រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការរៀបចំកម្មវិធី «សំណេរអង្គរ» បានរៀបចំសន្និសីទកាសែតលើកទី២ ស្តីពីកម្មវិធី «សំណេរអង្គរ» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នាស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ។
ដើម្បីជាគន្លឹះខ្លះៗសម្រាប់បេក្ខជន បេក្ខនារី ដែលមានបំណង ចង់ដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «សំណេរអង្គរ» ខាងក្រោមនេះនឹងបង្ហាញជូន បេក្ខជន បេក្ខនារី ។
តាមរយៈលោក យិន ធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាភាសាខ្មែរបានគូសបញ្ជាក់ថា៖ «មានពាក្យខ្មែរចំនួនអាចសរសេរជាព្យាង្គរាយផង ព្យាង្គតម្រួតផង ដូចនេះដាក់ពិន្ទុកទៅតាមពាក្យដែលមានប្រើក្នុងវចនានុក្រមខ្មែរ គឺយើងកំណត់យកវចនានុក្រម សម្តេចសង្ឃ ជួនណាត ជាគោល»។
លោក យិន ធី បន្តថា ដូចនេះនៅក្នុងសំណេរសរសេរតាមអាន យើងកំណត់ពាក្យ៖
ទី១) ពាក្យព្យាង្គរាយ និងព្យាង្គតម្រួត យើងនិងឱ្យត្រូវ ប្រសិនជាមាននៅក្នុងវចនានុក្រមខ្មែរ។ ប៉ុន្តែប្រសិនជាពាក្យខ្លះ គេសរសេរជាព្យាង្គរាយ ហើយយើងសរសេរជាព្យាង្គតម្រួត ដែលពាក្យនោះមិនមានក្នុងវចនុក្រមខ្មែរ ចឹងគឺយើងមិនឱ្យពិន្ទុក និយាយជារួមគឹអាស្រ័យលើវចនានុក្រមខ្មែរ ។
ទី២) ប្រសិនជាពាក្យខ្លះមិនមានក្នុងវចនានុក្រមនេះ យើងមានឯកសារគតិយុត្តិផ្លូវច្បាប់មួយទៀត គឺឯកសារវចនានុក្រមក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានផ្សព្វផ្សាយកន្លងមក ។
ទី៣) ប្រសិនជាការរៀបចំអត្ថបទ មានពាក្យពាក់ព័ន្ធនឹងពាក្យបច្ចេកទេស ហើយមិនមាននៅក្នុងវចនានុក្រមថ្មី វាមាននៅក្នុងសៀវភៅសិក្សាគោលផ្លូវច្បាប់ ដែលក្រសួងអនុញ្ញាត្តិឱ្យប្រើប្រាស់និងបានផ្សព្វផ្សាយទូទាំងប្រទេសហើយ ដួចនេះពាក្យបច្ចេកទេសទាំងនោះក៏ជាគតិយុត្តិ ដែលយើងប្រើនៅក្នុងសំណេរសរសេរតាមអានដែរ ។
បន្ថែមពីនេះ លោក យិន ធី ថា ដោយសារភាសាខ្មែរយើងបច្ចុប្បន្ន មានពាក្យបច្ចេកទេសថ្មីៗ និងសម្បូរបែប ពាក្យបកប្រែ ពាក្យដែលយើងគ្មានសោះយើងយកពាក្យគេមកប្រើជារបស់យើងក៏មាន អញ្ចឹងពាក្យបច្ចេកទេសទាំងនោះ ក៏វាមាននៅក្នុងឯកសារគតិយុត្តិរបស់ស្ថាប័នជាតិដទៃ ដែលយើងកំពុងប្រើជាធូរមានសពថ្ងៃនេះ។ ដូចនេះពាក្យបច្ចេកទេសទាំងនេះ ក៏ជាឯកសារយោងដើម្បីអានក្នុងសំណេរតាមរបស់យើងផងដែរ ។
ជាមួយគ្នានេះផងដែរ លោក លីម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានប្រាប់ពីគោលបំណងនៃការបង្កើតកម្មវិធីនេះ គឺចង់បំផុសចលនាមហាជនឱ្យយល់ដឹងអំពីសារសំខាន់នៃអក្ខរាវិរុទ្ធខ្មែរយើង និងការអភិរក្សអក្សរសាស្ត្រខ្មែរយើង។ ហើយនេះជាមូលហេតុដែលយើងនិងកំណត់អាយុអ្នកចួលរួមប្រកួត នោះមានន័យថាយើងទទួលចាប់ពីអ្នកចេះសរសេរ គឺចាប់ពីអាយុ ៦ឆ្នាំឡើង ។
សូមជម្រាបជូនផងដែរថា កម្មវិធី «សំណេរអង្គរ» គឺជាកម្មវិធីដែលបង្កើតឡើង ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ តាមរយៈការសរសេរតាមអាន។ និយាយបែបផ្សេងមានន័យថា កម្មវិធីនេះ នឹងអាចក្លាយទៅជាទិវា សរសេរតាមអានជារៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទស្តីពីរមណីយដ្ឋានអង្គរ ៕
ចែករំលែកព័តមាននេះ