ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​កំពុង​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក​រាប់រយ​​ហិ​កតា​…​សង្ស័យ​ពាក់ព័ន្ធ​ខ្លះ​ជាមួយ​ឧកញ៉ា អ៊ឹ​ង ឃាង

11 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ ទីតាំង​ដី​តំបន់​បរិស្ថាន​មួយ​កន្លែង​ដែល​ជា​ព្រៃ​លិច​ទឹក មាន​ទំហំ​ជាង​២០០​ហិ​កតា​( 2km​កា​រ៉េ ) ស្ថិត​ក្នុងភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង…

ខេត្តកោះកុង ៖ ទីតាំង​ដី​តំបន់​បរិស្ថាន​មួយ​កន្លែង​ដែល​ជា​ព្រៃ​លិច​ទឹក មាន​ទំហំ​ជាង​២០០​ហិ​កតា​( 2km​កា​រ៉េ ) ស្ថិត​ក្នុងភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង កំពុង​ត្រូវ​បាន​ឈ្មួញ​ដី​សំរុក​ដឹក​ដី ដើម្បី​ចាក់​លុប​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ប្រើ​រថយន្ត​ប៉ែន​រាប់​សិប​គ្រឿង និង​គ្រឿងចក្រ​សំរាប់​ឈូស​ឆាយ​ជា​ច្រើន​គ្រឿង​ទៀត ។

មន្ត្រី​បរិស្ថាន​ខេត្ត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤ ថា ទីតាំង​ដី​ដែល​កំពុង​ត្រូវ​បាន​ចាក់​លុប​ខាងលើ គឺ​ស្ថិត​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដង​ពែង លាតសន្ធឹង​ពី​ស្រុកស្រែ​អំបិល​ដល់​ស្រុក​បុ​ទុម​សាគរ មាន​ផ្ទៃក្រឡា​រាប់​ពាន់​ហិ​កតា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ។ លោក​ថា ពលរដ្ឋ​អាច​ចូល​អាស្រ័យ​ផល​ក្នុង​តំបន់​នេះ តា​មក​ល្ខ​ណៈ​ធម្មជាតិ​បាន និង​ទីតាំង​ខ្លះ ត្រូវ​បានការ​ពារ​ដោយ​ពលរដ្ឋ​សហគមន៍ និង​អាស្រ័យ​ផល​ជា​លក្ខណៈ​សហគមន៍ ឯ​រឿង​ឈ្មួញ​ចាក់​ដី​រំលោភ​អត់​មាន​និយាយ​សោះ ។

ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ​ជា​ច្រើន​គ្រួ​សារបាន​បញ្ជាក់​ដូច​ៗ​គ្នា​ថា កាលពី​អំឡុង​២​ខែ​មុន ពួក​គាត់​សង្កេត​ឃើញ​មាន​គ្រឿងចក្រ​ចូល​មក​ឈូស​ឆាយ​ផ្លូវ និង​ដាំ​បង្គោល​ភ្លើង​ចូល​ទៅ​កាន់​ទីតាំង​ព្រៃ​លិច​ទឺ​ក​ខាងលើ​នោះ ។ បន្ទាប់​មក ឃើញ​មានការ​សាងសង់​អគារ​ធ្វើ​ពី​ដែក និង​ចាក់​បេតុង​គ្រឹះ​យ៉ាង​រឹង​មាំ និង​កំពុង​បន្ត​ការ​សាងសង់ ហើយ​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គេ​ឃើញ​មាន​ហ្វូង​ឡាន​ដឹក​ដី​ជា​ច្រើន​គ្រឿង សំរុក​ដឹក​ដី​ទាំង​យប់​ទាំង​ថ្ងៃ​ចាក់​ដី​ព័ទ្ធ​ជុំវិញ​ទីតាំង​ខាងលើ​រាប់​សិប​ហិ​កតា ។

លោក​ឈុ​ន ឈិ​ន មេ​ភូមិ​សា​រ៉ា​យ បាន​បញ្ជាក់​ថា រូប​លោក​ក៏​មិន​ទាន់​បាន​ទទួល​ការ​ជូនដំណឹង ឬ​ការ​អនុញ្ញាត​ពី​ថ្នាក់​ណាមួយ​មក​ដល់​មូលដ្ឋាន​របស់​លោក​ដែរ ។ លោក​មេ​ភូមិ​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ការ​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក​នេះ គឺ​មាន​ទំហំ​រាប់រយ​ហិ​កតា ដែល​ពី​មុន​ព្រៃ​លិច​ទឹក​នេះ​ត្រូវ​បាន​ហាម មិន​អោយ​ពលរដ្ឋ​ណា​ម្នាក់​ចូល​កាប់​ទន្ទ្រាន​ក្នុង​តំបន់បរិស្ថាន​មួយ​នេះ​ឡើយ ។

មេការ​មួយ​រូប​ដែល​នៅ​ឈរ​បញ្ជា​រថយន្ត​ដឹក​ដី​ចាក់​លុប​ទីតាំង​ព្រៃ​លិច​ទឹក​ខាងលើ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ២០២៤ ថា ថៅកែ​របស់​លោក​បាន​ទិញ​ទីតាំង​ដី​នេះ​ជា​ព្រៃ​លិច​ទឹក​ចំនួន​៨​ហិ​កតា​ពី​លោក​ឧកញ៉ា អ៊ឹ​ង ឃាង ដើម្បី​បើក​ធ្វើ​អាជីវកម្ម​ស្រែ​ចិញ្ចឹម​បង្គារ និង​កំពុង​រត់​ច្បាប់​សាងសង់ និង​ច្បាប់​អាជីវកម្ម​ធនធាន​រ៉ែ ។

លោក ហុង ប្រុស អភិបាលរង​ស្រុកស្រែ​អំបិល​ទទួល​បន្ទុក​ការងារ​ដីធ្លី​បាន​ឆ្លើយ​តប​តាម​ប្រ​ព័​ន្ឋ​តេ​លេ​ក្រាម​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ថា ទីតាំង​ខាងលើ ពិតជា​មាន​គំរោង​វិនិយោគ​ស្រែ​ចិញ្ចឹម​បង្គារ​ប្រាកដ​មែន ចំពោះ​ឯកសារ​ផ្លូវច្បាប់​នៅ​មិន​ទាន់​ឃើញ​ខាង​ម្ចាស់​ដី​យក​មក​បង្ហាញ​អាជ្ញាធរ​នៅឡើយ​ទេ ។ ប៉ុន្តែ​លោក​ថា ធ្លាប់​ឃើញ​ប្រធាន​កា​រិ​យាល័យ​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ខេត្ត​ចុះ​មក​ពិនិត្យ​ម្តង​ដែរ ប៉ុន្តែ​មិន​ទាន់​ទទួល​បានការ​សំរេច​នៅឡើយ​ទេ សង្ស័យ​សុទ្ធតែ​ដី​ខ្យល់​ទាំងអស់​គ្មាន​ជំនាញ​ណា​ហ៊ាន​លក់​ទេ ។

មន្ត្រីជាន់ខ្ពស់​មួយ​រូប​បាន​បង្ហើប​អោយ​ដឹង​ថា មិន​មាន​ស្ថាប័ន​ណា​ហ៊ាន​អនុញ្ញាត​ប្រគល់​ដី​តំបន់​បរិស្ថាន អោយ​ក្រុមហ៊ុន ឬ​បុគ្គល​ឯកជន​គ្រប់គ្រង ឬ​ធ្វើ​អាជីវកម្ម​ដោយ​បំផ្លាញ​ព្រៃ​លិច​ទឹកធម្មជាតិ​រាប់រយ​ហិ​កតា​បែប​នេះ​ឡើយ ។

មហាជន​និយាយ​ថា ក្រុមហ៊ុន​ចិន​ទិញ​ដី​៨​ហិ​កតា​ពី​ឧកញ៉ា អ៊ឹ​ង ឃាង សង្ស័យ​ដី​ខ្យល់ ព្រោះ​ជា​ព្រៃ​លិច​ទឹក​របស់​រដ្ឋ ហើយ​ឈូស​យក​រាប់រយ​រាប់​សិប​ហិ​កតា​តែ​ម្តង ។ ដោយសារ​តែ​ហេតុនេះ ទើប​រយៈពេល​កន្លង​មក ពលរដ្ឋ​ជា​ច្រើ​រូប​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ពីមន្ត្រី​បរិស្ថាន ដោយ​ជាប់​ចោទ​ពី​បទ​ថា​បំផ្លាញ​ដី​ព្រៃ​ក្នុង​តំបន់​បរិស្ថាន ។

ក្រៅពី​នេះ នៅ​មាន​បទ​ចោទ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​បទ​រំលោភ​ដែន​សមត្ថកិច្ច​គ្រប់គ្រង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​(​ទំនប់​ការពារ​ទឹកប្រៃ​) រំលោភ​ដែន​សមត្ថកិច្ច​គ្រប់គ្រង​ដោយ​រដ្ឋបាល​ជលផល ជាប់​បទ​ចោទ​ការ​លួច​ធ្វើ​អា​ជី​កម្ម​លើ​ធនធាន​រ៉ែ​លួច​កម្រៃ​សួយ​សារ​បាត់ប្រាក់​ព​ន្ឋ​របស់​រដ្ឋ និង​ជា​ពិសេស គឺ​បាន​ធ្វើ​សកម្មភាព​ផ្គើន​ទៅ​នឹង​ការ​សំរេច​របស់​ក្រ​សូ​ង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចេញ​ស​.​ជ​.​ណ​ប្រគល់​ដី​នេះ​អោយទៅ​ពលរដ្ឋ​ចំនួន​១២​គ្រួសា​តាំងពី​ឆ្នាំ​២០២០​មក​ម្ល៉េះ ។

ចំណែក​ឧកញ៉ា អ៊ឹ​ង ឃាង មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ ។ សម្រាប់​ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ