ខេត្តស្វាយរៀង ៖ សមត្ថកិច្ចចុះបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជន ជាជនជាតិវៀតណាម ចំនួន០៩នាក់ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត ធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាង បានរួមមានគ្រឿងញៀនជាង០២គីឡូក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួន ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងបទកាន់កាប់ ប្រើប្រាស់ នូវអាវុធគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាត នៅចំណុចខាងមុខកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម បានចំនួន០៩នាក់ ។
ប្រភពបានបន្តទៀតថា វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតរួមមាន ៖ សារធាតុញៀនសរុបចំនួន ១៨៧កញ្ចប់ ទម្ងន់ ២,៤០៩.៨ ក្រាម (គិតទាំងសំបកវេចខ្ចប់), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៣ គ្រឿង, លិខិតឆ្លងដែន ចំនួន០៧ ក្បាល, ប័ណ្ណបើកបរចំនួន០២សន្លឹក, ទូរសព្ទដៃចំនួន២០គឿង, កុំព្យូទ័រលើតុចំនួន០១គឿង, កាំភ្លើងខ្លីចំនួន០១ដើម, បង់កាំភ្លើងខ្លីចំនួន០១, គ្រាប់កាំភ្លើងមិនទាន់ផ្ទុះចំនួន២៦គ្រាប់, ពិលឆក់ចំនួន០៣គឿង, ខ្សែរិតជ័រចំនួន០១ដុំ, អត្តសញ្ញាណប័ណ្ណចំនួន០៨សន្លឹក, សៀវភៅការងារបរទេសចំនួន០១សន្លឹក, សម្ភារប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ