រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ ខណៈសម្តែងការសោកស្តាយចំពោះការសង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។
នៅក្នុងជំនួបសម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ដែលបានកើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល៣ឆ្នាំកន្លងទៅនេះ ។ សម្តេចបានគូសបញ្ជាក់ថា ៖ កម្ពុជាស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្គ្រាម ហើយសម្តេចដឹងយ៉ាងប្រាកដថា «មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ» ។

សម្តេចតេជោ ក៏បានបន្តថា សម្តេចបានលះបង់អំណាចពេលដែលសម្តេច នៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹងសុខសន្តិភាព និងស្ថិរភាពរយៈពេលវែងសម្រាប់កម្ពុជា ។
នាឱកាសនោះ ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណសម្តេចតេជោ និងសម្តែងនូវក្តីរីករាយដែលបានជួបសម្តេចសាជាថ្មី បន្ទាប់ពីជំនួបនៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ ។ ឯកឧត្តម បានថ្លែងអំណរគុណសម្តេច ដែលប្រទេសកម្ពុជាកន្លងមក មានគោលជំហរជ្រើសយកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្តចំពោះប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រនានាជាបន្តបន្ទាប់ ។

ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ កិច្ចប្រជុំកំពូលលើកទី១ ស្តីពីសន្តិភាព នៅអ៊ុយក្រែន នៅប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០២៤ និងបច្ចុប្បន្នភាពនៃស្ថានភាពដ៏លំបាកលំបិនដែលអ៊ុយក្រែនកំពុងជួបប្រទះផងដែរ ។
ឯកឧត្តម Oleksandr Gaman បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានជួយ បណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនជាច្រើនលើក ។ ឯកឧត្តម បានបញ្ជាក់ថា អ៊ុយក្រែន អាចនឹងប្រើពេលប្រមាណ១០០ឆ្នាំ ក្នុងការបោសសម្អាតមីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងកម្ពុជា ។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ជំនួបថ្នាក់ដឹកនាំរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសជាមួយសម្តេចតេជោ នាពេលកន្លងមកសបញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងល្អនៃប្រទេសយើងទាំងពីរ ។
ឆ្លៀតក្នុងជំនួបនេះ ឯកឧត្តម សូមពាំនាំការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះសម្តេចតេជោ ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពីសម្តេចបានអញ្ជើញទៅអ៊ុយក្រែន កាលពីឆ្នាំ១៩៨១ ។ ជាកិច្ចឆ្លើយតបសម្តេចតេជោ បានអរគុណ ឯកឧត្តម Oleksandr Gamanចំពោះការវាយតម្លៃរបស់ ឯកឧត្តមអំពីស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែន ។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជាយល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជាជ្រើសយកការគោរពតាមច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះកម្ពុជានឹងមិនផ្លាស់ប្តូរនោះឡើយ ។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជានឹងបន្តយន្តការគាំទ្រ និងបណ្តុះបណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន ។ សម្តេចបានរំលឹកថា សម្តេចបានឆ្លើយតបទៅនឹងឯកឧត្តម ប្រធានសភាអ៊ុយក្រែនថា កម្ពុជាអាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព (រួមទាំងអ្នកដោះមីន) ទៅក្រៅប្រទេសតែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ ។
ក្នុងឋានៈជាមេដឹកនាំកម្ពុជានិងប្រធានអាស៊ាន នាពេលកន្លងមក សម្តេចតេជោ បានបន្តចែករំលែកជាមួយនឹងឯកឧត្តម Oleksandr Gaman នូវបទពិសោធន៍ និងទស្សនៈរបស់សម្តេចលើអភិក្រមយុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និងយុទ្ធសាស្ត្រនៃកិច្ចការចរចាស្វែងរកសន្តិភាពជូនកម្ពុជា ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាពដែលទទួលបានជោគជ័យ ត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ ។
សម្តេច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែននៅក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយសូមទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុងគៀវ នៅឆ្នាំ១៩៨១ ។
ជាថ្មីម្តងទៀត ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និងកម្ពុជា ចំពោះជំហរជាពេលកន្លងមក និងរង់ចាំទទួលទស្សនកិច្ចសម្តេចតេជោ នាពេលខាងមុខនៅអ៊ុយក្រែន ។
នៅចុងបញ្ចប់ សម្តេចតេជោ បានស្នើ ឯកឧត្តម Oleksandr Gaman ពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចជូន ឯកឧត្តម ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភាអ៊ុយក្រែន និងជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្ម និងកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ ៕
ចែករំលែកព័តមាននេះ