ប្រទេសជប៉ុន ៖ បើតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសជប៉ុន បានកើនឡើងដល់ជាង៣៣លាននាក់ហើយ គិតចាប់តាំងពីខែមករាដល់ខែវិច្ឆិកា ឆ្នាំនេះ ដោយបានបង្កើតកំណត់ត្រាប្រចាំឆ្នាំថ្មីមិនធ្លាប់មានពីមុន។
កំណើនដ៏សំខាននេះ ត្រូវបានជំរុញដោយការកើនឡើងនៃវិស័យទេសចរណ៍ និងការធ្លាក់ចុះតម្លៃប្រាក់យ៉េនជប៉ុន។ នេះបើយោងតាមប្រភពពីសារព័ត៌មានក្យូដូជប៉ុន (Kyodo News) បានចេញ ផ្សាយ។
យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានបង្ហាញឱ្យដឹងថា ចំនួនភ្ញៀវបរទេសសរុបមានចំនួន ៣៣,៣៧៩,៩០០នាក់ ដែលលើសពីកម្រិតខ្ពស់បំផុតពេញមួយឆ្នាំមុន ដែលត្រូវបានកត់ត្រាចំនួន ៣១.៨៨លាននាក់ កាលពីឆ្នាំ ២០១៩។ ត្រឹមតែក្នុងខែវិច្ឆិកា ឆ្នាំនេះ ភ្ញៀវបរទេសបានកើនឡើងរហូតដល់ ៣០.៦% រហូតដល់ ៣.១៨លាននាក់ ខណៈនៅក្នុងខែនីមួយៗ ឆ្នាំនេះ ចំនួនភ្ញៀវបរទេសមានកំណើនយ៉ាងហោចណាស់ ៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
អ្នកទេសចរមកពីកូរ៉េខាងត្បូង ៧៤៩,៥០០នាក់បានទៅលេងប្រទេសជប៉ុន កាលពីខែមុន កើន ឡើង ១៥.៣% ធៀបនឹងឆ្នាំមុន។ ចំណែកអ្នកទេសចរចិនបានកើនឡើងទ្វេដងដល់ ៥៤៦,៣០០នាក់ ខណៈតៃវ៉ាន់នៅលេខ ៣ មានចំនួន ៤៨៨,៤០០នាក់ កើនឡើង ២១.០% បន្ទាប់មកសហ រដ្ឋអាមេរិកមានចំនួន ២៤៧,៥០០នាក់ កើនឡើង ៣៤%។
ការដោះស្រាយបញ្ហាទាក់ទងនឹងវត្តមានភ្ញៀវទេសចរហួសហេតុពេក ដែលបង្កជាការកកស្ទះចរាចរណ៍ និងការរំខានដល់ការរស់នៅរបស់ប្រជាជនជប៉ុនម្ចាស់ស្រុក នឹងក្លាយជាបញ្ហាប្រឈមរបស់រដ្ឋាភិបាលជប៉ុន ដើម្បីសម្រេចបានគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៦០លាននាក់ជារៀងរាល់ឆ្នាំ នៅឆ្នាំ២០៣០៕
ចែករំលែកព័តមាននេះ