុង​លេប​ត្របាក់​នៅ​ក្នុង​ហាង​ខារ៉ាអូខេ និង​បាន​ឆាបឆេះ​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ អ្នក​មីង ធី​ហប បាន​និយាយ​ថា​៖ «​ខណៈ​ដែល​ភ្លើង​កំពុង​ឆេះ មនុស្ស​ជា​ច្រើន​បាន​ត្រឹម​សម្លឹង​មើល​ដោយ​ភិតភ័យ តែ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ហើយ​ទោះបីជា​អ្នកខ្លះ​ព្យាយាម​ដួស​ទឹក​ជះ​ពន្លត់​ក៏​មិន​បាន​ផល​ដែរ ព្រោះ​ភ្លើង​រាលដាល​រហ័ស​ពេក​»​។

ក្រោយ​ការ​ឆាបឆេះ​ប្រមាណ​១០​នាទី ប៉ូលិស​បង្ការ និង​ពន្លត់​អគ្គិភ័យ​បាន​ចល័ត​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០​គ្រឿង និង​ក្រុម​សង្គ្រោះ​ជា​ច្រើន​នាក់​បាន​មក​ដល់​កន្លែង​កើតហេតុ ។ អ្នក​ពន្លត់​អគ្គិភ័យ​បាន​តាម​ឡាន​កាំជណ្តើរ​ទៅ​កាន់​យ៉រ​ជាន់​ទី​៣ ដើម្បី​នាំ​មនុស្ស​យ៉ាង​ហោច​ណាស់​៤​នាក់​ចុះ​មក​ដី ហើយ​បញ្ជូន​ពួក​គេ​ទៅ​បន្ទប់សង្គ្រោះបន្ទាន់ ។

ក្រុម​មួយទៀត​បាន​បន្ត​បាញ់​ទុយោ​ទឹក​ចូល​ទៅ​ក្នុងផ្ទះ ដោយ​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​គ្រប​លើ​ចិញ្ចើម​ផ្លូវ Pham Van Dong ។ រថយន្ត​សង្គ្រោះ​ចំនួន​១០​គ្រឿង​កំពុង​រង់ចាំ​នៅ​ផ្លូវ Pham Van Dong ដើម្បី​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​។

លុះដល់​ម៉ោង​១២​និង​១០​នាទី​ព្រឹក​ឈាន​ចូល​ថ្ងៃ​ទី​១៩ ធ្នូ ភ្លើង​បាន​រលត់​ទៅ តែ​មាន​ផ្សែងហុយ​ចេញ​មក​វិញ ។ ប៉ូលិស​ពាក់​ម៉ាស់​ឧស្ម័ន​បាន​ចូល​ទៅ​ជិត​ផ្ទះ​ពី​ទិស​ដៅ​ពីរ គឺ​ខាង​មុខ​និង​ជណ្តើរ ។ បន្ទាប់​ពី​ប្រហែល ៤៥​នាទី សាកសព​យ៉ាង​ហោច​ណាស់​១០​នាក់​ត្រូវ​បាន​រុំ​ដោយ​ភួយ​យក​ចេញពីផ្ទះ​ដែល​ឆេះ ហើយ​បាន​តាម​រថយន្ត​ពេទ្យ​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ចំនួន​២​ដែល​មាន​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​ទីតាំង​កើតហេតុ​។

លុះដល់​ម៉ោង​១​និង​៤០​នាទី​ទៀប​ភ្លឺ ការ​ស្វែងរក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ចប់ រថយន្ត​សង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ដកថយ ហើយ​ផ្ទះ​ត្រូវ​បាន​បិទទ្វារ​ដើម្បី​ស៊ើបអង្កេត​មូលហេតុ​នៃ​អគ្គិភ័យ​។ នៅ​កន្លែង​កើតហេតុ ម៉ូតូ​ប្រហែល​៥​គ្រឿង ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវត្រូវ​ឆេះ​ខ្ទេចខ្ទីរ ចំណែក​រថយន្ត​មួយ​គ្រឿង​ត្រូវ​ឆេះ​ចំហៀង​ខាងស្តាំ និង​ខាងក្រោយ ។ នៅ​ខាងក្នុង​ផ្ទះ គ្រឿង​សង្ហា​រឹម​ទាំងអស់​ត្រូវ​បាន​ឆេះ សម្ភារ​របស់​រោង​ជាង​មេកា​និក​ក៏​ត្រូវ​បាន​ឆេះ​បំផ្លាញ​ដែរ​។

គេ​ឃើញ​វត្តមាន​លោក​ជំទាវ Bui Thi Minh Hoai លេខា​គណៈកម្មាធិការ​មជ្ឈិមបក្ស​ប្រចាំ​ទីក្រុង​ហាណូយ រួម​ទាំង​មេ​ប៉ូលិស​ក្រុង​ហាណូយ លោក Nguyen Hai Trung បាន​ចុះ​ទៅ​ដឹកនាំ​ប្រតិបត្តិការ​សង្គ្រោះ និង​ស៊ើបអង្កេត ដោយ​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​។

នៅ​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ដដែល ប៉ូលិស​ក្រុង​ហាណូយ​បាន​ប្រកាស​ថា អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ និង​នាំ​មនុស្ស​៧​នាក់​ចេញ​មក​ក្រៅ (៥​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្ថិតស្ថេរ ចំណែកឯ​២​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ដង្ហើមចង្រិត​ដែល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​បន្ទប់​ICU ហើយ​សាកសព​ដែល​រក​ឃើញ​សរុប មាន​ចំនួន​១១នាក់​។

ចំពោះ​មូលហេតុ​នៃ​អគ្គិភ័យ​ឆាប់ឆេះ​ហាង​ខារ៉ាអូខេ​ខាងលើ​នេះ ត្រូវ​បាន​ប៉ូលិស​ស្រាវជ្រាវ​ឃើញ​ថា បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ជា​អ្នក​ចាក់​សាំង​ដុត ហើយ​ទីបំផុត ជន​បង្ក​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បាន​ភ្លាម​ៗ​។ ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា គាត់​បាន​ទៅ​ផឹកស្រា​បៀរ​នៅ​ខារ៉ាអូខេ​នេះ ហើយ​ក៏​កើត​មាន​ទំនាស់​ជាមួយ​បុគ្គលិករ​ហាង ទើប​គាត់​ទិញ​សាំង​មក​ចាក់​នៅ​ជាន់​ទី​មួយ ហើយ​ដុត​តែ​ម្តង​។

តាម​រយៈ​វី​ដេ​អូ​ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ​បាន​បង្ហាញ​ថា នៅ​វេលា​ម៉ោង ១១ និង​០១​នាទី​យប់ បុរស​ម្នាក់​នោះ​បាន​យួរ​ធុង​ទឹក​មួយ​ទំនងជា​សាំង​ចុះ​ពីលើ​ស្ពាន​ថ្មើរជើង ដើរ​សំដៅ​ទៅ​កាន់​ហាង​ខារ៉ាអូខេ ហើយ​ប៉ុន្មាន​វិនាទី​ក្រោយមក ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​៕

កែសម្រួលដោយ