ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីប្រកាសថាខ្លួននឹងលើកយកករណីធ្វើឃាតឧត្ដមសេនីយ៍យោធាទទួលបន្ទុកខាងអាវុធនុយក្លេអ៊ែរ, ជីវសាស្ត្រ និងគីមីទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងពេលឆាប់ៗនេះព្រោះវាជាសំណុំរឿងព្រហ្មទណ្ឌបែបភេរវកម្មដែលរុស្ស៊ីមិនអាចទទួលយកបានទេ។ ឧត្ដមសេនីយ៍អ៊ីហ្គើ ឃីរីឡូវ (Igor Kirillov) ស្លាប់នៅពេលគាត់ និងជំនួយការរប់សគាត់ម្នាក់ទៀតដើរចេញពីអគារសំដៅទៅរករថយន្តមួយគ្រឿង។ កំពុងដើរសុខៗស្រាប់តែគ្រាប់បែកដែលគេបង្កប់នៅក្នុងម៉ូតូមួយគ្រឿងផ្ទុះឡើងតែម្ដង។

តាមគម្រោង អ្នកតំណាងប្រទេសរុស្ស៊ីនៅអង្គការសហប្រជាជាតិនឹងបញ្ជូនសំណុំរឿងនេះទៅក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី២០ ខែធ្នូ។ អ្នកនាំពាក្យរុស្ស៊ី លោកស្រីម៉ារីយ៉ា ហ្សាការ៉ូវ៉ា (Maria Zakharova) ថ្លែងថាអ្នកណាក៏ដោយដែលជាប់ពាក់ព័ន្ធនឹងការធ្វើឃាតឧត្ដមសេនីយ៍ឃីរីឡូវត្រូវតែរកឱ្យឃើញ និងយកមកកាត់ទោសឱ្យសមនឹងកំហុសដែលពួកគេបានប្រព្រឹត្ត។

ការថ្លែងដូច្នេះបន្ទាប់អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោកឌីមីទ្រី មេតវេដេវ (Dmitry Medvedev) ដៅឈ្មោះអ៊ុយក្រែនជាមេគំនិតនៅក្នុងការធ្វើឃាតឧត្ដមសេនីយ៍ឃីរីឡូវ។ លោកសច្ចាថានឹងតាមសងសឹករហូតដល់ទីបញ្ចប់។ ប្រភពផ្ទៃក្នុងរបស់ភ្នាក់ងារសម្ងាត់អ៊ុយក្រែនអែសប៊ីយូ (SBU) ដែលស្នើសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថានេះជាស្នាដៃរបស់អ៊ុយក្រែនពិតមែន។ គ្រាន់តែថាអ៊ុយក្រែនមិនមានទម្លាប់ប្រកាសរឿងនេះជាចំហទេ។ វាដូចជាលក្ខណៈបញ្ឈឺចិត្តគេពេក។

នៅថ្ងៃពុធនេះ សមត្ថកិច្ចរុស្ស៊ីប្រកាសថាខ្លួនចាប់បានហើយជនសង្ស័យនៅក្នុងអំពើវាយប្រហារដោយគ្រាប់បែកបង្កប់នៅក្នុងម៉ូតូកូនទាដើម្បីធ្វើឃាតឧត្ដមសេនីយ៍ឃីរីឡូវ។ បុរសរូបនេះជាជនជាតិអ៊ូបេគីស្ថានដែលបានឆ្លើយសារភាពអស់គ្មានសល់នូវការរៀបចំផែនការឱ្យគាត់ដាក់គ្រាប់បែក។ គាត់ថាគាត់ធ្វើទៅតាមបញ្ជារបស់ភ្នាក់ងារសម្ងាត់អ៊ុយក្រែនអែសប៊ីយូ (SBU)។

គួរកត់សម្គាល់ថាឧត្ដមសេនីយ៍ឃីរីឡូវជាមន្ត្រីយោធាជាន់ខ្ពស់បំផុតដែលស្លាប់ក្រោមស្នាដៃរបស់អ៊ុយក្រែនចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីជិតបីឆ្នាំមុន។ កាលពីមួយថ្ងៃមុនហេតុការណ៍ផ្ទុះគ្រាប់បែកនោះ រដ្ឋអាជ្ញាអ៊ុយក្រែនបានចោទប្រកាន់គាត់កំបាំងមុខនៅតុលាការយោធាពីបទប្រើប្រាស់សារធាតុពុលធ្វើឱ្យខូចប្រព័ន្ធខួរក្បាល និងវង្វេងវង្វាន់ស្មារតី។

មានន័យថាបើអ៊ុយក្រែនចាប់គាត់យកមកកាត់ទោសនៅអ៊ុយក្រែនទៅតាមផ្លូវច្បាប់មិនបានទេ ត្រូវតែកម្ទេចគាត់ចោលដោយអំពើឃោរឃៅតែម្ដង។ អ៊ុយក្រែនអះអាងថាកងទ័ពរុស្ស៊ីមិនជាខ្លាំងក្លាណាស់ណាទេនៅលើសមរភូមិ។ ប៉ុន្តែណាស់តែឧត្ដមសេនីយ៍រូបនេះជាមេខ្លោងនៅពីក្រោយការប្រើអាវុធគីមីធ្វើឱ្យទាហានអ៊ុយក្រែនវង្វេងវង្វាន់ស្មារតី គ្មានអារម្មណ៍តស៊ូនៅក្នុងសមរភូមិ ហើយគិតតែពីដកថយជាបន្តបន្ទាប់៕

ចែករំលែកព័តមាននេះ